ផ្សព្វផ្សាយទេសចរណ៍វៀតណាមនៅទីក្រុងធំៗរបស់ចិន
នាយប់ថ្ងៃទី ២១ ខែតុលា នាយកដ្ឋានទេសចរណ៍ជាតិវៀតណាមបានរៀបចំកម្មវិធីផ្សព្វផ្សាយទេសចរណ៍វៀតណាមនៅទីក្រុងប៉េកាំង ដោយមានការចូលរួមពីសហគ្រាសទេសចរណ៍ចំនួន ២៥០ របស់ប្រទេសទាំងពីរ។
ក្នុងសុន្ទរកថាបើក លោក Nguyen Trung Khanh ប្រធាននាយកដ្ឋានទេសចរណ៍ជាតិវៀតណាមបានឲ្យដឹងថា កម្មវិធីផ្សព្វផ្សាយទេសចរណ៍វៀតណាមនៅទីក្រុងប៉េកាំងគឺជាព្រឹត្តិការណ៍ដំបូងក្នុងចំណោមសកម្មភាពផ្សព្វផ្សាយទេសចរណ៍វៀតណាមនៅទីក្រុងធំៗចំនួនបីរបស់ចិន រួមមានទីក្រុងប៉េកាំង ឆុងឈីង និងចេងទូ ក្នុងឱកាសរំលឹកខួបលើកទី ៧៥ នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ចិន និងឆ្នាំផ្លាស់ប្តូរមនុស្សធម៌វៀតណាម-ចិនឆ្នាំ ២០២៥។
    |
 |
នាយប់ថ្ងៃទី ២១ តុលា នាយកដ្ឋានទេសចរណ៍ជាតិវៀតណាមរៀបចំកម្មវិធីផ្សព្វផ្សាយទេសចរណ៍វៀតណាមនៅទីក្រុងប៉េកាំង (រូបថត៖ VOV) |
លោក Nguyen Trung Khanh សង្កត់ធ្ងន់ថា “វត្តមានរបស់យើងនៅរដ្ឋធានីប៉េកាំងថ្ងៃនេះ ក្នុងក្របខ័ណ្ឌកម្មវិធីផ្សព្វផ្សាយទេសចរណ៍វៀតណាមឆ្នាំ ២០២៥ គឺជាសារដ៏រឹងមាំដែលបង្ហាញពីការប្តេជ្ញាចិត្តរួមនៃវិស័យទេសចរណ៍របស់ប្រទេសទាំងពីរ ក្នុងការជំរុញការផ្លាស់ប្តូរ កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព រួមចំណែកពង្រឹងថែមទៀតនូវទំនាក់ទំនងមិត្តភាពជាប្រពៃណី និងអ្នកជិតខាងល្អរវាងប្រជាជននៃប្រទេសទាំងពីរ”។
រីឯខ្លួនវិញ លោក Zhu Yihai អនុប្រធាននាយកដ្ឋានវប្បធម៌និងទេសចរណ៍ទីក្រុងធានជីន ប្រទេសចិន បានសង្កត់ធ្ងន់ថា៖ “នាប៉ុន្មានឆ្នាំកន្លងទៅ ផ្នែកទេសចរណ៍វៀតណាមមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស។ វៀតណាមបានក្លាយទៅជាគោលដៅទេសចរណ៍ដែលទាក់ទាញការយកចិត្តទុកដាក់របស់ភ្ញៀវទេសចរចិន ហើយក៏ជាគោលដៅដ៏ពេញនិយមសម្រាប់ភ្ញៀវទេសចរទីក្រុងធានជីនផងដែរ។ ព្រឹត្តិការណ៍ផ្សព្វផ្សាយរបស់នាយកដ្ឋានទេសចរណ៍ជាតិវៀតណាមនៅទីក្រុងប៉េកាំងមានអត្ថន័យធំធេងក្នុងការជំរុញកិច្ចសហប្រតិបត្តិការនិងការផ្លាស់ប្តូររវាងវិស័យទេសចរណ៍ចិននិងវៀតណាម ក៏ដូចជាពង្រឹងទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រជាជននៃប្រទេសទាំងពីរផងដែរ”។
នាប៉ុន្មានឆ្នាំកន្លងទៅ ចិនគឺជាទីផ្សារជួរមុខសម្រាប់វិស័យទេសចរណ៍វៀតណាម ដោយទទួលបានភ្ញៀវទេសចរជាង ៥.៨ លាននាក់ក្នុងមួយឆ្នាំ ស្មើនឹងប្រហែល ៣០% នៃចំនួនភ្ញៀវអន្តរជាតិសរុបមកកាន់វៀតណាម។ គិតត្រឹមខែកញ្ញា ឆ្នាំ ២០២៥ វៀតណាមបានស្វាគមន៍ភ្ញៀវទេសចរចិនជិត ៣.៩ លាននាក់ កើនឡើងជាង ៤៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
វៀតណាមក៏ជាទីផ្សារមួយក្នុងចំណោមទីផ្សារបរទេសធំជាងគេទាំង ៥ ដែលបញ្ជូនភ្ញៀវទេសចរទៅកាន់ប្រទេសចិន ជាពិសេសដំណើរទេសចរណ៍រយៈពេលខ្លី ទេសចរណ៍វប្បធម៌-ម្ហូបអាហារ និងការទិញទំនិញ៕
តាម vovworld.vn