កម្លាំងចលករជួយប្រជាជនខ្មែរឈោងឈានឡើង
កប.អនឡាញ - ឃុំ Ngai Xuyen (ស្រុក Tra Cu ខេត្ត Tra Vinh វៀតណាម) ជាឃុំមួយដែលមានប្រជាជនខ្មែរជាច្រើនរស់នៅ (ស្មើនឹងជាង ៥២% នៃចំនួនប្រជាជនសរុប)។
បន្ទាប់ពីរយៈពេលជិត ៣ ឆ្នាំនៃការអនុវត្តកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំសម្រាប់ដំណាក់កាល ២០២១-២០៣០; ដំណាក់កាលទី ១ ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៥ (កម្មវិធីលេខ ១៧១៩) ជីវភាពរស់នៅរបស់ប្រជាជនខ្មែរនៅទីនេះមានភាពប្រសើរឡើងដោយឥតឈប់ឈរ និងស្រុកកំណើតក៏កាន់តែរីកចម្រើនផងដែរ។
ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមក អ្នកភូមិ Xoai Thum ឃុំ Ngai Xuyen មានភាពសប្បាយរីករាយយ៉ាងខ្លាំងនៅពេលដែលខ្សែផ្លូវបេតុងធំក្នុងភូមិនេះត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ដែលបង្កភាពងាយស្រួលដល់ការធ្វើដំណើរ។ គម្រោងនេះត្រូវបានបណ្តាក់ទុនពីប្រភពទុននៃកម្មវិធីលេខ ១៧១៩ ដែលមានតម្លៃជាង ១.៤ ពាន់លានដុង។ អ្នកស្រី Thach Kim Huoi នៅភូមិ Xoai Thum បានឲ្យដឹងថា៖ “កាលពីមុន ផ្លូវនេះតូចណាស់ ដែលធ្វើឲ្យពិបាកក្នុងការធ្វើដំណើរ។ អាស្រ័យដោយមានការវិនិយោគពីរដ្ឋក្នុងការពង្រីកផ្លូវ អ្នកគ្រប់គ្នានៅទីនេះសប្បាយចិត្តណាស់”។
    |
 |
អ្នកភូមិ Xoai Thum ឃុំ Ngai Xuyen ពួតដៃគ្នាសាងសង់ផ្លូវដោយមានការឧបត្ថម្ភពីកម្មវិធី លេខ១៧១៩ |
ដោយទទួលបានអត្ថប្រយោជន៍ពីកម្មវិធីលេខ ១៧១៩ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ លោក Danh But នៅភូមិ Xoai Thum មិនអាចលាក់បាំងបាននូវរំភើបសប្បាយរីករាយក្នុងចិត្ត ពីព្រោះក្រុមគ្រួសាររបស់គាត់លែងត្រូវរស់នៅក្នុងផ្ទះទ្រុឌទ្រោមរាល់ពេលមានភ្លៀងធ្លាក់។ ផ្ទះដ៏រឹងមាំ និងធំទូលាយថ្មីដែលសាងសង់ឡើងពីថវិកាជួយឧបត្ថម្ភរបស់កម្មវិធី មិនត្រឹមតែជួយគ្រួសាររបស់គាត់រក្សាលំនឹងជីវភាពរស់នៅប៉ុណ្ណោះទេ ថែមទាំងជាកម្លាំងចលករក្នុងការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារទៀតផង។ ក្នុងនាមជាគ្រួសារក្រីក្រមួយ នៅចុងឆ្នាំ ២០២២ លោក Danh But ត្រូវបានធនាគារគោលនយោបាយសង្គមឲ្យខ្ចីទឹកប្រាក់ចំនួន ៥០ លានដុងពីប្រភពទុននៃកម្មវិធីលេខ ១៧១៩ រួមជាមួយនឹងប្រាក់សំចៃបាន គាត់បានសាងសង់ផ្ទះឡើងវិញក្នុងតម្លៃជិត ១០០ លានដុង។ លោក Danh But បានចែករំលែកថា៖ “ផ្ទះចាស់របស់គ្រួសារខ្ញុំមានការខូចខាតយូរមកហើយ ប៉ុន្តែគ្មានលុយជួសជុលទេ។ អាស្រ័យដោយមានកម្ចីអនុគ្រោះ ខ្ញុំអាចសាងសង់ផ្ទះរឹងមាំបាន។ នេះជាការជួយឧបត្ថម្ភទាន់ពេលវេលា និងជាការលើកទឹកចិត្តសម្រាប់ក្រុមគ្រួសារបន្តខិតខំប្រឹងប្រែងអភិវឌ្ឍសេដ្ឋកិច្ចឱ្យមានជីវភាពកាន់តែប្រសើរឡើង”។
លោក Kien Thanh Huy Sal ប្រធានគណៈកម្មាធិការប្រជាជនឃុំ Ngai Xuyen បានឲ្យដឹងថា៖ “នៅឆ្នាំ២០២២ ដោយអនុវត្តកម្មវិធីជំនួយលំនៅដ្ឋានក្រោមកម្មវិធីលេខ ១៧១៩ ឃុំ Ngai Xuyen បានសាងសង់ផ្ទះចំនួន ១៩ ខ្នង ជូនដល់គ្រួសារដែលជួបការលំបាក។ ទន្ទឹមនឹងនោះ ធនាគារគោលនយោបាយសង្គមបានជួយឧបត្ថម្ភគ្រួសារចំនួន ៥៣ គ្រួសារជាមួយនឹងប្រាក់កម្ចីក្នុងអត្រាការប្រាក់អនុគ្រោះសម្រាប់ការសាងសង់ និងជួសជុលផ្ទះឡើងវិញ។ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត Tra Vinh បានជួយឧបត្ថម្ភសាងសង់ផ្ទះមហាសាមគ្គីចំនួន ១៧ ខ្នង។ល។ មកទល់សព្វថ្ងៃនេះ ឃុំទាំងមូលមានគ្រួសារចំនួន ២,៩៣៦ ដែលមានផ្ទះតាមបទដ្ឋានកំណត់ (ស្មើនឹង ៩៣.៤៧%) គ្មានផ្ទះបណ្ដោះអាសន្ន ឬផ្ទះទ្រុឌទ្រោមទៀតទេ។ លើសពីនេះ ឃុំបានសម្របសម្រួលជាមួយធនាគារគោលនយោបាយសង្គម ជួយឧបត្ថម្ភដល់គ្រួសារចំនួន ១៨ ដើម្បីផ្លាស់ប្តូរការងារ និងផ្តល់ជំនួយទឹកស្អាតដល់គ្រួសារចំនួន១៤។ គម្រោងដែលត្រូវបានសាងសង់ បំពេញតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋសម្រាប់ការធ្វើដំណើរ សកម្មភាពកម្សាន្ត លើកកម្ពស់ជីវភាពខាងសម្ភារៈ និងស្មារតីរបស់ប្រជាជន”។
ការអនុវត្តកម្មវិធីលេខ ១៧១៩ ប្រកបដោយប្រសិទ្ធភាពបានជួយជនរួមជាតិខ្មែរនៅឃុំ Ngai Xuyen មានកន្លែងរស់នៅប្រកបដោយស្ថិរភាព រក្សាលំនឹងជីវភាពរស់នៅ។ ដោយហេតុនេះ ជីវភាពរស់នៅរបស់ប្រជាជនបានប្រសើរឡើង រួចផុតពីភាពក្រីក្រ ហើយមុខមាត់ជនបទដែលមានជនរួមជាតិខ្មែររស់នៅច្រើន ក៏កាន់តែមានភាពរីកចម្រើនផងដែរ៕
បកប្រែដោយ Huyen Trang