លោក Giang Seo Chau គឺជាមោទនភាពរបស់ជនជាតិ Mong នៅស្រុក Si Ma Cai ក្នុងនាមជាជនជាតិ Mong ដំបូងគេនៅក្នុងស្រុកដែលបានបញ្ចប់ថ្នាក់អនុបណ្ឌិត។ ថ្វីត្បិតតែគាត់នៅក្មេងក៏ដោយ លេខាគណៈកម្មាធិការបក្សឃុំដែលកើតនៅឆ្នាំ ១៩៨៦ បានកាន់តំណែងជាអនុប្រធានគណៈកម្មាធិការប្រជាជនឃុំតាំងពីឆ្នាំ ២០១២ ដែលពេលនោះគាត់មានអាយុត្រឹមតែ ២៦ ឆ្នាំប៉ុណ្ណោះ។

លោក Giang Seo Chau គឺជាអតីតសមាជិកនៃគម្រោង ៦០០ (គម្រោងសាកល្បងដើម្បីជ្រើសរើសបញ្ញវន្តវ័យក្មេងឆ្នើមចំនួន ៦០០ នាក់ ជាមួយនឹងសញ្ញាបត្រសាកលវិទ្យាល័យដើម្បីក្លាយជាអនុប្រធានគណៈកម្មាធិការប្រជាជនឃុំនៃស្រុកក្រីក្រចំនួន ៦៤ យោងតាមសេចក្តីសម្រេចលេខ 170/QD-TTg ចុះថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០១១ របស់នាយករដ្ឋមន្ត្រី)។

នៅពេលត្រូវបានជ្រើសរើសឱ្យចូលរួមក្នុងគម្រោងនេះ គាត់ទើបតែបានបញ្ចប់ការសិក្សានៅសកលវិទ្យាល័យកសិកម្ម ១ (បច្ចុប្បន្ន​ជាបណ្ឌិតសភាកសិកម្មវៀតណាម) ហើយត្រូវបានតែងតាំងជាអនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Man Than។ ក្នុងអំឡុងពេលនេះ លោកបានបន្តការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកសេដ្ឋកិច្ច។ ដោយត្រឡប់មកធ្វើការនៅកន្លែងដែលបានកើត និងធំធាត់ និងមានចំណេះដឹងច្រើនអំពីដី និងអាកាសធាតុ លោក Giang Seo Chau តែងតែចង់អនុវត្តចំណេះដឹងផ្នែកកសិកម្មក្នុងស្ថានភាពជាក់ស្តែងដើម្បីជួយប្រជាជន។ លោកអនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Man Than នៅពេលនោះ តែងតែចុះទៅផ្ទះនីមួយៗ ដើម្បីកៀរគរប្រជាជនធ្វើការបរិវត្តកម្មរចនាសម្ព័ន្ធដំណាំ ហើយបានសាងសង់ទម្រង់ដាំកូនឈើហូបផ្លែប្រកបដោយជោគជ័យ ជាមួយផ្ទៃដីជាង១០ហិកតា។

leftcenterrightdel
លោក Giang Seo Chau ណែនាំសួនផ្លែព្រូន Ta Van របស់គ្រួសារគាត់

ប៉ុន្មានឆ្នាំក្រោយមក ទម្រង់នេះត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព នាំមកនូវតម្លៃសេដ្ឋកិច្ចខ្ពស់ដល់ប្រជាជនក្នុងឃុំ រួមចំណែកបង្កើនប្រាក់ចំណូលជាមធ្យមរបស់ប្រជាជនក្នុងឃុំបានកើនឡើងដល់ជាង ២២ លានដុង/ម្នាក់ក្នុងឆ្នាំ ២០១៦ (កើនឡើង ៩ លានដុងបើធៀបនឹងឆ្នាំ ២០១២)។

ជាមួយនឹងស្មារតីស្វាហាប់ និងភាពច្នៃប្រឌិតរបស់យុវជន លោក Giang Seo Chau បានបំពេញភារកិច្ចដោយជោគជ័យក្នុងរយៈពេល ៤ ឆ្នាំជាប់ៗគ្នា (២០១៣-២០១៦)។ លោក Giang Seo Chau បានកាន់តំណែងជាប្រធានគណៈកម្មាធិការប្រជាជនឃុំ បន្ទាប់មកជាលេខាគណៈកម្មាធិការបក្ស និងជាប្រធានគណៈកម្មាធិការប្រជាជនឃុំ Man Than។ បន្ទាប់ពីឃុំ Man Than, Quan Than San និង Can Ho បញ្ចូលគ្នាក្លាយទៅជាឃុំ Quan Ho Than នៅខែមីនា ឆ្នាំ ២០២០ លោកបានបន្តជាប់ឆ្នោតជាលេខាគណៈកម្មាធិការបក្សឃុំ។

ក្រោយការច្របាច់បញ្ចូលគ្នា ឃុំ Quan Ho Than មានព្រំប្រទល់រដ្ឋបាលធំគួរសម និងមានប្រជាជនច្រើន ដោយជនជាតិ Mong មានចំនួនជិត ១០០% ពីភូមិឆ្ងាយបំផុតដល់ឃុំកណ្តាលដែលមានចម្ងាយរាប់សិបគីឡូម៉ែត្រ។ ទោះជាយ៉ាងនេះក្តី លេខាគណៈកម្មាធិការបក្សឃុំស្ទើរតែរៀងរាល់សប្តាហ៍ចុះជួបប្រជាជនយ៉ាងហោចណាស់ម្តង ទាំងស្វែងយល់ពីស្ថានភាពនៅមូលដ្ឋាន និងផ្សព្វផ្សាយ ចលនានិងណែនាំប្រជាជនឱ្យអនុវត្តវិធីសាស្ត្របច្ចេកវិទ្យា បច្ចេកទេសក្នុងការដាំដុះ និងចិញ្ចឹមសត្វ៕

បកប្រែដោយ Huyen Trang