មូលនិធិកុមាររបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជាផ្ដល់ឧបករណ៍វេជ្ជសាស្ដ្រដល់កម្ពុជា
កប.អនឡាញ - មូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) ប្រចាំកម្ពុជាបានផ្តល់ឧបករណ៍វេជ្ជសាស្រ្តសម្រាប់ការព្យាបាលដោយអុកស៊ីសែន ដែលមានតម្លៃ ៧ លានដុល្លារអាមេរិកដល់ក្រសួងសុខាភិបាលនៃប្រទេសកម្ពុជា។
ពិធីប្រគល់-ទទួលឧបករណ៍វេជ្ជសាស្រ្តទាំងនេះ ត្រូវបានប្រារព្ធធ្វើទ្បើងនៅថ្ងៃទី១២ ខែមិថុនា នៅឃ្លាំងស្តុករបស់អង្គការស្បៀងអាហារពិភពលោក ដោយមានការចូលរួមពីលោកជំទាវ វេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការប្រចាំការក្រសួងសុខាភិបាលកម្ពុជា លោកបណ្ឌិត វីល ផាកស៍ ប្រធានយូនីសេហ្វប្រចាំកម្ពុជា និងមន្រ្តីនានាមកពីនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងសុខាភិបាលកម្ពុជា។
ឧបករណ៍ដែលជាអំណោយទាំងនេះរួមមាន ឧបករណ៍បង្កើនកម្រិតអុកស៊ីសែន ម៉ូនីទ័រសម្រាប់អ្នកជំងឺ ឧបករណ៍ពិនិត្យកម្រិតអុកស៊ីសែនក្នុងឈាម ឧបករណ៍បញ្ចូលអុកស៊ីសែនក្នុងសួត និងឧបករណ៍សម្រាប់ព្យាបាល ដោយប្រើប្រាស់អុកស៊ីសែនដទៃទៀត ដែលនឹងត្រូវបែងចែកទៅកាន់មណ្ឌលសុខាភិបាលចំនួន ១៣១ កន្លែង ដោយរួមមាន មន្ទីរពេទ្យថ្នាក់ជាតិ ខេត្ត និងស្រុក និងមណ្ឌលសុខភាពនៅទូទាំងប្រទេសនៅប៉ុន្មានសប្តាហ៍ខាងមុខ។
    |
 |
មូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) ប្រចាំកម្ពុជាផ្ដល់ឧបករណ៍វេជ្ជសាស្ដ្រដល់កម្ពុជា (រូបថត៖ unicef.org) |
លោកបណ្ឌិត វីល ផាកស៍ ប្រធានយូនីសេហ្វប្រចាំកម្ពុជា បានមានប្រសាសន៍ថា “ក្នុងអំទ្បុងមានជំងឺរាតត្បាតកូវីដ-១៩ យើងឃើញថា ការទទួលបានឧបករណ៍អុកស៊ីសែន មានភាពមិនស្មើគ្នានៅក្នុងសកលលោក ដែលប៉ះពាល់យ៉ាងខ្លាំងដល់បណ្តាប្រទេសមានប្រាក់ចំណូលទាប និងមធ្យម។ យើងមានមោទនភាពក្នុងការដើរតួនាទីជាផ្នែកមួយនៅក្នុងសកលលោក ដើម្បីដោះស្រាយនូវគម្លាតសមភាពនេះ ស្របពេលដែលយើងកំពុងលើកកម្ពស់សមត្ថភាពរបស់កម្ពុជាលើវិធានការសង្រ្គោះជីវិតសម្រាប់កុមារ និងគ្រួសារពួកគេ។ ជាផ្នែកមួយនៃការស្តារទ្បើងវិញពីជំងឺរាតត្បាត យូនីសេហ្វនៅតែប្តេជ្ញាចិត្តក្នុងការគាំទ្ររាជរដ្ឋាភិបាលកម្ពុជាក្នុងការធានាគុណភាពនិងការទទួលបានដោយសមភាពនៃសេវាសុខភាព ការកាត់បន្ថយបន្ថែមទៀតនូវមរណភាពមាតា និងទារកដើម្បីអាចឲ្យកុមារគ្រប់រូបមានសុខភាពល្អ និងឱកាសប្រសើរជាងមុនក្នុងការសម្រេចនូវសក្តានុពលរបស់ខ្លួន”។
លោកជំទាវ វេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការប្រចាំការក្រសួងសុខាភិបាល បានមានប្រសាសន៍ថា “យើងថ្លែងអំណរគុណដល់យូនីសេហ្វសម្រាប់ការគាំទ្រដ៏មានតម្លៃ ក្នុងការឆ្លើយតបប្រកបដោយប្រសិទ្ធភាពនឹងវិបត្តិជំងឺរាតត្បាតកូវីដ-១៩ និងធានានូវការបន្តផ្តល់សេវាសុខភាពសំខាន់ៗសម្រាប់ស្រ្តីនិងកុមារ ដូចជាការផ្តល់ថ្នាំបង្ការជាប្រចាំ និងសេវាថែទាំសុខភាពមាតា និងទារកជាដើម។ ភាពជាដៃគូរបស់យើងជាមួយយូនីសេហ្វ បានជួយពង្រឹងប្រព័ន្ធថែទាំសុខភាព និងការបណ្តុះបណ្តាលធនធានមនុស្ស។ អំណោយឧបករណ៍វេជ្ជសាស្ត្រអុកស៊ីសែននាថ្ងៃនេះ គឺជាជំហានមួយក្នុងការធ្វើទំនើបកម្មសម្ភារៈបរិក្ខារវេជ្ជសាស្រ្ត និងប្រព័ន្ធតាមដានដែលអាចជួយកាត់បន្ថយអត្រាមរណភាពមាតា ទារក និងកុមារ”។
សម្ភារៈជាអំណោយទាំងនេះ នឹងធានាថា អ្នកជំងឺរួមទាំងកុមារដែលត្រូវការការព្យាបាលដោយប្រើប្រាស់អុកស៊ីសែនទទួលបាននូវការព្យាបាលសង្រ្គោះជីវិតសម្រាប់ជំងឺទាក់ទងនឹងផ្លូវដង្ហើម និងស្ថានភាពដទៃទៀតដូចជាស្ថានភាពខ្វះអុកស៊ីសែនរបស់ទារកទើបកើត៕
បកប្រែដោយ Pham Diep