ថ្លែងនៅក្នុងសម័យប្រជុំនេះ បណ្ដាសមាជិកក្រុមប្រឹក្សាសន្តិសុខបានកត់សម្គាល់នូវការវិវឌ្ឍន៍ជាវិជ្ជមានអំពីនយោបាយនិងសន្តិសុខនៅប្រទេសស៊ូដង់ចាប់តាំងពីដើមឆ្នាំ ២០២១ មកទល់បច្ចុប្បន្ននេះ ព្រមទាំងក៏បានចែករំលែកការព្រួយបារម្ភអំពីបញ្ហាប្រឈមនានានៅក្នុងប្រទេសនេះ ជាពិសេសវិបត្តិសេដ្ឋកិច្ច មនុស្សធម៌ និងអំពើហឹង្សាកើនឡើងក្នុងចំណោមសហគមន៍នៅក្នុងតំបន់ Darfur ។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ vnanet.vn)

បណ្តាប្រទេសអំពាវនាវឱ្យរដ្ឋាភិបាលស៊ូដង់ និងស្ថានបេសកកម្មដែលជួយគាំទ្រដំណើរការអន្តរកាលបង្រួបបង្រួមរបស់អង្គការសហប្រជាជាតិប្រចាំប្រទេសនេះ (UNITAMS) បន្តសហការយ៉ាងជិតស្និទ្ធក្នុងការជំរុញដំណើរការអន្តរកាលនៅទីនោះ។

តំណាងប្រទេសស៊ូដង់បានសង្កត់ធ្ងន់ថា ការធានាយុត្តិធម៌នៅ Darfur គឺជាអាទិភាពមួយក្នុងចំណោមអាទិភាពខ្ពស់បំផុតរបស់រដ្ឋាភិបាលស៊ូដង់និងបញ្ជាក់ថា ស្ថាប័នមានសមត្ថកិច្ចរបស់ស៊ូដង់មានមូលដ្ឋានគតិយុត្ដពេញលេញដើម្បីដោះស្រាយការបំពានច្បាប់មនុស្សធម៌ និងសិទ្ធិមនុស្សអន្តរជាតិ ដែលក្នុងនោះបាន និងកំពុងកាត់ទោសបុគ្គលមួយចំនួនដែលទាក់ទងនឹងការរំលោភច្បាប់​នៅតំបន់ Darfur ។

ទន្ទឹមនឹងនេះ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំអង្គការសហប្រជាជាតិបានស្វាគមន៍ចំពោះការវិវឌ្ឍន៍ជាវិជ្ជមាននាពេលថ្មីៗនេះនៅស៊ូដង់ និងមានបំណងចង់ឲ្យរដ្ឋាភិបាលស៊ូដង់បន្តជំរុញដំណើរការអន្តរកាល​​បង្រួបបង្រួមរបស់អង្គការសហប្រជាជាតិ ក្នុងនោះធានាការចូលរួមពេញលេញ និងសមភាពពីស្ដ្រីឲ្យសមស្របជាមួយកិច្ចព្រមព្រៀងសន្តិភាពកាលពីថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២០ ។

លោកឯកអគ្គរដ្ឋទូតបានអំពាវនាវឱ្យរដ្ឋាភិបាលស៊ូដង់បង្កើនសមត្ថភាពរបស់ខ្លួនក្នុងការការពារជនស៊ីវិល និងចាត់វិធានការដើម្បីដោះស្រាយអំពើហឹង្សារវាងបណ្ដាសហគមន៍នៅតំបន់ Darfur ៕

បកប្រែដោយ Pham Diep