ការស្តារមុខរបរតម្បាញឡើងវិញនៅភូមិ Khuon The
កប.អនឡាញ - ដោយអនុវត្តកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំដំណាក់កាលឆ្នាំ ២០២១-២០៣០, ដំណាក់កាលទី ១ ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៥ (កម្មវិធី ១៧១៩) ស្រុក Son Duong ខេត្ត Tuyen Quang ភាគខាងជើងវៀតណាម បានមានសកម្មភាពជាច្រើនជួយឧបត្ថម្ភជនជាតិភាគតិចក្នុងការស្នាក់នៅ អភិវឌ្ឍន៍សេដ្ឋកិច្ច និងអភិរក្សវប្បធម៌ប្រពៃណីរបស់ជនជាតិ។ នេះជាកម្លាំងចលករដ៏ធំធេងសម្រាប់ជនជាតិ Nung នៅភូមិ Khuon The ឃុំ Phuc Ung ខិតខំប្រឹងប្រែងដើម្បីស្តារមុខរបរតម្បាញប្រពៃណីរបស់ជនជាតិខ្លួនឡើងវិញ។
អ្នកស្រី Nong Thi Thao បានឲ្យដឹងថា នៅភូមិ Khuon The មានគ្រួសារចំនួន ១០៤ ដែលជាជនជាតិ Nung ប៉ុន្តែឥឡូវនេះនៅសល់តែកីត្បាញក្រណាត់តិចតួចណាស់ដែលមួយផ្នែកមិនមានអ្នកធ្វើ មួយផ្នែកដោយសារសេដ្ឋកិច្ចទីផ្សារបានផ្លាស់ប្តូរ ដែលធ្វើឱ្យមុខរបរតម្បាញមិនអាចអភិវឌ្ឍបាន។
ដូចនារីជនជាតិ Nung ជាច្រើននាក់នៅទីនេះដែរ តាំងពីកុមាភាព អ្នកស្រី Thao បានស្គាល់កីត្បាញធ្វើពីឈើ ឬស្សី។ ក្រណាត់នីមួយៗត្រូវបានច្នៃដោយដៃដ៏ប៉ិនប្រសប់របស់ម្តាយ និងជីដូន។ ការត្បាញត្រូវបានបន្តពីជំនាន់មួយទៅជំនាន់មួយ ហើយក្លាយជាមុខរបរប្រពៃណីរបស់ជនជាតិ។ អ្នកស្រី Thao បានចែករំលែកថា៖ “កាលពី២០ឆ្នាំមុន នៅភូមិ Khuon The ផ្ទះនីមួយៗដាំកប្បាសនៅលើជម្រាលភ្នំ លុះដល់រដូវច្រូតកាត់ ផ្ការីកសក្បុស គ្របដណ្តប់ពេញផ្ទៃមេឃ។ ក្រោយពីច្រូតរួច កប្បាសត្រូវបានបង្វិលទៅត្បាញក្រណាត់។ ទោះជាយ៉ាងណា យូរៗទៅមុខរបរតម្បាញនៅទីនេះបានបាត់បង់បន្តិចម្តងៗ”។
    |
 |
ស្ត្រី និងម្ដាយបង្រៀនមុខរបរត្បាញក្រមាដល់ជំនាន់ក្មេងនៅភូមិ Khuon The ឃុំ Phuc Ung |
ចាប់តាំងពីកម្មវិធី ១៧១៩ ត្រូវបានអនុវត្តមក ជនជាតិ Nung នៅភូមិ Khuon The បានទទួលធនធានបន្ថែមពីស្ថាប័ន សាខានានា ដើម្បីស្តារមុខរបរតម្បាញប្រពៃណីឡើងវិញ។ អាស្រ័យហេតុនោះ ស្ត្រី និងម្តាយនៅក្នុងភូមិបានចលនាគ្រួសារ ថែរក្សាមុខរបរតម្បាញ ការជ្រលក់ពណ៌ និងប៉ាក់។ លោកស្រី Hoang Thi Len ជាគ្រួសារមួយក្នុងចំណោមគ្រួសារចំនួនបីដែលបច្ចុប្បន្នកំពុងថែរក្សាមុខរបរតម្បាញនៅភូមិ Khuon The បានឲ្យដឹងថា៖ “អាស្រ័យដោយមានគោលនយោបាយជួយឧបត្ថម្ភរបស់រដ្ឋ បច្ចុប្បន្នយើងខ្ញុំកំពុងខិតខំប្រឹងប្រែងបើកថ្នាក់បង្រៀនដល់ជំនាន់ក្មេងៗ។ ខ្ញុំសង្ឃឹមថា មុខរបរតម្បាញរបស់ជនជាតិ Nung នៅភូមិ Khuon The នឹងត្រូវបានថែរក្សាជារៀងរហូត”។
បើតាមអ្នកស្រី Len ដើម្បីត្បាញក្រណាត់ស្អាតមួយដុំ ស្រ្តីត្រូវចំណាយរយៈពេលប្រហែលពី ២ ទៅ ៣ ថ្ងៃ ។ បន្ទាប់ពីត្បាញរួច ក្រណាត់នឹងត្រូវត្រាំក្នុងពណ៌ លាយនឹងទឹកកំបោរ។ បន្ទាប់ពីបានក្រណាត់លាបពណ៌តាមពណ៌ដែលចង់បានហើយ ដំណាក់កាលបន្តគឺប៉ាក់ក្បូក្បាច់រចនាសមរម្យសម្រាប់អាវ ខោ កាបូប មួក។ល។ ការប៉ាក់សម្រាប់នារីជនជាតិ Nung ធ្លាប់ត្រូវបានគេយកចិត្តទុកដាក់យ៉ាងខ្លាំង ព្រោះមើលស្នាមម្ជុលនីមួយៗអាចដឹងពីភាពប៉ិនប្រសប់របស់ក្មេងស្រី។
លោក Le Duc Van លេខាភូមិ Khuon The បានឲ្យដឹងថា៖ “ផលិតផលត្បាញនៅភូមិ Khuon The មានលក្ខណៈពិសេសណាស់។ ទោះជាយ៉ាងណា ការលំបាកធំបំផុតបន្ទាប់ពីការស្តារមុខរបរតម្បាញប្រពៃណីឡើងវិញ គឺទំហំនៃការផលិតមិនទាន់ឆ្លើយតបតាមតម្រូវការទេ ហើយបច្ចុប្បន្នការផលិតមានលក្ខណៈតូចតាចនិងលក្ខណៈគ្រួសារប៉ុណ្ណោះ។ នាពេលខាងមុខ យើងនឹងធ្វើសេនាធិការ និងលើកឡើងនូវវិធានការជាច្រើនបន្ថែមទៀត ដើម្បីរួមចំណែកផ្សព្វផ្សាយ និងចលនាប្រជាជន អភិរក្ស និងអភិវឌ្ឍន៍មុខរបរប្រពៃណី។ ទន្ទឹមនឹងនោះ បង្កើនការផ្សព្វផ្សាយផលិតផលដែលបង្កើតឡើងដោយប្រជាជនឲ្យក្លាយជាទំនិញ អាស្រ័យហេតុនេះ ស្តារមុខរបរតម្បាញប្រពៃណីរបស់ជនជាតិ Nung ឡើងវិញនៅទីនេះ”៕
បកប្រែដោយ Huyen Trang