ក្នុងដំណាក់កាល ២០២០-២០២៥ ផ្នែកទេសចរណ៍ទីក្រុងហូជីមិញបានបន្តផ្លាស់ប្តូរថ្មី លើកកម្ពស់គុណភាពផលិតផលស្តង់ដារសេវាកម្ម និងអភិវឌ្ឍម៉ាកយីហោទីក្រុងទេសចរណ៍ តាមរយៈនេះទទួលបានពានរង្វាន់អន្តរជាតិជាច្រើន។ ទីក្រុងនេះក៏រៀបចំព្រឹត្តិការណ៍អន្តរជាតិជាច្រើន ដូចជាមហាសន្និបាតនៃអង្គការជម្រុញទេសចរណ៍សម្រាប់ទីក្រុងសកល (TPO) ឬសន្និសីទតុមូលនៃទីក្រុងដៃគូអាជីវកម្ម។
ជាមួយនឹងតួនាទីរបស់ខ្លួននៅលើផែនទីទេសចរណ៍អន្តរជាតិ ទីក្រុងហូជីមិញនឹងមានមូលដ្ឋានគ្រឹះដ៏រឹងមាំដើម្បីអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍទេសចរណ៍ក្នុងដំណាក់កាលថ្មី។
បញ្ជាក់ពីម៉ាកយីហោទីក្រុងទេសចរណ៍
ទេសចរណ៍គឺជាវិស័យសេដ្ឋកិច្ចដ៏សំខាន់មួយ ដែលត្រូវបានកំណត់ថាជាសសរស្តម្ភអភិវឌ្ឍន៍ដ៏សំខាន់របស់ទីក្រុងហូជីមិញ។ ដើម្បីពង្រឹងម៉ាកយីហោជា "ទីក្រុងទេសចរណ៍" ផ្នែកទេសចរណ៍របស់ទីក្រុងបានកសាងឡើងវិញនូវផលិតផលរបស់ខ្លួន ដោយផ្តោតលើការបង្កើតដំណើរទេសចរណ៍ថ្មី និងការធ្វើឱ្យប្រសើរឡើងដំណើរទេសចរណ៍ដែលមានស្រាប់។
    |
 |
ភ្ញៀវទេសចរអន្តរជាតិមកទស្សនានិងទិញទំនិញនៅផ្សារ Ben Thanh (រូបថត៖ vnanet.vn) |
ក្នុងដំណាក់កាល ២០២០-២០២៥ ដំណោះស្រាយលេចធ្លោមួយគឺរៀបចំព្រឹត្តិការណ៍ទេសចរណ៍ពិសេសជាច្រើន និងដើរតួនាទីក្នុងការតភ្ជាប់ទេសចរណ៍វៀតណាមជាមួយទីផ្សារអន្តរជាតិ និងតំបន់។ ជាពិសេស ពិធីបុណ្យទន្លេទីក្រុងហូជីមិញឆ្នាំ២០២៤ បានឈ្នះពានរង្វាន់មាសចំនួន ២ គ្រឿង ក្នុងពានរង្វាន់ International Business Awards (IBA) លើកទី ២២ នៅឆ្នាំ២០២៥ ដែលប្រារព្ធឡើងនៅប្រទេសព័រទុយហ្គាល់ ដែលជាពានរង្វាន់ដ៏មានកិត្យានុភាពឈានមុខគេលើពិភពលោកនៃប្រព័ន្ធ Stevie Awards របស់សហរដ្ឋអាមេរិក។ នេះជាព្រឹត្តិការណ៍ពិសេសមួយ ដែលបញ្ជាក់ពីតួនាទី និងឥទ្ធិពលនៃផ្នែកទេសចរណ៍របស់ទីក្រុងលើឆាកអន្តរជាតិ។
ទីក្រុងហូជីមិញក៏ទទួលបានពានរង្វាន់ទីផ្សារទេសចរណ៍ TPO Best Awards 2025 ក្នុងក្របខ័ណ្ឌនៃមហាសន្និបាតលើកទី១២ នៃអង្គការជំរុញទេសចរណ៍សម្រាប់ទីក្រុងសកល (TPO 2025) ឆ្នាំ២០២៥ ជាមួយនឹងយុទ្ធនាការ "Find Your Vibes"។
ការឈ្នះពានរង្វាន់ដ៏មានកិត្យានុភាពនេះ បានបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងក្នុងការច្នៃប្រឌិត សហការដើម្បីផ្សព្វផ្សាយ និងលើកកំពស់តួនាទីជាទីក្រុងទំនើប និងពោរពេញទៅដោយអត្តសញ្ញាណនៅលើផែនទីទេសចរណ៍អន្តរជាតិ។
គោលដៅទេសចរណ៍ឈានមុខគេរបស់អាស៊ី
យោងតាមលោក Le Truong Hien Hoa នាយករងមន្ទីរទេសចរណ៍ទីក្រុងហូជីមិញ ទីក្រុងមិនត្រឹមតែរៀបចំសកម្មភាពទ្រង់ទ្រាយធំប៉ុណ្ណោះទេ ថែមទាំងផ្សព្វផ្សាយផលិតផល សេវាកម្មថ្មីៗ និងរូបភាពនៃទីក្រុងទំនើប មិត្តភាព និងពោរពេញទៅដោយអត្តសញ្ញាណដល់មិត្តអន្តរជាតិ។
ទន្ទឹមនឹងនោះ មន្ទីរទេសចរណ៍ទីក្រុងក៏បានសហការជាមួយមូលដ្ឋាននានានៅទូទាំងប្រទេស ដើម្បីផ្សព្វផ្សាយពីលក្ខណៈពិសេស សក្តានុពល និងផលិតផលទេសចរណ៍ថ្មីនៃតំបន់នីមួយៗទៅដល់សហគមន៍អន្តរជាតិ បញ្ជូនសារនៃផ្នែកទេសចរណ៍វៀតណាម ពីយន្តការ គោលនយោបាយ ដល់និន្នាការអភិវឌ្ឍន៍ប្រកបដោយចីរភាព ហើយបង្ហាញពីស្មារតីនៃកិច្ចសហប្រតិបត្តិការ ការបើកចំហ និងឆន្ទៈក្នុងការរួមដំណើរ និងស្វាគមន៍អន្តរជាតិ។
ផ្ទុយទៅវិញ ព្រឹត្តិការណ៍ទេសចរណ៍អន្តរជាតិដែលបានប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅទីក្រុងហូជីមិញក៏ជាឱកាសសំខាន់សម្រាប់ធុរកិច្ច សាជីវកម្ម និងអ្នកវិនិយោគអន្តរជាតិមកវៀតណាមផងដែរ។
ជាមួយនឹងយុទ្ធសាស្ត្រទាក់ទាញការវិនិយោគ ដើម្បីអភិវឌ្ឍគោលដៅទេសចរណ៍ឈានមុខគេនៅអាស៊ី តាមរយៈធ្វើឲ្យសម្បូរបែបនូវផលិតផលប្រកបដោយគុណភាពខ្ពស់ ពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌ប្រពៃណី អភិវឌ្ឍវិស័យទេសចរណ៍ រួមជាមួយនឹងព្រឹត្តិការណ៍ពិព័រណ៍អន្តរជាតិ...
ទីក្រុងហូជីមិញកំពុងឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មី ដែលមិនធ្លាប់មានពីមុនមកក្នុងប្រវត្តិសាស្ត្រនៃការអភិវឌ្ឍទីក្រុង ដោយមានចក្ខុវិស័យថ្មីថាជា “ទីក្រុងធំអន្តរជាតិ" នៃអាស៊ីអាគ្នេយ៍ក្នុងចំណោមទីក្រុងចំនួន ១០០ ដែលគួររស់នៅនៅលើពិភពលោក៕
បកប្រែដោយ Thuy Anh