អធិការបតីអាល្លឺម៉ង់មកទីក្រុងគៀវ ដោយប្រកាសជំនួយយោធាថ្មីដល់អ៊ុយក្រែន
អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz នៅថ្ងៃទី ២ ខែធ្នូ នេះ បានទៅបំពេញទស្សនកិច្ចនៅអ៊ុយក្រែន ដើម្បីបញ្ជាក់ឡើងវិញនូវការគាំទ្រដ៏រឹងមាំរបស់ទីក្រុងប៊ែរឡាំងចំពោះទីក្រុងគៀវ។
នៅលើបណ្តាញសង្គម X លោក Scholz បានប្រកាសថា លោកបានមកដល់ទីក្រុងគៀវដោយរថភ្លើង។ បើតាមលោក ដំណើរទស្សនកិច្ចលើកនេះគឺមានបំណងបង្ហាញពីសាមគ្គីភាពជាមួយក្រុងគៀវ ហើយថា អាល្លឺម៉ង់នឹងនៅតែជាប្រទេសអឺរ៉ុបដែលគាំទ្រអ៊ុយក្រែនខ្លាំងជាងគេ។
អធិការបតីអាល្លឺម៉ង់បានឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ចរបស់លោក លោកនឹងជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky និងប្រកាសកញ្ចប់ជំនួយគ្រោងនឹងប្រគល់ក្នុងខែធ្នូ។
|
|
អធិការបតីអាល្លឺម៉ង់មកទីក្រុងគៀវ ដោយប្រកាសជំនួយយោធាថ្មីដល់អ៊ុយក្រែន (vnanet.vn) |
ដំណើរទស្សនកិច្ចនេះកើតឡើងចំពេលមានភាពមិនច្បាស់លាស់អំពីគោលនយោបាយរបស់សហរដ្ឋអាមេរិកចំពោះអ៊ុយក្រែននៅពេលដែលប្រធានាធិបតីជាប់ឆ្នោត Donald Trump ចូលកាន់តំណែងនៅដើមឆ្នាំក្រោយ។
មុននេះ កាលពីថ្ងៃទី ១៥ ខែវិច្ឆិកា អធិការបតីអាល្លឺម៉ង់ Scholz បានសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។ អ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់បានឲ្យដឹងថា ក្នុងអំឡុងពេលការសន្ទនាតាមទូរស័ព្ទនេះ អធិការបតី Scholz បានអំពាវនាវឱ្យរុស្ស៊ីធ្វើការចរចាជាមួយអ៊ុយក្រែន ដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែង ហើយបានអះអាងថា ទីក្រុងប៊ែរឡាំងនៅតែត្រៀមខ្លួនជាស្រេចដើម្បីគាំទ្រទីក្រុងគៀវ៕
តាម vovworld.vn