យើងខ្ញុំបានមកដល់ផ្ទះរបស់លោក Lam Hoang Trung នៅភូមិ Tam Soc D2 ឃុំ My Thuan ស្រុក My Tu ខេត្ត Soc Trang ។ ទោះបីជិតពេលថ្ងៃត្រង់ក៏ដោយ ក៏លោក Trung នៅតែជ្រមុជខ្លួននៅក្នុងស្រះ ដើម្បីដកផ្កាព្រលិត។

គ្រួសារលោក Trung មានស្រះដាំព្រលិត ជាង ២០០០ ម៉ែត្រការ៉េ។ ចាប់តាំងពីការរាតត្បាតនៃជំងឺកូវីដ-១៩ លើកទី៤ មកទល់នឹងពេលនេះ ជារៀងរាល់សប្តាហ៍លោកបានដកផ្កាព្រលិតជាង ៣០០គីឡូក្រាម ដើម្បីជួយគាំទ្រដល់អ្នកធ្វើការនៅតាមកន្លែងធ្វើចត្តាឡីស័ក និងប៉ុស្តិ៍ត្រួតពិនិត្យជំងឺរាតត្បាត។ ចំនួនផ្កាព្រលិតលើកនេះ រួមជាមួយនឹងកសិផល និងស្បៀងដែលប្រមូលបានពីគ្រួសារទាំងឡាយក្នុងភូមិ លោក Trung បានផ្ញើជូនកម្មាភិបាល និងយុទ្ធជនដែលកំពុងបំពេញភារកិច្ចនៅជួរមុខ។

leftcenterrightdel
កងសេនាជន​នៅស្រុក My Tu (Soc Trang) និងប្រជាជនបានដកផ្កាព្រលិត ដើម្បីជួយគាំទ្រដល់អ្នកធ្វើការនៅជួរមុខប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត

ក៏ដូចលោក Lam Hoang Trung ដែរ ជារៀង​រាល់​សប្តាហ៍ លោក Dao Thanh Han នៅភូមិ Dac The ឃុំ Ho Dac Kien ស្រុក Chau Thanh ក៏បានប្រមូលផលផ្កាព្រលិត និងត្រកួន​រាប់រយគីឡូក្រាម ដើម្បីផ្ញើទៅកាន់ផ្ទះបាយនៅកន្លែងធ្វើចត្តាឡីស័កនៃបញ្ជាការដ្ឋានយោធាស្រុក និងប្រជាជនក្រីក្រនៅក្នុងមូលដ្ឋាន។

ប៉ុន្មានថ្ងៃកន្លងទៅនេះ ដោយឃើញផ្ទាល់ភ្នែកនូវរូបភាពជនជាតិខ្មែរ និងជនជាតិចិននៅខេត្ត Soc Trang ព្យាយាមដឹកជញ្ជូនកសិផល និងស្បៀងអាហារ ទៅជួយគាំទ្រដល់អ្នកធ្វើការនៅជួរមុខ យើងខ្ញុំកាន់តែឃើញច្បាស់នូវស្មារតីជួយគ្នាទៅវិញទៅមក។

ចែករំលែកជាមួយយើងខ្ញុំ លោកវរសេនីយ៍ឯក Huynh Thanh Ha ប្រធាននយោបាយនៃបញ្ជការដ្ឋានយោធាស្រុក Chau Thanh (បញ្ជាការដ្ឋានយោធាខេត្ត Soc Trang) មានប្រសាសន៍ថា៖ “ចាប់តាំងពីការរីករាលដាលនៃជំងឺ Covid-19 រហូតមកដល់ពេលនេះ អង្គភាពបានរៀបចំផ្ទះបាយប្រមូលផ្តុំដើម្បីបម្រើប្រជាពលរដ្ឋដែលមកធ្វើចត្តាឡីស័ក និងកងកម្លាំងជួរមុខក្នុងការបង្ការ និងទប់ស្កាត់ជំងឺរាតត្បាតនៅតាមប៉ុស្តិ៍ត្រួតពិនិត្យជំងឺរាតត្បាតក្នុងស្រុក។

អង្គភាពបានសម្របសម្រួលជាមួយស្ថាប័ន មន្ទីរ  និងអង្គការមហាជននានា ដើម្បីផ្សព្វផ្សាយ និងចលនាការគាំទ្រពីប្រជាពលរដ្ឋនៅតំបន់ ហើយទន្ទឹមនឹងនោះ បាន​ចាត់​បញ្ជូនកងសេនា​ជន​ទៅទទួល និងដឹកជញ្ជូនកសិផល និងស្បៀងអាហារ។ ទោះបីនៅជួបការលំបាកក៏ដោយ ក៏ប៉ុន្តែប្រជាជនមានការឯកភាពខ្ពស់ ដែលបាន​ជួយគាំទ្រ​ស្បៀងអាហារជាច្រើនប្រភេទ ដូចជា អង្ករ មីកញ្ចប់ សាច់ ត្រី បន្លែ មើម និងផ្លែឈើគ្រប់ប្រភេទជាដើម”។

លោក Ngo Thanh Toan ប្រធានគណៈកម្មាធិការប្រជាជនស្រុក Chau Thanh បានអះអាងថា៖ “ការរួមវិភាគទាន និងការគាំទ្រពីសហគមន៍ពិតជាមានតម្លៃណាស់។ ការងារដ៏មានអត្ថន័យទាំងនេះរបស់ប្រជាជនបានបង្កើនកម្លាំងដល់អ្នកបំពេញភារកិច្ចនៅជួរមុខប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត បង្ហាញស្មារតីសាមគ្គីភាព ការជួយគ្នាទៅវិញទៅមក និងការប្តេជ្ញាចិត្ត ក្នុង​ការ​ទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាត Covid-19 ដើម្បីវិលមករកជីវភាពធម្មតាវិញក្នុងពេលឆាប់ៗនេះ”៕

បកប្រែដោយ Duy Hoan