លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីកម្ម និងសំណង់ បានលើកឡើងថា គម្រោងមជ្ឈមណ្ឌលភស្តុភារកម្មនិងកំពង់ផែពហុបំណងនៅខេត្ត កំពត នឹងជួយបំពេញបន្ថែមលើតម្រូវការនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ បើទោះបីកម្ពុជា មានកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែស្វយ័តភ្នំពេញ ក៏ដូចជាកំពង់ផែឯកជនមួយចំនួនទៀត ក៏ដោយ។

លោក ជា សុផារ៉ា រំពឹងថា៖ «គម្រោងវិនិយោគអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណងខេត្តកំពតនេះ នឹងលើកកម្ពស់សេវាភស្តុភារកម្ម និងកំពង់ផែរបស់កម្ពុជាឱ្យកាន់តែសម្បូរបែប ព្រមទាំងអាចប្រកួតប្រជែងជាមួយនឹងកំពង់ផែប្រទេសជិតខាងបានផងដែរ»។ បើតាម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីរៀបចំដែនដីរូបនេះ គម្រោងវិនិយោគនេះជាផ្នែកមួយដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយអនុវត្តឱ្យសម្រេចជោគជ័យនូវផែនការមេអភិវឌ្ឍខេត្តព្រះសីហនុឱ្យទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងដែលស្ថិតក្នុងវិស័យឧស្សាហកម្មកម្ពុជា ២០១៥-២០២៥។  

គម្រោងវិនិយោគអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណងខេត្តកំពត ក៏ផ្តល់ឱកាសការងារដោយផ្ទាល់ និងដោយប្រយោលដល់ពលរដ្ឋប្រមាណ ១ ម៉ឺនកន្លែង ក្រោយដាក់ឱ្យដំណើរការនាពេលខាងមុខ។ នេះជាការបន្ថែមរបស់លោក ជា សុផារ៉ា។

leftcenterrightdel
រូប​ថតឧទាហរណ៍ (aseanbriefing.com)

បើតាមលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូន គម្រោងវិនិយោគផែទឹកជ្រៅនេះ នឹងអនុវត្តជា ៣ ដំណាក់កាល ដោយដំណាក់កាលមួយគ្រោងប្រើទុនប្រមាណ ២០០ លានដុល្លារ។ លោកបានរៀបរាប់ថា ដំណាក់ទីមួយនេះ ក្រុមហ៊ុននឹងបង្កើតទីលានកុងតឺន័រ តំបន់ពាណិជ្ជកម្មពិសេស តំបន់ពាណិជ្ជកម្មសេរី មជ្ឈមណ្ឌលភស្តុភារកម្ម ឃ្លាំងស្តុកទំនិញគ្រប់ប្រភេទ ឃ្លាំងភណ្ឌាគារគយ រោងចក្រផលិតនិងចែកចាយ រោងចក្រចម្រាញ់ប្រេងឥន្ទនៈ និងមជ្ឈមណ្ឌលប្រេងឥន្ធនៈ តំបន់លំនៅឋាន និងចំណតនាវាដឹកអ្នកដំណើរទេសចរ ព្រមទាំងចំណតនាវាប្រភេទជាសាឡង់ ដែលភ្ជាប់ការដឹកជញ្ជូនជាមួយកំពង់ផែស្វ័យយ័តភ្នំពេញក្នុងករណីរាជរដ្ឋាភិបាលអភិវឌ្ឍគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ ។

លោកស៊ុន ចាន់ថុល បន្តនិយាយដូច្នេះ៖ «កំពង់ផែមួយនេះនឹងជួយយើងឱ្យចំណេញពេល និងកាត់បន្ថយការចំណាយ។ ប្រសិនបើមានការដឹកជញ្ជូនតាមផ្លូវទឹកច្រើន នោះនឹងកាត់បន្ថយការកកស្ទះនៅលើផ្លូវគោក និងផ្លូវដែក។ ប្រសិនបើមានការតភ្ជាប់តាមទន្លេបានសាក់បាន បត់ចូលតាមកែប នោះយើងចំណេញ ៨០ គីឡូម៉ែត្រ បើធៀបនឹងឆ្លងកាត់តាមទន្លេមេគង្គទៅប្រទេសវៀតណាម»។

រដ្ឋមន្ត្រីសាធារណការរូបនេះ បានបញ្ជាក់ថា ផែទឹកជ្រៅ ១៥ ម៉ែត្រនេះ នឹងអាចឱ្យនាវាចំណុះ ១០ ម៉ឺនតោន អាចចូលចតបាន។ កំពង់ផែពហុបំណងនេះ ក៏មានសមត្ថភាពខ្ពស់ក្នុងការលើកដាក់ទំនិញចេញ-ចូល បានចំនួនប្រមាណ ៣០ ម៉ឺន TEU នៅឆ្នាំ ២០២៥ ហើយកើនដល់ ៦០ ម៉ឺន TEU នៅឆ្នាំ២០៣០។

នេះនឹងក្លាយជាកំពង់ផែធំទីបីនៅអាស៊ីអាគ្នេយ៍បន្ទាប់ពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែស្វយ័តភ្នំពេញ៕

បកប្រែដោយ Duy Hoan