កាលពីមុន ឃុំ Luong Nghia និងឃុំ Xa Phien (ស្រុក Long My) ឃុំ Hoa Luu និងឃុំ Vi Tan (ទីក្រុង Vi Thanh) ត្រូវបានស្គាល់ថាជាតំបន់ដាច់ស្រយាលនៃមូលដ្ឋាន ប្រព័ន្ធគមនាគមន៍នៅអន់ខ្សោយ ស្ថានភាពធ្វើដំណើររបស់ប្រជាជនមានការលំបាក ភាគច្រើនធ្វើដំណើរតាមទូក និងកាណូ រហូតមកដល់បច្ចុប្បន្នបន្ទាប់ពីរយៈពេល ៣ ឆ្នាំនៃការអនុវត្តកម្មវិធី១៧១៩ ឃុំទាំងនេះដែលមានជនជាតិភាគតិចជាច្រើនរស់នៅបានផ្លាស់ប្តូរបន្តិចម្តងៗ។ ប្រព័ន្ធអគ្គិសនី ផ្លូវថ្នល់ សាលារៀន និងមណ្ឌលសុខាភិបាលត្រូវបានកែលម្អ និងសាងសង់ថ្មី ការធ្វើចរាចរណ៍មានភាពងាយស្រួល ហើយជីវភាពរស់នៅរបស់ប្រជាជនកាន់តែមានភាពប្រសើរឡើង។

ស្រុក Long My មានឃុំចំនួនពីរដែលទទួលបានអត្ថប្រយោជន៍ពីកម្មវិធី១៧១៩ គឺឃុំ Xa Phien និងឃុំ Luong Nghia។ លោក Pham Hoang Kham ប្រធានគណៈកម្មាធិការប្រជាជនឃុំ Xa Phien បានឲ្យដឹងថា៖ “ចាប់តាំងពីកម្មវិធី និងគោលនយោបាយជនជាតិត្រូវបានអនុវត្តព្រមៗគ្នា និងទូលំទូលាយ ដោយធានាភាពបើកចំហ តម្លាភាព និងត្រឹមត្រូវ មានប្រសិទ្ធភាព បានរួមចំណែកផ្លាស់ប្តូរមុខមាត់តំបន់ជនជាតិភាគតិចបន្តិចម្តងៗ។ មកទល់ពេលនេះ ឃុំទាំងមូលមាន ២១ គ្រួសារ ទទួលបានជំនួយផ្លាស់ប្តូរការងារ ហើយមាន ៨ គ្រួសារ ត្រូវបានផ្គត់ផ្គង់ទឹកស្អាត និងមាន ៣១ គ្រួសារ ទទួលបានធុងទឹក។ លើសពីនេះ យើងខ្ញុំក៏បានជួយឧបត្ថម្ភជួសជុល និងសាងសង់ផ្ទះជូនប្រជាជនចំនួន ១២ គ្រួសារដែលមានស្ថានភាព លំបាក លំនៅឋាន ដោយមានទុនអនុវត្តគម្រោងសរុបចំនួន ៧៣២ លានដុង; ជួយឧបត្ថម្ភគ្រួសារចំនួន ១៤ អភិវឌ្ឍសេដ្ឋកិច្ច ដើម្បីកាត់បន្ថយភាពក្រីក្រប្រកបដោយនិរន្តរភាព ក្នុងថវិកាសរុប ២២០ លានដុង…”។

leftcenterrightdel
អាស្រ័យការជួយឧបត្ថម្ភទុនពីកម្មវិធី១៧១៩ គ្រួសាររបស់លោក Danh Thanh នៅភូមិលេខ៣ ឃុំ Xa Phien (ស្រុក Long My ខេត្ត Hau Giang) អភិវឌ្ឍការចិញ្ចឹមសត្វឱ្យមានប្រាក់ចំណូលប្រកបដោយស្ថិរភាព

លោក Danh Thanh នៅភូមិលេខ៣ ឃុំ Xa Phien គឺជាគ្រួសារខ្មែរមួយក្នុងចំណោមគ្រួសារខ្មែរដែលទទួលបានប្រាក់ចំនួន ១០ លានដុង ដើម្បីផ្លាស់ប្តូរការងារ។ សម្រាប់លោក Thanh ការទទួលបានការជួយឧបត្ថម្ភក្នុងការផ្លាស់ប្តូរការងារគឺជាលក្ខខណ្ឌមួយដែលជួយគ្រួសាររបស់គាត់អភិវឌ្ឍសេដ្ឋកិច្ច។ លោក Danh Thanh បានចែករំលែកថា៖ “ដោយមានការយកចិត្តទុកដាក់ពីអាជ្ញាធរមូលដ្ឋាន គ្រួសាររបស់ខ្ញុំសប្បាយរីករាយណាស់។ កម្មវិធី ១៧១៩ គឺជាគោលនយោបាយត្រឹមត្រូវរបស់បក្ស និងរដ្ឋ ដែលបង្ហាញពីការយកចិត្តទុកដាក់ចំពោះជនរួមជាតិភាគតិច។ តាមរយៈការអនុវត្តកម្មវិធីនេះ ជីវភាពរស់នៅរបស់ជនរួមជាតិភាគតិចកាន់តែមានភាពប្រសើរឡើង ហើយសេដ្ឋកិច្ចនិងសង្គមក្នុងមូលដ្ឋានក៏មានការអភិវឌ្ឍខ្លាំងឡើងដែរ”។

បន្ទាប់ពីរយៈពេល ៣ ឆ្នាំនៃការអនុវត្តកម្មវិធី១៧១៩ តំបន់ជនជាតិភាគតិចនៃខេត្ត Hau Giang មានការផ្លាស់ប្តូរជាច្រើន មុខមាត់ជនបទមានការផ្លាស់ប្តូរហើយប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗបម្រើដល់ផលិតកម្ម និងជីវភាពរស់នៅរបស់ប្រជាជនបន្តត្រូវបានវិនិយោគ។ លោក Ho Thu Anh អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Hau Giang បានឲ្យដឹងថា៖ “ដោយអនុវត្តកម្មវិធី ១៧១៩ ខេត្ត Hau Giang បានអនុវត្តគម្រោងចំនួន ១០ ដោយមានទុនសរុបប្រមាណ ២១៩.៥ ពាន់លានដុង។ តាមនោះ ខេត្តផ្តល់អាទិភាពលើការវិនិយោគ និងជួយឧបត្ថម្ភឃុំ និងភូមិជួបការលំបាក គ្រួសារក្រីក្រ និងជនរួមជាតិភាគតិចដែលជួបការលំបាកលំនៅឋានជាច្រើន ព្រមទាំងគាំទ្រដល់ការអភិវឌ្ឍផលិតកម្ម បង្កើតលក្ខខណ្ឌអំណោយផលក្នុងការរកស៊ីចញ្ចឹមជីវិតសម្រាប់ប្រជាជន។ តាមរយៈការអនុវត្តកម្មវិធី១៧១៩ បានរួមចំណែកកាត់បន្ថយគ្រួសារជនជាតិភាគតិចក្រីក្រ”។

ក្នុងឆ្នាំ ២០២៣ កន្លងទៅ ទុនដែលខេត្ត Hau Giang ត្រូវបានបែងចែកដើម្បីអនុវត្តកម្មវិធី១៧១៩ គឺជិត ២៨.៥ ពាន់លានដុង។ នៅចុងខែកក្កដា ឆ្នាំ ២០២៣ ដើមទុនសរុបនៃកម្មវិធី១៧១៩ ត្រូវបានបញ្ចេញគឺជិត ១១.៤ ពាន់លានដុង។ គោលដៅនៃខេត្ត Hau Giang គឺត្រឹមដំណាច់ឆ្នាំ ២០២៣ កាត់បន្ថយគ្រួសារក្រីក្រជាមធ្យម ១% និងកាត់បន្ថយគ្រួសារជនជាតិភាគតិចក្រីក្រជាង ២%។ ការអនុវត្តព្រមៗគ្នានូវកម្មវិធី១៧១៩ នឹងរួមចំណែកធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ បង្កើតសន្ទុះសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតាមជនបទ តំបន់ដាច់ស្រយាល និងតំបន់លំបាកខ្លាំង។ ទន្ទឹមនឹងនេះ ធនធានវិនិយោគនៃកម្មវិធី និងគោលនយោបាយ រួមចំណែកយ៉ាងសំខាន់ក្នុងការជួយប្រជាជនខិតខំប្រឹងប្រែងរួចផុតពីភាពក្រីក្រ៕

បកប្រែដោយ Huyen Trang