តាមរយៈសុន្ទរកថាមានរយៈពេលប្រមាណ១៥នាទី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជានឹងបន្ដដើរលើមាគ៌ានយោបាយការបរទេសឯករាជ្យ អព្យាក្រឹត ផ្អែកលើវិធានច្បាប់ គោរពគ្នាទៅវិញទៅមកដោយស្មើភាព និងប្រកាន់ខ្ជាប់គោលការណ៍ធម្មនុញ្ញអង្គការសហប្រជាជាតិ ដើម្បីលើកកម្ពស់ផលប្រយោជន៍ជាតិ ពង្រឹងមិត្តភាពមានស្រាប់ និងកសាងមិត្តភាពបន្ថែមទៀត។ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានប្រកាសប្រឆាំងជាដាច់ខាតចំពោះការគំរាមប្រើប្រាស់ ឬការប្រើប្រាស់កម្លាំងក្នុងទំនាក់ទំនងអន្ដរជាតិ ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងការឈ្លានពានរដ្ឋឯករាជ្យណាមួយ។

leftcenterrightdel
សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងនៅអង្គការសហប្រជាជាតិ

សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានសម្តែងការព្រួយបារម្ភអំពីសង្រ្គាមដ៏អូសបន្លាយនៅប្រទេសអ៊ុយក្រែន ដោយបានអំពាវនាវឱ្យបង្កើនការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងចែករំលែកអំពីការខិតខំប្រឹងប្រែងរបស់កម្ពុជានាពេលថ្មីៗនេះ។

នៅចំពោះមុខលោកប្រធានមហាសន្និបាត និងលោកអគ្គលេខាធិការអង្គការសហប្រជាជាតិ ក៏ដូចជាមេដឹកនាំនៃរដ្ឋជាសមាជិក សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអះអាងយ៉ាងច្បាស់ថា៖ “កម្ពុជាមិនអនុញ្ញាតឱ្យមានមូលដ្ឋានយោធាបរទេសនៅលើទឹកដីរបស់ខ្លួន ដូចមានចែងច្បាស់ក្នុងរដ្ឋធម្មនុញ្ញ”។ ក្នុងន័យនេះ សម្ដេចនាយករដ្ឋមន្ត្រី ចង់បញ្ជាក់ថា កម្ពុជាមិនអនុញ្ញាតឱ្យប្រទេសណាមួយ ឬ ក្រុមណាមួយ ប្រើប្រាស់ទឹកដីកម្ពុជា ប្រឆាំងនឹងប្រទេសផ្សេងទៀតឡើយ។ សម្ដេចសង្កត់ធ្ងន់ថា កម្ពុជា នឹងខិតខំបន្ថែមទៀតក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការល្អជាមួយប្រជាជាតិទូទាំងពិភពលោក តាមរយៈក្របខណ្ឌទ្វេភាគី តំបន់និងអន្ដរជាតិ ដើម្បីរួមចំណែកដល់សន្ដិភាព សន្ដិសុខ ស្ថិរភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពរួមរបស់ពិភពលោក។

ដើម្បីសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវឱ្យសហគមន៍អន្ដរជាតិបង្កើនកិច្ចខិតខំប្រឹងប្រែងពង្រឹង កិច្ចសហប្រតិបត្តិការ ការកសាងទំនុកចិត្ត និងភាពជឿជាក់ឡើងវិញ ដើម្បីបញ្ចប់សង្គ្រាម ដោះស្រាយឫសគល់នៃជម្លោះ ហើយពង្រឹងសាមគ្គីភាពសកលឡើងវិញ។

កម្ពុជាមានការប្ដេជ្ញាចិត្តខ្ពស់ចំពោះប្រតិបត្តិការរក្សាសន្ដិភាពនេះ ដើម្បីរួមចំណែកដល់សន្ដិភាព សន្ដិសុខ និងស្ថិរភាពអន្ដរជាតិ ដែលជាកត្តាចាំបាច់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព៕

បកប្រែដោយ Pham Diep