ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិអនុម័តលើសេចក្តីសម្រេចចិត្តបង្កើតកម្លាំងអន្តរជាតិនៅហ្គាហ្សា
នាថ្ងៃទី ១៧ ខែវិច្ឆិកា (ម៉ោងនៅញូវយ៉ក) ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) បានអនុម័តលើសេចក្តីសម្រេចចិត្តស្តីពីការបង្កើតកម្លាំងអន្តរជាតិនៅតំបន់ហ្គាហ្សា ដើម្បីស្តារឡើងវិញសណ្តាប់ធ្នាប់ ការពារជនស៊ីវិល និងបើកផ្លូវសម្រាប់ការផ្តល់ជំនួយនិងស្ថាបនាឡើងវិញទ្រង់ទ្រាយធំនៅក្នុងតំបន់ដីនេះ។
សេចក្តីសម្រេចចិត្តដែលគាំពារដោយសហរដ្ឋអាមេរិកត្រូវបានអនុម័តដោយមានសំឡេងគាំទ្រចំនួន ១៣ គ្មានសំឡេងប្រឆាំងណាមួយឡើយ។ សមាជិកអចិន្ត្រៃយ៍ចំនួន ២ គឺរុស្ស៊ី និងចិន បានបោះឆ្នោតអនុប្បវាទ។
    |
 |
|
បណ្តាឯកអគ្គរដ្ឋទូត បោះឆ្នោតគាំទ្រសេចក្តីសម្រេចចិត្ត ស្តីពីការបង្កើតកម្លាំងស្ថិរភាពអន្តរជាតិនៅតំបន់ហ្គាហ្សា នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ (រូបថត៖ REUTERS/Eduardo Munoz) |
សេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខបានអនុញ្ញាតឱ្យបង្កើតកងកម្លាំងស្ថិរភាពអន្តរជាតិ (ISF) ដើម្បីសម្របសម្រួលជាមួយអេហ្ស៊ីប អ៊ីស្រាអែល និងកម្លាំងប៉ូលីសថ្មីរបស់ប៉ាឡេស្ទីន ដើម្បីការពារតំបន់ព្រំដែន និងធ្វើឱ្យតំបន់ហ្គាហ្សាក្លាយជាតំបន់គ្មានយោធា។ ISF ក៏ទទួលភារកិច្ច "ដកហូតអាវុធជាអចិន្ត្រៃយ៍នូវក្រុមប្រដាប់អាវុធក្រៅរដ្ឋ" ការពារជនស៊ីវិល និងធានាសន្តិសុខសម្រាប់ច្រករបៀងជំនួយមនុស្សធម៌។ លើសពីនេះ ស្ថាប័នគ្រប់គ្រងអន្តរកាលមួយដែលបានហៅថា "ក្រុមប្រឹក្សាសន្តិភាព" ក៏នឹងត្រូវបានបង្កើតឡើង ដោយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ជាប្រធាន និងមានអាណត្តិរហូតដល់ចុងឆ្នាំ ២០២៧។ សេចក្តីសម្រេចចិត្តនេះក៏បានលើកឡើងពីលទ្ធភាពនៃការបង្កើតរដ្ឋប៉ាឡេស្ទីន នាពេលអនាគតផងដែរ។
នៅថ្ងៃដដែលនោះ ចលនាអ៊ីស្លាមហាម៉ាសរបស់ប៉ាឡេស្ទីន បានបដិសេធសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខដែលបានរៀបរាប់ខាងលើ ដោយចាត់ទុកថា ឯកសារនេះមិនបំពេញតាមសិទ្ធិ និងការទាមទាររបស់ប្រជាជនប៉ាឡេស្ទីននោះទេ ក៏ដូចជាបានស្វែងរកការប្រគល់ការងារអន្តរជាតិលើតំបន់ដីឯកោនេះ៕
តាម vovworld.vn