ក្នុងនាមជាយន្តការសហប្រតិបត្តិការថ្មីនៃតំបន់ ដែលផ្លាស់ប្តូរ កសាង និងចែករំលែកដោយប្រទេសចំនួនប្រាំមួយ កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គបានអភិវឌ្ឍគួរឲ្យកត់សម្គាល់ចាប់តាំងពីការបង្កើតមក។ ក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ កិច្ចសហប្រតិបត្តិការនេះបានក្លាយជា "មូលដ្ឋានគ្រឹះមាស" សម្រាប់ប្រទេសនានាក្នុងតំបន់ បន្តអភិវឌ្ឍ និងនាំមកនូវអត្ថប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសទាំង៦។

leftcenterrightdel
លោក He Wei ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសវៀតណាម (រូបថត៖ vnanet.vn)

ក្នុងនាមជាវេទិកាសំខាន់មួយសម្រាប់កិច្ចសហប្រតិបត្តិការ កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ បានបង្កើតគំរូដ៏ល្អនៃការអភិវឌ្ឍរួមគ្នា។ ក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ ការជឿទុកចិត្តជាយុទ្ធសាស្ត្ររវាងប្រទេសចិន និងប្រទេសមេគង្គទាំងប្រាំត្រូវបានពង្រឹង ហើយការកសាងសហគមន៍ចែករំលែកអនាគតរួមទ្វេភាគីត្រូវបានគ្របដណ្តប់យ៉ាងទូលំទូលាយ។ ការកសាងសហគមន៍ចែករំលែកអនាគតរវាងបណ្ដាប្រទេសឡានឆាង-មេគង្គ ត្រូវបានអនុវត្ត ដោយបង្កើតតំបន់ឡានឆាង-មេគង្គដែល "រីកចម្រើនជារៀងរាល់ថ្ងៃ សម្រេចបានលទ្ធផលជារៀងរាល់ខែ និងឈានដល់កម្ពស់ថ្មីជារៀងរាល់ឆ្នាំ"។

ទំហំពាណិជ្ជកម្មរវាងប្រទេសចិន និងប្រទេសមេគង្គទាំងប្រាំបានលើសពី ៥០០ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០២៥ កើនឡើងជាង ១៥០% បើប្រៀបធៀបនឹងរយៈពេលបង្កើតយន្តការនេះ។ ប្រទេសទាំងប្រាំមួយកំពុងសហការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ដោយសម្រេចបានលទ្ធផលវិជ្ជមានជាច្រើន ហើយសហការរក្សាសន្តិភាព និងសន្តិសុខក្នុងតំបន់ ដើម្បីការអភិវឌ្ឍតំបន់។

ក្នុងនាមជាស្ពានតភ្ជាប់សម្រាប់កិច្ចសហប្រតិបត្តិការ ដើម្បីចែករំលែកឱកាស កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គបើកឱកាសល្អដែលនាំមកនូវផលប្រយោជន៍ទៅវិញទៅមក។ គម្រោងហេដ្ឋារចនាសម្ព័ន្ធដូចជាខ្សែរថភ្លើងចិន-ឡាវ និងចិន-ថៃ និងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានបង្កើត "ផ្លូវមាស" ខណៈដែលគម្រោងតភ្ជាប់ផ្លូវដែកចិន-វៀតណាម ក៏ត្រូវបានជម្រុញ ហើយបណ្តាញដឹកជញ្ជូននៃទន្លេឡានឆាង-មេគង្គ កាន់តែពេញលេញ។

កិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានការអភិវឌ្ឍថ្មី។ មជ្ឈមណ្ឌលស្រាវជ្រាវតារាសាស្ត្រយុវជនឡានឆាង-មេគង្គ ត្រូវបានបើកសម្ពោធនៅសាកលវិទ្យាល័យ Fudan ក្នុងប្រទេសចិន ហើយកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ស្តីពីការកសាងច្រករបៀងនវានុវត្តន៍នៅក្នុងតំបន់ឡានឆាង-មេគង្គ ត្រូវបានរៀបចំឡើងដោយជោគជ័យ ដែលបង្កើតកម្លាំងចលករថ្មីសម្រាប់ការអភិវឌ្ឍនាពេលអនាគតរបស់តំបន់។

កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ ក៏បានគូររូបភាពដ៏ស្រស់ស្អាតនៃភាពសុខដុមរមនារវាងមនុស្ស និងធនធានទឹក។ ប្រទេសទាំង៦ ដែលចូលរួមកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ កំពុងសហការជម្រុញកិច្ចសហប្រតិបត្តិការក្នុងវិស័យធនធានទឹក ថាមពលស្អាត និងការការពារបរិស្ថានអេកូឡូស៊ី ដោយពន្លឿនការកសាងខ្សែសង្វាក់ផលិតកម្មបៃតង និងបំភាយឧស្ម័នទាបនៅក្នុងតំបន់ និងការពារធម្មជាតិនៃតំបន់។

ប្រទេសចិន និងវៀតណាម ដែលមានទីតាំងនៅខាងលើ និងខាងក្រោមនៃទន្លេ ហើយជាសមាជិកសកម្ម និងសំខាន់នៃយន្តការសហប្រតិបត្តិការឡានឆាង-មេគង្គ។

បច្ចុប្បន្ន ប្រទេសចិនបានជួយគាំទ្រវៀតណាមក្នុងការអនុវត្តគម្រោងជាង ២០ តាមរយៈមូលនិធិពិសេសឡានឆាង-មេគង្គ ដោយមានទឹកប្រាក់សរុបជិត ៩ លានដុល្លារអាមេរិក ដែលត្រូវបានអនុវត្តក្នុងវិស័យដូចជា ទឹកស្អាត ពាណិជ្ជកម្មនៅតាមតំបន់ព្រំដែន ហេដ្ឋារចនាសម្ព័ន្ធ ផលិតកម្មកសិកម្ម និងការលើកកម្ពស់សមត្ថភាពជាដើម។ កម្រោងទាំងនេះត្រូវបានអនុវត្តពីខេត្ត Cao Bang ភាគខាងជើង ដល់ខេត្ត Ca Mau ភាគខាងត្បូងវៀតណាម។ គម្រោងទាំងនេះបានរួមចំណែកដល់ការធ្វើឲ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ប្រជាជន និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅក្នុងប្រទេសវៀតណាម បង្ហាញយ៉ាងច្បាស់អំពីវិសាលភាព និងជម្រៅនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គរវាងប្រទេសចិន និងវៀតណាម។

សមិទ្ធផលនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គក្នុងរយៈពេល ១០ ឆ្នាំមានតម្លៃមិនអាចកាត់ថ្លៃបាន ហើយកិច្ចសហប្រតិបត្តិការក្នុងរយៈពេល ១០ ឆ្នាំខាងមុខមានយថាទស្សន៍ប្រកបដោយសុទិដ្ឋិនិយម។ ប្រទេសចិនត្រៀមខ្លួនជាស្រេចសហការជាមួយប្រទេសនានាដែលចូលរួមកិច្ចហហការ រួមទាំងប្រទេសវៀតណាម ដើម្បីកសាង "កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ 2.0" ដែលមានសាមគ្គីភាព បើកចំហ ផ្តល់ផលប្រយោជន៍ទៅវិញទៅមក អភវឌ្ឍន៍បៃតង នវានុវត្តន៍ សន្តិភាព និងសុវត្ថិភាព បន្តតភ្ជាប់ដើម្បីការអភិវឌ្ឍ ហើយពង្រឹងមូលដ្ឋានគ្រឹះនៃមិត្តភាពរវាងប្រជាជននៃប្រទេសទាំង៦ ពង្រឹងទំនាក់ទំនងភាពជាដៃគូកាន់តែជិតស្និទ្ធ និងបង្កើតសមិទ្ធផលសហប្រតិបត្តិការដែលមានគុណភាពខ្ពស់ជាងមុន អនុវត្តចក្ខុវិស័យអភិវឌ្ឍន៍របស់ប្រទេសឡានឆាង-មេគង្គទាំងប្រាំមួយ និងពន្លឿនការកសាងសហគមន៍ចែករំលែកអនាគតដើម្បីសន្តិភាព និងវិបុលភាពរវាងបណ្ដាប្រទេសឡានឆាង-មេគង្គ៕

បកប្រែដោយ Thuy Anh