នៅឯកិច្ចពិភាក្សានេះ វៀតណាមបានបញ្ជាក់ថា វៀតណាមត្រៀមខ្លួនសហប្រតិបត្តិការ និងជួយបណ្ដាប្រទេសក្រោយបញ្ចប់ជម្លោះនៅទ្វីបអាហ្វ្រិកក្នុងការកែទម្រង់វិស័យសន្ដិសុខតាមរយៈយន្តការសមស្របនៃអង្គការសហប្រជាជាតិ ក៏ដូចជាស្ថានបេសកកម្មរក្សាសន្តិភាព​នៅទ្វីបអាហ្វ្រិក។

leftcenterrightdel
លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មអចិន្ដ្រៃយ៍វៀតណាមប្រចាំអង្គការសហប្រជាជាតិ (រូបថត៖ vnanet.vn)

លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មអចិន្ដ្រៃយ៍វៀតណាមប្រចាំអង្គការសហប្រជាជាតិ បានកត់ស្គាល់នូវការលំបាកដែលប្រទេសជាច្រើនកំពុងប្រឈមមុខក្នុងរយៈពេលក្រោយបញ្ចប់ជម្លោះដូចជា ការដកហូតអាវុធ ការលែងបំពេញកាតព្វកិច្ចយោធា និងការផ្សះផ្សារ។ ប្រការនេះ តម្រូវឱ្យបណ្ដាប្រទេសត្រូវតែកំណែទម្រង់វិស័យសន្តិសុខដើម្បីពង្រឹងសន្តិភាពក្រោយបញ្ចប់ជម្លោះ ការជំរុញការបង្រួបបង្រួមជាតិ ការកសាងប្រទេសឡើងវិញ និងការកាត់បន្ថយហានិភ័យនៃជម្លោះឡើងវិញ រួមចំណែកកាត់បន្ថយផលប៉ះពាល់នៃជម្លោះសម្រាប់ក្រុមងាយរងគ្រោះនៅក្នុងសង្គម ជាពិសេសស្ត្រីនិងកុមារ។

លោកឯកអគ្គរដ្ឋទូត ក៏បានសង្កត់ធ្ងន់ថា ដំណើរការកំណែទម្រង់វិស័យសន្តិសុខត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ឯករាជ្យភាព អធិបតេយ្យភាពនិងទំនួលខុសត្រូវនៃប្រទេស ដោយឈរលើមូលដ្ឋានដែលសមស្របនឹងកាលៈទេសៈនិងអាទិភាពជាក់លាក់របស់ប្រទេសនីមួយៗ ហើយមានការចូលរួមពីគ្រប់ផ្នែកសង្គម ជាពិសេសស្ត្រីជាដើម។

នៅចុងបញ្ចប់ សមាជិកក្រុមប្រឹក្សាសន្តិសុខបានអនុម័តលើសេចក្តីសម្រេចចិត្តលេខ ២៥៥៣ ស្តីពីការកែទម្រង់វិស័យសន្តិសុខ។ នេះគឺជាសេចក្តីសម្រេចចិត្តទី ២ ស្ដីពីប្រធានបទនេះ៕

បកប្រែដោយ Pham Diep