កាលពីថ្ងៃទី១ ខែមករា វៀតណាមបានបើកជើងហោះហើរពាណិជ្ជកម្មធម្មតាឡើងវិញមួយផ្នែកនៅលើផ្លូវអន្តរជាតិចំនួន៩ ដែលគ្របដណ្តប់ប្រទេសកម្ពុជា ចិន ជប៉ុន តៃវ៉ាន់ កូរ៉េខាងត្បូង ថៃ សិង្ហបុរី ឡាវ និងសហរដ្ឋអាមេរិក។ ទន្ទឹមនឹងនេះ ប្រទេសវៀតណាមទទួលស្គាល់លិខិតឆ្លងដែនវ៉ាក់សាំងពីប្រទេស និងតំបន់ចំនួន ៧៩ រួមទាំងប្រទេសកម្ពុជាផងដែរ។

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បាននិយាយថា ឯកសារដែលសម្រួលនីតិវិធីសម្រាប់ជនបរទេសចូលមកក្នុងប្រទេសដែលត្រូវបានអនុម័តដោយរដ្ឋាភិបាលវៀតណាមកាលពីថ្ងៃទី ១៨ ខែមករា បានចូលជាធរមានភ្លាមៗ។

leftcenterrightdel
ទម្រង់លិខិតឆ្លងដែនវ៉ាក់សាំងរបស់វៀតណាម (រូបថត៖ vnexpress.net)

លោកស្រី Le Thi Thu Hang បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា “ការសម្រេចចិត្តចូលជាធរមានធ្វើឡើងនៅថ្ងៃចុះហត្ថលេខា”។ លោកស្រីបានបន្តទៀតថា  លោកឧបនាយករដ្ឋមន្ត្រី Pham Binh Minh បានយល់ព្រមជាគោលការណ៍ដើម្បីសម្រួលនីតិវិធីរដ្ឋបាលចំពោះជនបរទេសដែលចូលមកវៀតណាម។

អាស្រ័យហេតុនេះ ការមកដល់របស់ជនបរទេសដែលមានឯកសារត្រឹមត្រូវ រួមមានទិដ្ឋាការ ការលើកលែងទិដ្ឋាការ ប័ណ្ណស្នាក់នៅ និងប័ណ្ណស្នាក់នៅបណ្តោះអាសន្ន នឹងត្រូវបានអនុញ្ញាតឱ្យចូលប្រទេសវៀតណាម ដោយមិនចាំបាច់ទទួលបានការអនុញ្ញាតជាមុនពីនាយកដ្ឋានអន្តោប្រវេសន៍ ក្រោមក្រសួងការបរទេស និងអាជ្ញាធរមូលដ្ឋាន។

ពីមុនៗ អ្នកណាដែលចង់ចូលប្រទេសវៀតណាមត្រូវរៀបចំបញ្ជីឯកសាររួមទាំងមានការយល់ព្រមពីគណៈកម្មាធិការប្រជាជន និងនាយកដ្ឋានអន្តោប្រវេសន៍ ភស្តុតាងនៃការចាក់វ៉ាក់សាំង លទ្ធផលតេស្ត PCR និងវិញ្ញាបនបត្រធានារ៉ាប់រងសុខភាពសម្រាប់ការធ្វើចត្តាឡីស័ក។

លោកស្រី Le Thi Thu Hang បានបញ្ជាក់ថា ប្រជាពលរដ្ឋដែលមិនមានឯកសារទាំងអស់ខាងលើ ត្រូវសុំការឯកភាពពីខេត្ត និងក្រសួងពាក់ព័ន្ធ ក្រោមច្បាប់ស្តីពីការចូល ចេញ របស់ជនបរទេស ឆ្លងដែន និងស្នាក់នៅក្នុងប្រទេសវៀតណាម។ លោកស្រីបានបន្ថែមថា បទប្បញ្ញត្តិនេះក៏អនុវត្តចំពោះជនជាតិវៀតណាមនៅឯបរទេស និងសាច់ញាតិរបស់ពួកគេផងដែរ៕

បកប្រែដោយ Thanh Cong