G20 សន្យាថានឹងជំរុញការស្ដារសេដ្ឋកិច្ចសកលឡើងវិញ
កប.អនឡាញ - រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុនៃក្រុមបណ្ដាប្រទេសសេដ្ឋកិច្ចនាំមុខ (G20) បានចេញសេចក្តីថ្លែងការណ៍រួមមួយក្នុងកិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូនៅថ្ងៃទី ១៨ ខែកក្កដា ដោយបានបញ្ជាក់ពីការប្តេជ្ញាចិត្តអនុវត្ដវិធានការសេដ្ឋកិច្ចដែលមានស្រាប់ដើម្បីកាត់បន្ថយផលប៉ះពាល់នៃរោគរាតត្បាតសកល Covid-19 និងជំរុញសេដ្ឋកិច្ចសកលលោក។
    |
 |
ប្រទេសអារ៉ាប៊ីសាអ៊ូឌីតជាប្រធានប្តូរវេននៃកិច្ចប្រជុំក្រុមប្រទេស G20 |
កិច្ចប្រជុំ G20 បានប្រព្រឹត្ដទៅស្របពេលដែលជំងឺ Covid-19 បន្តផល់ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចសកលលោក ដែលនាំឱ្យមានវិបត្តិបំណុលនៅបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍។ ក្នុងរបាយការណ៍កាលពីខែមុន មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្រមានថា ទោះបីជាសេដ្ឋកិច្ចមានសញ្ញាខ្លះនៃការងើបឡើងវិញក៏ដោយក៏សេដ្ឋកិច្ចសកលលោកនៅតែប្រឈមនឹង“ហានិភ័យនៃរលកឆ្លងមេរោគ Covid-19 លើកទីពីរដែលអាចបង្កើនភាពក្រីក្រនិងវិសមភាព។ IMF ព្យាករណ៍ថា សេដ្ឋកិច្ចពិភពលោកអាចធ្លាក់ចុះ ៤,៩% ក្នុងឆ្នាំ ២០២០ ខណៈធនាគារពិភពលោក (WB) ព្យាករណ៍ថា នឹងធ្លាក់ចុះ ៥,២% ព្រមទាំងសង្កត់ធ្ងន់ថា ជំងឺរាតត្បាតកំពុងធ្វើឱ្យពិភពលោកប្រឈមការថមថយសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរបំផុតចាប់តាំងពីវិបត្តិសេដ្ឋកិច្ចសកលក្នុងទសវត្សរ៍ទី៣០ នៃសតវត្សរ៍មុន។
ហេតុដូច្នេះគោលបំណងនៃកិច្ចប្រជុំរបស់ក្រុមប្រទេស G20 លើកនេះ គឺពិភាក្សាលើយថាទស្សន៍សេដ្ឋកិច្ចសកលលោកនិងកិច្ចសហប្រតិបត្ដិការរួមគ្នាដើម្បីជំរុញការស្ដារសេដ្ឋកិច្ចឡើងវិញ។ សេចក្តីថ្លែងការណ៍រួមនៅឯកិច្ចប្រជុំបានបញ្ជាក់ជាថ្មីលើគោលដៅនេះ។ សេចក្តីថ្លែងការណ៍រួមក៏បានបញ្ជាក់ផងដែរថា ក្រុមប្រទេស G20 នឹងបន្តអនុវត្ដគោលនយោបាយដែលមានស្រាប់ដើម្បីធានាជីវភាពរស់នៅ ការងារនិងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ ជួយទ្រទ្រង់ការស្ដារសេដ្ឋកិច្ចសកលលោកឡើងវិញ និងលើកកម្ពស់លទ្ធភាពទប់ទល់នឹងហានិភ័យនៃប្រព័ន្ធហិរញ្ញវត្ថុ។
វិធានការនានានៅប្រទេសជាច្រើនក្នុងការទប់ស្កាត់ការរីករាលដាលនៃវីរុស SARS-CoV-2 បានប៉ះពាល់ដល់ខ្សែសង្វាក់ផ្គត់ផ្គង់ទំនិញនិងសេវាកម្មនៅទូទាំងសកលលោក។ ក្រៅពីវិធានការទប់ទល់នឹងផលប៉ះពាលលើវិស័យសេដ្ឋកិច្ចដោយសារការរីករាលដាលនៃ Covid-19 នោះ នៅឯកិច្ចប្រជុំនេះ ប្រមុខហិរញ្ញវត្ថុនៃក្រុមប្រទេស G20 ក៏បានពិភាក្សាលើបទប្បញ្ញត្តិពន្ធអន្តរជាតិថ្មីសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាធំ ៗ ដូចជា ហ្គូហ្គោល ហ្វេសប៊ុក អេបផល និងអាម៉ាហ្សូនក្នុងបរិបទដែលមតិយោបល់ជាច្រើនលើកឡើងថា ក្រុមហ៊ុនទាំងនេះបង់ពន្ធមិនត្រឹមត្រូវតាមកំណាត់។ ក្រុមប្រទេស G20 បានសន្យាថានឹងបន្តចរចាលើបទប្បញ្ញត្តិស្ដីពីពន្ធដើម្បីបង្រួមគម្លាតនៃការខ្វែងគំនិតគ្នានិងរក្សាកិច្ចសហប្រតិបត្តិការដើម្បីឆ្ពោះទៅរកប្រព័ន្ធពន្ធអន្តរជាតិទំនើប យុត្តិធម៌និងនិរន្តរភាព។
ក្រុមប្រទេស G20 រួមមាន៖ អាហ្សង់ទីន អូស្ត្រាលី ប្រេស៊ីល ចក្រភពអង់គ្លេស កាណាដា ចិន បារាំង អាល្លឺម៉ង់ ឥណ្ឌា ឥណ្ឌូនេស៊ី អ៊ីតាលី ជប៉ុន ម៉ិកស៊ិក រុស្ស៊ី អារ៉ាប់ប៊ីសាអូឌីត អាហ្វ្រិកខាងត្បូង កូរ៉េខាងត្បូង តួកគី អាមេរិក និងសហភាពអឺរ៉ុប៕
បកប្រែដោយ Pham Diep