យកចិត្តទុកដាក់ដល់កម្មករ និងជីវភាពរស់នៅរបស់កម្មករ
កប.អនឡាញ - បច្ចុប្បន្ន អង្គភាពលេខ១៥ មានសមាជិកសហជីពជាង ១២,០០០ នាក់ ក្នុងនោះ ជិត ៦០% ជាជនជាតិភាគតិច។
ដោយមានបាវចនាថា “ជីវភាពរស់នៅរបស់កម្មករ សំឡេងនៃកម្មករ” ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ គណៈកម្មាធិការបក្ស បញ្ជាការដ្ឋាន និងអង្គការសហជីពគ្រប់លំដាប់ថ្នាក់នៃអង្គភាពលេខ១៥ បានដឹកនាំ និងអនុវត្តបានល្អនូវចលនាកម្មករ សកម្មភាពនៃសហជីព ធ្វើឲ្យប្រសើរឡើងនូវជីវភាពទាំងសម្ភារៈ និងស្មារតីរបស់សមាជិកសហជីព និងកម្មករ។
បងស្រី Ro Lan H'Van រស់នៅនៅភូមិ Ngo Le ឃុំ Ia Krel ស្រុក Duc Co (ខេត្ត Gia Lai) ជាកម្មការិនីនៃក្រុមលេខ ២ (ក្រុមហ៊ុនលេខ៧៥ អង្គភាពលេខ១៥) បានឲ្យដឹងថា កាលពីមុន គ្រួសាររបស់បងស្រីកង្វះអាហារ និងសំលៀកបំពាក់។ ជីវភាពរបស់គ្រួសារចាប់ផ្តើមមានការផ្លាស់ប្តូរនៅពេលដែលបងស្រីចូលធ្វើការនៅក្រុមហ៊ុនលេខ៧៥ នៅឆ្នាំ២០០៥។
ចាប់ពីពេលនោះមក បងស្រីមិនត្រឹមតែមានចំណូលស្ថិរភាពពីប្រាក់ខែ មានប័ណ្ណធានារ៉ាប់រងសង្គម ធានារ៉ាប់រងសុខភាពប៉ុណ្ណោះទេ ថែមទាំងទទួលបានជំនួយថវិកាចំនួន ៧០ លានដុងពីសហជីព ដើម្បីសាងសង់ “ដំបូលផ្ទះដ៏កក់ក្តៅនៃសហជីព”។ ក្រុមហ៊ុនបានឧបត្ថម្ភគោ ១ ក្បាល ខ្ចីសួនច្បារដាំដើមកៅស៊ូដើម្បីដាំស្រូវនិងបន្លែ ហើយជីវភាពរស់នៅរបស់បងស្រីក៏កាន់តែប្រសើរឡើង។
|
|
បងស្រី Ro Lan H'Van ត្រូវបានក្រុមហ៊ុនលេខ៧៥ ប្រគល់គោ ដើម្បីបង្កើតការងារប្រកបដោយនិរន្តរភាពសម្រាប់គ្រួសារ |
មិនត្រឹមតែបងស្រី Ro Lan H'Van ប៉ុណ្ណោះទេ គ្រួសារនៃសមាជិកសហជីព និងកម្មករជាច្រើនក៏ទទួលបានការជួយគាំទ្រពីគណៈកម្មាធិការបក្ស មេបញ្ជាការ និងសហជីពគ្រប់លំដាប់ថ្នាក់ក្នុងការបណ្តុះបណ្តាលជំនាញ បង្កើតការងារ និងបង្កើនប្រាក់ចំណូលដើម្បីផ្លាស់ប្តូរជីវភាពរស់នៅរបស់ខ្លួន។ ក្នុងឆ្នាំ ២០២៤ អង្គភាពលេខ១៥ មានគម្រោងជួយគាំទ្រការសាងសង់ផ្ទះជាង ៨០ ខ្នង ដោយចំណាយថវិកាជាង ៥ ពាន់លានដុង ប្រគល់គ្រាប់ពូជ កូនឈើ និងអំណោយដល់សមាជិកសហជីព កម្មករ និងប្រជាជនរាប់ម៉ឺននាក់នៅមូលដ្ឋាន។
ចលនាកម្មករ និងសកម្មភាពសហជីពនៃអង្គភាពលេខ១៥ ពិតជាឆ្ពោះទៅកម្មករ និងជីវភាពរស់នៅរបស់កម្មករ។ សហជីពបានបំពេញល្អនូវការងារ និងតួនាទីដែលតំណាងឲ្យកម្មករក្នុងការចរចា ការចុះហត្ថលេខា និងអនុវត្តកិច្ចព្រមព្រៀងការងាររួមជាមួយនាយកសហគ្រាស បង្កើតបរិយាកាសប្រជាធិបតេយ្យ និងតម្លាភាព ធានានូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់សហគ្រាស និងកម្មករ ជាពិសេសការបង្កើតការងារដែលមានប្រាក់ចំណូលស្ថិរភាព ធ្វើឲ្យប្រសើឡើងនូវជីវភាពវប្បធម៌ និងស្មារតីរបស់កម្មករជនជាតិភាគតិច។
លោកវរសេនីយ៍ឯក Khuat Ba Cao លេខាគណៈកម្មាធិការបក្ស មេបញ្ជាការរងនៃអង្គភាពលេខ១៥ បានឲ្យដឹងថា ជោគជ័យនៃចលនាកម្មករ និងសកម្មភាពសហជីពរបស់អង្គភាពលេខ១៥ គឺកើតចេញពីការយល់ដឹងត្រឹមត្រូវ និងការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ចំពោះតួនាទីនិងសារៈសំខាន់នៃសហជីព ហើយយកចិត្តទុកដាក់ដល់ការកសាងអង្គភាពរឹងមាំ និងក្រុមកម្មាភិបាលសហជីព “ហ៊ានគិត ហ៊ាននិយាយ ហ៊ានធ្វើ ហ៊ានទទួលខុសត្រូវ ហ៊ានផ្លាស់ប្ដូរថ្មី មានគំនិតច្នៃប្រឌិត ហ៊ានប្រឈមមុខនឹងការលំបាក និងបញ្ហាប្រឈម ហើយហ៊ានធ្វើសកម្មភាពដើម្បីផលប្រយោជន៍រួម”ផងដែរ៕
បកប្រែដោយ Thuy Anh