កម្ពុជាជំរុញការសិក្សាគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត
កប.អនឡាញ - ក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា បានកំណត់រយៈពេល ៣ ខែដើម្បីឱ្យក្រុមហ៊ុនបញ្ចប់របាយការណ៍ពេញលេញ ត្រឹមត្រូវ និងមានស្តង់ដារនៃការសិក្សាគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។
ពេលវេលាត្រូវបានកំណត់នៅក្នុងកិច្ចប្រជុំមួយរវាងគណៈប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា ដឹកនាំដោយរដ្ឋលេខាធិការ លោក សូ វិកទ័រ និងក្រុមហ៊ុន China Railway International Group Co., Ltd. តំណាងក្រុមហ៊ុន Royal Group ព្រមទាំងមានការចូលរួមពីក្រុមបច្ចេកទេសរបស់ក្រសួងផងដែរ។
ក្រុមហ៊ុនចិនត្រូវបានជំរុញឱ្យបញ្ចប់ការសិក្សារបស់ខ្លួនឱ្យបានទាន់ពេលវេលា ដើម្បីចាប់ផ្តើមការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតឱ្យបានឆាប់។ ក្រុមហ៊ុន China Railway International Group Co., Ltd បានបង្ហាញការរចនាចំនួន ៣សម្រាប់ការសាងសង់គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នៅថ្ងៃទី៧ ខែកញ្ញា។
របាយការណ៍សិក្សារបស់ក្រុមហ៊ុនបានអោយដឹងថា យោងតាមទីតាំងភូមិសាស្ត្រ និងផលប៉ះពាល់ ផ្លូវនេះនឹងត្រូវរចនាក្នុងល្បឿនអតិបរមា ១២០ គីឡូម៉ែត្រក្នុងមួយម៉ោង ស្របតាមអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងកម្ពុជា និងវៀតណាម។
រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន លោក សូ វិកទ័រ មានប្រសាសន៍ថា ក្រសួង និងរដ្ឋាភិបាលត្រូវសិក្សាឱ្យបានហ្មត់ចត់នូវជម្រើសទាំងបីមុននឹងធ្វើការសម្រេចចិត្ត។ លោកបន្តថា៖ “ការជ្រើសរើសជម្រើសមួយណាត្រូវផ្តោតលើក្របខណ្ឌនៃផលប៉ះពាល់សង្គម សេដ្ឋកិច្ច និងសំណង់”។ លោកបានបន្ថែមថា “យើងក៏ត្រូវរង់ចាំលទ្ធផលនៃរបាយការណ៍ហិរញ្ញវត្ថុពីក្រុមហ៊ុននៅពាក់កណ្តាលខែតុលា ឆ្នាំ២០២០ ដែលនឹងត្រូវបានប្រើជាមូលដ្ឋានសម្រាប់ការសម្រេចចិត្តផងដែរ”។
គម្រោងនេះត្រូវចំណាយថវិកាប្រមាណជាង ២ ពាន់លានដុល្លារ ហើយនឹងមានប្រវែងសរុប ១៣៥ គីឡូម៉ែត្រ កាត់តាមខេត្តកណ្តាល ព្រៃវែង និងស្វាយរៀង មុននឹងទៅដល់ច្រកទ្វារព្រំដែនបាវិត ដែលមានព្រំដែនជាមួយប្រទេសវៀតណាម។
ផ្លូវល្បឿនលឿនដំបូងគេនៅកម្ពុជា គឺផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលបច្ចុប្បន្នកំពុងសាងសង់។ ផ្លូវនេះនឹងត្រូវបានដាក់អោយប្រើប្រាស់បណ្តោះអាសន្ននាពេលខាងមុខនេះ៕
បកប្រែដោយ Thanh Cong