ទាំងនេះគឺជាសកម្មភាពដំបូងគេក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៧ និងសន្និសីទពាក់ព័ន្ធ។ លោក Do Hung Viet អនុរដ្ឋមន្ត្រីក្រសួងការបរទេស ប្រធាន SOM អាស៊ានរបស់វៀតណាមបានដឹកនាំគណៈប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំនេះ។

ក្នុងសកម្មភាពដំបូងនៃកិច្ចប្រជុំនេះ បណ្តាប្រទេសបានចំណាយពេលស្ងាត់មួយនាទីដើម្បីរំលឹកដល់លោក Nguyen Phu Trong អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម។ រដ្ឋមន្ត្រីការបរទេសនៃបណ្តាប្រទេសអាស៊ាន និងអគ្គលេខាធិការអាស៊ានបានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះរដ្ឋាភិបាល ប្រជាជនវៀតណាម និងក្រុមគ្រួសារសពរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong ចំពោះការបាត់បង់ដ៏ធំធេងនេះ ព្រមទាំងសម្តែងនូវការកោតសរសើរ និងគោរពចំពោះឆាកជីវិត អាជីព និងការលះបង់ដ៏ធំធេងរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong ចំពោះបុព្វហេតុកសាង និងអភិវឌ្ឍប្រទេស រួមចំណែកជំរុញចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងនៅលើពិភពលោក។

leftcenterrightdel
ប្រតិភូចូលរួមកិច្ចប្រជុំ (រូបថត៖ ក្រសួងការបរទេស)

តាងនាមគណៈប្រតិភូវៀតណាម លោកអនុរដ្ឋមន្ត្រី Do Hung Viet បានថ្លែងអំណរគុណចំពោះប្រទេសនានាដែលបានចូលរួមរំលែកទុក្ខ និងផ្តល់មនោសញ្ចេតនាដ៏ស្មោះស្ម័គ្រចំពោះរដ្ឋាភិបាល និងប្រជាជនវៀតណាម។

នៅក្នុងកិច្ចប្រជុំគណៈកម្មការ SEANWFZ បណ្តាប្រទេស បានអះអាងពីសារៈសំខាន់នៃសន្ធិសញ្ញា SEANWFZ សម្រាប់សន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់ ហើយឯកភាពគ្នាក្នុងការខិតខំប្រឹងប្រែងអនុវត្តឱ្យបានទូលំទូលាយនូវផែនការសកម្មភាពនៃសន្ធិសញ្ញាដំណាក់កាលឆ្នាំ ២០២៣-២០២៧។ នៅក្នុងកិច្ចសន្ទនាជាមួយតំណាង AICHR បណ្តាប្រទេសបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ AICHR ក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើសិទ្ធិមនុស្ស ព្រមទាំងស្នើឱ្យ AICHR សម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយភ្នាក់ងារឯកទេសក្នុងការបង្កើតយុទ្ធសាស្រ្តដើម្បីអនុវត្តចក្ខុវិស័យសហគមន៍អាស៊ានដល់ឆ្នាំ ២០៤៥ ដោយរួមបញ្ចូលខ្លឹមសារប្រកបដោយប្រសិទ្ធភាពដើម្បីជំរុញ និងធានាសិទ្ធិមនុស្សលើសសរស្តម្ភសហគមន៍ទាំងបី៕

បកប្រែដោយ Thanh Cong