អ៊ីស្រាអែលបន្តវាយប្រហារលើអ៊ីរ៉ង់
កងកម្លាំងការពារអ៊ីស្រាអែល(IDF) នាយប់ថ្ងៃទី ១១ មិថុនា បានប្រកាសថា យន្តហោះចម្បាំងរបស់កងទ័ពអាកាសអ៊ីស្រាអែល ទើបបានធ្វើការវាយឆ្មក់លើមូលដ្ឋានយោធាអ៊ីរ៉ង់នៅក្នុងរដ្ឋធានី Tehran និងភាគខាងលិចនៃប្រទេសនេះ។ ក្នុងនោះ ការវាយប្រហារតាមផ្លូវអាកាសលើទីក្រុង Kermanshah ភាគខាងលិចប្រទេសអ៊ីរ៉ង់ បានបំផ្លាញប្រព័ន្ធរ៉ាដារបស់កងទ័ពអាកាសអ៊ីរ៉ង់។
ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ក៏បានរាយការណ៍ថា ប្រព័ន្ធការពារដែនអាកាសរបស់ប្រទេសនេះត្រូវបានដាក់ពង្រាយដើម្បីស្ទាក់ចាប់អាវុធរបស់អ៊ីស្រាអែលនៅក្នុងតំបន់ Isfahan Bushehr Ahvaz និង Yazd។ ការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែលបានបំផ្លាញផ្ទះសម្បេងជាង១២០ខ្នង និងផ្ទះ ៥០០ខ្នង រងការខូចខាតយ៉ាងធ្ងន់ធ្ងរ។
ទាក់ទិននឹងការឆ្លើយតបរបស់អ៊ីរ៉ង់ចំពោះការវាយប្រហារតាមផ្លូវអាកាសរបស់អាមេរិកលើទីតាំងនុយក្លេអ៊ែរចំនួនបីគឺ Natanz Fordow និង Isfahan ប្រធានាធិបតីអ៊ីរ៉ង់លោក Masoud Pezeshkian បានបញ្ជាក់ថា អ៊ីរ៉ង់នឹងឆ្លើយតប។ ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានសង្កត់ធ្ងន់ថា បន្ទាប់ពីប្រតិបត្តិការយោធារបស់អាមេរិក សំដៅលើទីតាំងនុយក្លេអ៊ែររបស់ប្រទេសនេះ ការទូតលែងជាជម្រើសដែលអាចសម្រេចបានទៀតហើយ។
នាថ្ងៃដដែល ក្រុមប្រឹក្សាសន្តិសុខអ.ស.ប បានបើកកិច្ចប្រជុំបន្ទាន់ដើម្បីពិភាក្សាលើស្ថានភាពកាន់តែតានតឹងរវាងអ៊ីរ៉ង់និងអ៊ីស្រាអែល ក៏ដូចជាកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ផងដែរ។ ថ្លែងនៅទីនេះ អគ្គលេខាធិការអ.ស.ប លោក Antonio Guterres ព្រមានថា ការវាយប្រហារតាមផ្លូវអាកាសរបស់អាមេរិកលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់បានកត់សម្គាល់ចំណុចរបត់ដ៏គ្រោះថ្នាក់នៅក្នុងតំបន់ ហើយបានថ្កោលទោសចំពោះការឡើងជណ្ដើរផ្នែកយោធានៅមជ្ឈិមបូព៌ា៕
តាម vovworld.vn