គោលនយោបាយនិងការអភិវឌ្ឍ
ភូមិ Buor រក្សាវប្បធម៌ប្រពៃណី
កប.អនឡាញ - អស់រយៈពេលរាប់សិបឆ្នាំកន្លងមកហើយ ដោយមានការយកចិត្ដទុកដាក់និងជួយគាំទ្រពីបក្ស និងរដ្ឋ ជនរួមជាតិ Ede នៅភូមិ Buor ឃុំ Tam Thang (Cu Jut ខេត្ដ Dak Nong) បានខិតខំប្រឹងប្រែងអភិរក្ស និងផ្សព្វផ្សាយវប្បធម៌ប្រពៃណីនៅទឹកដីខ្ពង់រាប Tay Nguyen ខាងត្បូង។
ភូមិ Buor គឺជាភូមិបុរាណមួយក្នុងចំណោមភូមិបុរាណចំនួន ៤ របស់ជនជាតិ Ede ក្នុងខេត្ត Dak Nong ដែលមានទីតាំងនៅច្រាំងទន្លេ Serepok ដែលមានស្ពានលេខ ១៤ តភ្ជាប់ខេត្ដ Dak Nong និងខេត្ដ Dak Lak។ ធ្វើដំណើរជាមួយយើងខ្ញុំទៅភូមិ Buor លោក Tran Manh Truong ជាកម្មាភិបាលវប្បធម៌ឃុំ Tam Thang បានលើកឡើងថា៖ “ភូមិ Buor នៃជនជាតិ Ede ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៨៩៣ និងឆ្នាំ ១៨៩៤ នៅពេលដែលបារាំងសាងសង់ស្ពាន Serepok (ឆ្លងកាត់ទន្លេ Serepok)។ បច្ចុប្បន្ននេះ ក្នុងភូមិមានគ្រួសារចំនួន ២០១ គ្រួសារ និងប្រជាជន ១,១៨០ នាក់ ដែលក្នុងនោះ ជនជាតិ Ede មានចំនួន ៩៩% ។ ទន្ទឹមនឹងការអភិវឌ្ឍរបស់ឃុំ Tam Thang - មូលដ្ឋានកំពុងអនុវត្តការកសាងជនបទថ្មី បច្ចុប្បន្នជីវភាពរស់នៅរបស់ជនជាតិ Ede នៅភូមិ Buor បានផ្លាស់ថ្មីជាច្រើន។
ក្រៅពីទទួលប្រាក់ចំណូលពីការផលិតកាហ្វេនិងម្រេច ជនរួមជាតិនៅមានការអភិវឌ្ឍមុខរបរតម្បាញ ធ្វើស្រែចំការ និងនេសាទនៅតាមដងទន្លេ Serepok ហើយកំពុងឆ្ពោះទៅរកការអភិវឌ្ឍទេសចរណ៍អេកូឡូស៊ី ដែលផ្សារភ្ជាប់នឹងវប្បធម៌។ អាស្រ័យហេតុនេះ អត្រាគ្រួសារក្រីក្រក្នុងភូមិ Buor មានត្រឹមតែ ០,០៨% ប៉ុណ្ណោះ។ ភូមិ Buor បានក្លាយជាភូមិវប្បធម៌គំរូរបស់ជនរួមជាតិ Ede នៅខេត្ដ Dak Nong។
|
|
បច្ចុប្បន្ននេះ ប្រជាពលរដ្ឋជាង ៨០ គ្រួសារនៅភូមិ Buor រក្សាមុខរបរតម្បាញប្រពៃណី |
យោងតាមលោក Tran The Quang លេខាគណៈកម្មាធិការបក្ស ប្រធានគណៈកម្មាធិការប្រជាជនឃុំ Tam Thang៖ ភូមិ Buor ត្រូវបានខេត្ត Dak Nong ជ្រើសរើសជាកន្លែងស្ថិតក្នុងផែនការអភិវឌ្ឍទេសចរណ៍អេកូឡូស៊ី និងវប្បធម៌ក្នុងខេត្ត។ ភូមិខ្លះនៃឃុំដែលមានទីតាំងនៅមាត់ទន្លេ Serepok ត្រូវបានបង្កើតជា "ទីក្រុងទេសចរណ៍" តាមដងទន្លេ។
ចាប់តាំងពីឆ្នាំ ២០០៧ មក ដើម្បីគាំទ្រភូមិ Buor អភិរក្ស និងលើកតម្កើងវប្បធម៌ប្រពៃណី ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍វៀតណាមបានអនុវត្តគម្រោង “អភិរក្សភូមិ Buor បុរាណរបស់ជនជាតិ Ede ឃុំ Tam Thang ស្រុក Cu Jut ខេត្ត Dak Nong"។ គម្រោងនេះចំណាយថវិកាសរុបចំនួន ៦,៧ ពាន់លានដុង ដែលក្នុងនោះមាន គម្រោងសាងសង់ផ្ទះវប្បធម៌សហគមន៍ក្នុងភូមិ; សាងសង់ផ្លូវក្នុងភូមិ; ស្ដារអណ្តូងបុរាណ; ជួសជុលផ្ទះបុរាណចំនួន ៣ ខ្នង របស់ជនជាតិ Ede។
ក្រៅពីការវិនិយោគពីមជ្ឈិម ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ខេត្ត Dak Nong ក៏បានអនុវត្តគម្រោងផ្គត់ផ្គង់គង ស្តារពិធីបុណ្យ គាំទ្រការអភិវឌ្ឍភូមិសិប្បកម្ម និងស្ដារឡើងវិញនូវពិធីបុណ្យ និងជួយអភិវឌ្ឍភូមិមុខរបរ និងក្រុមសហប្រតិបត្តិការតម្បាញ។ អាស្រ័យហេតុនេះ ភូមិ Buor បានស្ដារឡើងវិញនិងលើកតម្កើងប្រពៃណីវប្បធម៌របស់ជនជាតិ Ede ដែលបន្សល់ទុកពីជំនាន់ជាច្រើន។ យោងតាមស្ថិតិបឋមនាពេលថ្មីៗនេះ ភូមិ Buor នៅតែរក្សានិងជួសជុលឡើងវិញនូវផ្ទះឈើប្រពៃណីចំនួន ១៨ ខ្នង រួមទាំងផ្ទះឈើបុរាណចំនួន ១០ ផងដែរ ហើយ ៥៤ គ្រួសារនៅតែរក្សា និងចេះប្រគុំគង។
វិចិត្រករជាច្រើនរូបដូចជាវិចិត្រករ Y Sim Eban មិនត្រឹមតែរក្សានូវឈុតគងដ៏មានតម្លៃប៉ុណ្ណោះទេ ថែមទាំងបានចេះវាយគងបុរាណ និងនិពន្ធបានការវាយគងថ្មីដែលស្របនឹងចង្វាក់ជីវិតសម័យទំនើបផងដែរ។ ក្នុងដំណើរអភិវឌ្ឍន៍ក្នុងប៉ុន្មានឆ្នាំខាងមុខ ជនជាតិ Ede នៅភូមិ Buor រំពឹងថានឹងបន្តទទួលបានការគាំទ្រពីផ្នែកវប្បធម៌ពីថ្នាក់មជ្ឈិមដល់ថ្នាក់មូលដ្ឋាន ដើម្បីលើកតម្កើងតម្លៃវប្បធម៌ប្រពៃណីប្រកបដោយប្រសិទ្ធភាព ជាពិសេសការស្តារឡើងវិញនូវពិធីបុណ្យ; អភិវឌ្ឍមុខរបរតម្បាញដែលផ្សារភ្ជាប់ជាមួយទេសចរណ៍អេកូឡូស៊ី និងវប្បធម៌៕
បកប្រែដោយ Pham Diep