នៅកិច្ចប្រជុំ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលដែលអាស៊ាន និងជប៉ុនសម្រេចបានក្នុងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ នយោបាយ សេដ្ឋកិច្ច និងវប្បធម៌ សង្គម។

leftcenterrightdel
តំណាងបណ្តាប្រទេសនៃគណៈកម្មាធិការសហប្រតិបត្តិការរួមអាស៊ាន - ជប៉ុន (AJJCC) (រូបថត៖ vnanet.vn)

នាបច្ចុប្បន្ននេះ ជប៉ុនគឺជាដៃគូពាណិជ្ជកម្មធំទី ៤ របស់អាស៊ាន ជាមួយនឹងទំហំពាណិជ្ជកម្មទ្វេភាគីនៅឆ្នាំ ២០១៨ សម្រេចបាន ២៣១.៧ ពាន់លានដុល្លារអាមេរិក។ ដោយមានដើមទុនវិនិយោគចំនួន ២១ ពាន់លានដុល្លារនៅឆ្នាំ ២០១៨ ជប៉ុនគឺជាអ្នកវិនិយោគផ្ទាល់ពីបរទេសធំទី ៣ របស់អាស៊ាន។

ទាក់ទងនឹងទិសដៅនៃកិច្ចសហប្រតិបត្តិការ ភាគីទាំងពីរបានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តអាស៊ាន - ជប៉ុន ដោយអនុវត្តសេចក្តីថ្លែងការណ៍រួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ប្រកបដោយប្រសិទ្ធភាព។ អាស៊ាន និងជប៉ុននឹងផ្តល់អាទិភាពទៅលើការជំរុញកិច្ចសហប្រតិបត្តិការលើការតភ្ជាប់ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ តាមរយៈការអនុវត្តភាពជាដៃគូដឹកជញ្ជូនអាស៊ាន - ជប៉ុន (AJTP)។ អាទិភាពផ្សេងៗទៀតរួមមានការចរចាស្តីពីកិច្ចព្រមព្រៀងសេវាកម្មអាកាសចរណ៍អាស៊ាន - ជប៉ុន និងការបង្កើតការតភ្ជាប់រវាងការអនុវត្តគំនិតផ្តួចផ្តើមរបស់ជប៉ុនស្តីពីភាពជាដៃគូបើកចំហហេដ្ឋារចនាសម្ព័ន្ធដែលមានគុណភាពខ្ពស់ និងផែនការមេស្តីពីការតភ្ជាប់អាស៊ាន ២០២៥ (MPAC ២០២៥)។

ភាគីទាំងពីរក៏នឹងផ្តោតលើការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវសកម្មភាពក្នុងផែនការកែសម្រួលឆ្នាំ ២០១៧ ដើម្បីអនុវត្តសេចក្តីថ្លែងការណ៍ស្តីពីចក្ខុវិស័យអាស៊ាន - ជប៉ុន និងដំណើរការយុទ្ធសាស្ត្រស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងរយៈពេល ១០ ឆ្នាំ។ ប្រទេសទាំងឡាយក៏បានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការបំពេញនីតិវិធីសម្រាប់ពិធីសារទី ១ ដើម្បីធ្វើវិសោធនកម្មកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយអាស៊ាន - ជប៉ុន ចូលជាធរមាន រួមចំណែកបង្កើនការវិនិយោគ និងពាណិជ្ជកម្មក្នុងសេវាកម្មទ្វេភាគីក៏ដូចជាជំរុញការចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (RCEP) នៅឆ្នាំ ២០២០។

ជប៉ុនបានវាយតម្លៃខ្ពស់ និងគាំទ្រចំពោះអាទិភាពរបស់វៀតណាមក្នុងឆ្នាំជាប្រធានអាស៊ាន ២០២០ ក៏ដូចជាសង្កត់ធ្ងន់លើការអនុវត្តទិសដៅទាំង ៣ សម្រាប់ការអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន - ជប៉ុន ស្តីពី“ការអភិវឌ្ឍធនធានមនុស្ស” "ការកសាងនីតិរដ្ឋ" និង "ការប្រមូលផ្តុំបញ្ញា"៕

បកប្រែដោយ Huyen Trang