ពង្រឹងសមត្ថភាព និងភាពធន់របស់អាស៊ានក្នុង ADMM+
កប.អនឡាញ - នាព្រឹកថ្ងៃទី៣ ខែតុលា នៅទីក្រុង Hue ខេត្ត Thua Thien Hue ភាគកណ្តាលវៀតណាម បានប្រព្រឹត្ដិទៅពិធីបើកសិក្ខាសាលានៃប៉ុស្តិ៍លេខ ២ នៃបណ្តាញវិទ្យាស្ថានការពារជាតិនិងសន្តិសុខអាស៊ាន (NADI) ក្រោមអធិបតីភាពរបស់លោកឧត្តមសេនីយ៍ត្រី សាស្ត្រាចារ្យរង បណ្ឌិត Vu Cuong Quyet នាយកវិទ្យាស្ថានយុទ្ធសាស្ត្រការពារជាតិ។
ក្រោមប្រធានបទ “ពង្រឹងសមត្ថភាព និងភាពធន់ក្នុង ADMM+ ក្នុងបរិបទនៃការប្រែប្រួលភូមិសាស្ត្រនយោបាយសកល” សិក្ខាសាលាបានប្រព្រឹត្តទៅនៅថ្ងៃទី ៣ និងទី ៤ ខែតុលា ក្រោមការចូលរួមពីប្រតិភូមកពីទីភ្នាក់ងារស្រាវជ្រាវការពារជាតិ និងសន្តិសុខនៃបណ្តាប្រទេសអាស៊ាន។
    |
 |
លោកឧត្តមសេនីយ៍ត្រី Vu Cuong Quyet ថ្លែងក្នុងពិធីបើក |
ថ្លែងមតិក្នុងពិធីបើក លោក Vu Cuong Quyet បានបញ្ជាក់ថា ក្នុងរយៈពេល ១៣ ឆ្នាំកន្លងមក កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិក្នុងក្របខ័ណ្ឌ ADMM+ ត្រូវបានលើកកម្ពស់ និងសម្រេចបានលទ្ធផលជាវិជ្ជមានលើវិស័យទាំង ៧ (ជំនួយមនុស្សធម៌ និងសង្គ្រោះគ្រោះមហន្តរាយ សន្តិសុខដែនសមុទ្រ ពេទ្យយោធា ការប្រឆាំងភេរវកម្ម ប្រតិបត្តិការរក្សាសន្តិភាព សកម្មភាពបោសសម្អាតមីនមនុស្សធម៌ សន្តិសុខតាមអ៊ីនធឺណិត) គឺជាកម្លាំងចលករជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរបស់អាស៊ានឱ្យកាន់តែរឹងមាំថែមទៀត ដែលភ្ជាប់ការរួមផ្សំកម្លាំងទាំងក្នុង និងក្រៅតំបន់ ដើម្បីរក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់។
ទោះជាយ៉ាងណាក៏ដោយ ក្រៅពីគុណសម្បត្តិ និងលទ្ធផលដែលសម្រេចបាន កិច្ចសហប្រតិបត្តិការរបស់អាស៊ានក្នុង ADMM+ ក៏កំពុងប្រឈមមុខនឹងការលំបាក និងបញ្ហាប្រឈមជាច្រើន ដោយសារឥទ្ធិពលនៃការប្រែប្រួលភូមិសាស្ត្រនយោបាយពិភពលោក និងតំបន់។
ចាប់តាំងពីបង្កើតឡើងមក (ក្នុងឆ្នាំ ២០០៧) NADI បានលើកកម្ពស់តួនាទីរបស់ខ្លួនជាវេទិកាប្រឹក្សាសម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM) ស្តីពីបញ្ហាការពារជាតិ និងសន្តិសុខក្នុងតំបន់ ព្រមទាំងស្នើគោលនយោបាយ និងដំណោះស្រាយដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខក្នុងអាស៊ាន និងរវាងអាស៊ាននិងដៃគូខាងក្រៅ។
សិក្ខាសាលានេះមានវគ្គពិភាក្សាចំនួន ៣ រួមមាន៖ ការប្រែប្រួលភូមិសាស្ត្រនយោបាយពិភពលោក និងតំបន់ និងបញ្ហាប្រឈមសម្រាប់អាស៊ាន ឥទ្ធិពលនៃស្ថានភាពពិភពលោក និងតំបន់លើ ADMM+ និងតួនាទីជាមជ្ឈភាពរបស់អាស៊ាន ភាពចាំបាច់ និងដំណោះស្រាយដើម្បីពង្រឹងសមត្ថភាព និងភាពធន់របស់អាស៊ានក្នុង ADMM+៕
បកប្រែដោយ Huyen Trang