របាយការណ៍ "យថាទស្សន៍ពាណិជ្ជកម្មសកល និងតួរលេខ" របស់ WTO ព្យាករណ៍ថា ពាណិជ្ជកម្មទំនិញសកលនឹងធ្លាក់ចុះ ០,២% នៅឆ្នាំនេះ ដែលជាការធ្លាក់ចុះយ៉ាងខ្លាំង បើធៀបនឹងការព្យាករណ៍កំណើន ៣% ក្នុងខែតុលាឆ្នាំ ២០២៤។

ការធ្លាក់ចុះយ៉ាងខ្លាំង

មូលហេតុសំខាន់បំផុតសម្រាប់ការវាយតម្លៃប្រកបដោយទុទិដ្ឋិនិយមរបស់ WTO គឺគោលនយោបាយពន្ធគយថ្មីរបស់សហរដ្ឋអាមេរិក នៅពេលដែលរដ្ឋាភិបាលសហរដ្ឋអាមេរិកកាលពីខែមីនា បានចាប់ផ្តើម "សង្គ្រាមពន្ធគយ" ដោយបានដំឡើងពន្ធ ១០% លើទំនិញនាំចូលពីទូទាំងពិភពលោក រួមជាមួយនឹងអត្រាពន្ធគយ ២៥% លើដែកថែប អាលុយមីញ៉ូម និងរថយន្ត។ ធ្ងន់ធ្ងរជាងនេះទៅទៀត ពន្ធគយបដិមាដែលអាមេរិកអនុវត្តន៍ចំពោះខឿនសេដ្ឋកិច្ចជាង ១៨០ ចាប់ពី ១០-៣៩% នៅតែមានលទ្ធភាពចូលជាធរមាន បើទោះបីជាប្រធានាធិបតីអាមេរិកលោក Donald Trump កំពុងផ្អាកការដំឡើងពន្ធទាំងនេះ រយៈពេល ៩០ ថ្ងៃសម្រាប់ការចរចាក៏ដោយ។ ជាពិសេស ភាពតានតឹងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន ដែលជាខឿនសេដ្ឋកិច្ចធំជាងគេបំផុតទាំងពីររបស់ពិភពលោក កំពុងតែកើនឡើងដល់កម្រិតដែលមិនអាចត្រូវរូវគ្នាបានទេ នៅពេលដែលភាគីទាំងពីរបានដំឡើងពន្ធក្នុងអត្រា "មិនអាចនឹកស្មានដល់" លើទំនិញរបស់គ្នាទៅវិញទៅមក។

leftcenterrightdel
WTO ព្រមានពីផលវិបាកដែលអាចកើតមាន នៅពេលដែលខឿនសេដ្ឋកិច្ចធំជាងគេទាំងពីររបស់ពិភពលោក បន្តដំឡើងពន្ធលើគ្នាទៅវិញទៅមក។ រូបភាព៖ រ៉យទ័រ

ក្នុងបរិបទនោះ WTO បានចាត់ទុកថា ប្រសិនបើលោក Donald Trump បានដំឡើងពន្ធបន្ថែមដូចដែលបានគ្រោងទុកនោះ កំណើនពាណិជ្ជកម្មទំនិញនឹងធ្លាក់ចុះ ០,៦% ជាមួយនឹងការថយចុះ ០,៨%បន្ថែមទៀត ដោយសារតែផលប៉ះពាល់លើសពីវិស័យពាណិជ្ជកម្ម ទាក់ទងនឹងសហរដ្ឋអាមេរិក។ សេណារីយ៉ូនេះនឹងបណ្តាលឱ្យមានការធ្លាក់ចុះ ១,៥% ដែលជាកម្រិតធ្លាក់ចុះខ្ពស់បំផុតចាប់តាំងពីឆ្នាំ ២០២០មក។ ការផ្អាកការដំឡើងពន្ធរយៈពេល ៩០ ថ្ងៃរបស់រដ្ឋបាលសហរដ្ឋអាមេរិកក៏មិនអាចបន្ធូរបន្ថយការព្រួយបារម្ភចំពោះពាណិជ្ជកម្មសកលបានឡើយ។ លោកស្រី Pamela Coke-Hamilton នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ (ITC) របស់អង្គការសហប្រជាជាតិបានវាយតម្លៃថា៖   “ការផ្អាកការដំឡើងពន្ធ រយៈពេល ៩០ ថ្ងៃ មិននាំមកនូវស្ថិរភាពនៅឡើយទេ។ មិនថាកាលបរិច្ឆេទនេះត្រូវបានពន្យាពេលបន្តដែរឬទេ ការពិតនាពេលបច្ចុប្បន្ននេះ គឺគ្មានស្ថេរភាពនិងគ្មានអ្វីដែលអាចព្យាករណ៍បានទេ ប្រការនេះនឹងជះឥទ្ធិពលដល់ពាណិជ្ជកម្ម ក៏ដូចជាការសម្រេចចិត្តជាក់ស្តែងរបស់សហគ្រាស”។

មិនត្រឹមតែពាណិជ្ជកម្មសកលទំនិញធ្លាក់ចុះប៉ុណ្ណោះទេ ពាណិជ្ជកម្មសេវាកម្មក៏នឹងរងផលប៉ះពាល់យ៉ាងខ្លាំងផងដែរ។ WTO បានព្យាករណ៍ថា ពាណិជ្ជកម្មសេវាកម្មនឹងកើនឡើង ៤% នៅឆ្នាំនេះ និង ៤,១% ក្នុងឆ្នាំ ២០២៦ ដែលទាបជាងការព្យាករណ៍ ៥,១% និង ៤,៨% កាលពីមុន។ លោក Ralph Ossa ប្រធានសេដ្ឋវិទូនៃ WTO បានធ្វើអត្ថាធិប្បាយថា៖  “ពាណិជ្ជកម្មសេវាកម្ម បើទោះបីមិនរងផលប៉ះពាល់ដោយផ្ទាល់ពីអត្រាពន្ធក៏ដោយ ក៏នឹងរងផលប៉ះពាល់ផងដែរ។ ការធ្លាក់ចុះនៃពាណិជ្ជកម្មទំនិញនឹងកាត់បន្ថយតម្រូវការសម្រាប់សេវាកម្មពាក់ព័ន្ធដូចជាការដឹកជញ្ជូន ឡូជីស្ទិក ខណៈដែលអស្ថេរភាពកាន់តែធំនៃផ្ទាំងគំនូរសេដ្ឋកិច្ច នឹងកាត់បន្ថយតម្រូវការទេសចរណ៍ ក៏ដូចជាសេវាកម្មពាក់ពន្ធនឹងការវិនិយោគ”។

leftcenterrightdel
លោក Ralph Ossa ប្រធានសេដ្ឋវិទូនៃ WTO ។ រូបថត៖ wto.org

សេណារីយ៉ូអាក្រក់បំផុតមិនត្រឹមតែប៉ុណ្ណោះទេ។ យោងតាមអគ្គនាយក WTO លោកស្រី Ngozi Okonjo-Iweala ការព្រួយបារម្ភធំបំផុតរបស់ WTO គឺថាសេដ្ឋកិច្ចចិន និងសហរដ្ឋអាមេរិកកំពុងបំបែកពីគ្នា។ នៅក្នុងសេណារីយ៉ូនេះ GDP សកលអាចធ្លាក់ចុះ ៧% ក្នុងរយៈពេលវែង។

ការព្រួយបារម្ភចំពោះសេដ្ឋកិច្ចអាមេរិក

សម្រាប់សហរដ្ឋអាមេរិកជាភាគីដែលបានចាប់ផ្តើមសង្រ្គាមពន្ធគយ ក្តីបារម្ភចំពោះខឿនសេដ្ឋកិច្ចក៏ចាប់ផ្តើមបង្ហាញសញ្ញានៃការកើនឡើងផងដែរ។ ថ្លែងកាលពីថ្ងៃទី ១៦ ខែមេសា នៅក្លឹបសេដ្ឋកិច្ចនៃទីក្រុង Chicago ប្រធានធនាគារកណ្តាលអាមេរិក (Fed) លោក Jerome Powell បានអត្ថាធិប្បាយថា៖  “រដ្ឋបាលអាមេរិកបច្ចុប្បន្ន កំពុងអនុវត្តន៍ការផ្លាស់ប្តូរគោលនយោបាយសំខាន់ៗ ជាពិសេសផ្តោតលើពាណិជ្ជកម្ម ហើយឥទ្ធិពលនៃការផ្លាស់ប្តូរទាំងនេះអាចនឹងធ្វើឱ្យយើងងាកចេញពីគោលដៅដែលបានកំណត់។ ភាពអត់ការងារធ្វើនឹងកើនឡើងនៅពេលដែលសេដ្ឋកិច្ចអាមេរិកបន្ថយល្បឿនកំណើន អតិផរណាអាចកើនឡើងនៅពេលដែលអត្រាពន្ធថ្មីចូលជាធរមាន ហើយនឹងប៉ះពាល់ដល់ប្រាក់ចំណូលរបស់ប្រជាជន”។

ទោះជាយ៉ាងណាក៏ដោយ ប្រធានធនាគារកណ្តាលអាមេរិក លោក Jerome Powell បានឲ្យដឹងថា នៅពេលនេះ Fed នឹងមិនកែសម្រួលគោលនយោបាយនោះទេ ប៉ុន្តែត្រូវការទិន្នន័យបន្ថែមទៀតដើម្បីកំណត់យ៉ាងច្បាស់ពីផលប៉ះពាល់នៃគោលនយោបាយថ្មីចំពោះខឿនសេដ្ឋកិច្ច។

ការអត្ថាធិប្បាយរបស់ប្រមុខ Fed ត្រូវបានចាត់ទុកជាការព្រមានដ៏ធំបំផុតនៅក្នុងសហរដ្ឋអាមេរិក ចំពោះគោលនយោបាយពន្ធរបស់រដ្ឋបាលលោក Donald Trump ។ បើយោងតាមលោក David Russell អ្នកយុទ្ធសាស្រ្តទីផ្សារសកលនៅ TradeStation  នេះក៏ជាសេចក្តីប្រកាសថា Fed នឹងមិនកាត់បន្ថយអត្រាការប្រាក់ តាមការអំពាវនាវរបស់សេតវិមាននោះទេ។

មជ្ឈដ្ឋានអ្នកសង្កេតការណ៍ឲ្យដឹងថា ស្ថានភាពបច្ចុប្បន្នអាចធ្វើឲ្យទំនាក់ទំនងរវាងរដ្ឋបាលរបស់ លោក Trump ជាមួយ Fed ដែលជាទីភ្នាក់ងារឯករាជ្យរបស់រដ្ឋាភិបាល កាន់តែមានភាពតានតឹងជាង៕

តាម vovworld.vn