ប្រទេសវៀតណាមមានសក្តានុពលក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចលេចធ្លោជាងគេនៅទ្វីបអាស៊ីទោះបីមានការប្រឈមនឹងវិបត្តិពីជម្ងឺ COVID-19 ក្តី។ នេះគឺជាការសន្និដ្ឋានរបស់សេដ្ឋវិទូអាស៊ាន Edward Teather ដែលជាអ្នកស្រាវជ្រាវសេដ្ឋកិច្ចឈានមុខគេនៃទីភ្នាក់ងារស្រាវជ្រាវសេដ្ឋកិច្ចពហុជាតិ UBS ។

leftcenterrightdel
ប្រទេសវៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចលេចធ្លោជាងគេនៅអាស៊ី

 

យោងតាមអ្នកជំនាញរូបនេះ ទោះបីវៀតណាមកំពុងរងការខូចខាតខ្លះពីផលប៉ះពាល់នៃការរីករាលដាលជំងឺ COVID-19 ក៏ពិតមែន ក៏ប៉ុន្តែអនាគតរបស់ប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះនៅតែត្រូវបានគេវាយតំលៃថា គឺភ្លឺស្វាងជាងគេនៅក្នុងតំបន់។ ជាក់ស្តែង ការលក់រាយ ការនាំចូល និងផលិតកម្មឧស្សាហកម្មទាំងអស់ស្ទើរតែបានកើនឡើងនៅក្នុងខែមិថុនា ឆ្នាំ ២០២០ ហើយនេះគឺជាចំណុចវិជ្ជមានជាងបើប្រៀបធៀបជាមួយនឹងខឿនសេដ្ឋកិច្ចភាគច្រើននានានៅក្នុងតំបន់។

បន្ថែមលើនេះ ផលិតផលក្នុងស្រុកសរុបរបស់វៀតណាមនៅត្រីមាសទី ២ ឆ្នាំ២០២០ ត្រូវបានគេប៉ាន់ស្មានថានៅតែមានការកើនឡើងបន្តិច គឺប្រហែល ០.៣៦ % បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈដែលផលិតផលក្នុងស្រុកសរុបនៃខឿនសេដ្ឋកិច្ចផ្សេងទៀតបានធ្លាក់ចុះយ៉ាងគំហុកក្នុងត្រីមាសនេះ។

លើសពីនេះទៀត វៀតណាមមានឧត្តមភាពក្នុងការបន្តគ្របដណ្តប់ចំណែកទីផ្សារពិភពលោកនៃការនាំចេញនាពេលអនាគ ហើយនិងក្លាយជាគោលដៅដ៏ល្អសម្រាប់គ្រប់សាជីវកម្មពហុជាតិដែលទាក់ទាញការវិនិយោគបរទេសយ៉ាងខ្លាំង (FDI) ។ អ្នកជំនាញ Teather បាននិយាយថា ការឆ្លើយតបដោយជោគជ័យរបស់ប្រទេសវៀតណាមចំពោះជំងឺ COVID-19 បានជួយលើកកម្ពស់កិត្យានុភាព និងជំហររបស់ខ្លួន។

អត្ថាធិប្បាយពីរាល់វិធានការនៃការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 នៅប្រទេសវៀតណាមនោះ វិទ្យាស្ថានស្រាវជ្រាវ Nikkei BP នៅថ្ងៃទី ៩ ខែកក្កដា បានចេញផ្សាយអត្ថបទមួយដោយនិយាយថា ប្រទេសជប៉ុនរៀនមេរៀនជាច្រើនពីប្រទេសវៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។ យោងតាមអត្ថបទនេះ ទោះបីមានប្រជាជនរហូតដល់ ៩៦ លាននាក់ក្តី ប៉ុន្តែមានតែ ៣៦៩ ករណីឆ្លង​ជំងឺប៉ុណ្ណោះ ហើយគ្មានអ្នកណាស្លាប់នោះទេ ប្រទេសវៀតណាមបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីសហគមន៍អន្តរជាតិជាមួយនឹងគោលនយោបាយបង្ការការរីករាលដាលនៃជំងឺ។ វិទ្យាស្ថានស្រាវជ្រាវ Nikkei BP សន្និដ្ឋានថា អត្ថប្រយោជន៍នៃការរួមបញ្ចូលបច្ចេកវិទ្យា វិទ្យាសាស្ត្រ ជាមួយនិងការប្រើប្រាស់ទិន្នន័យបានរួមចំណែកយ៉ាងសំខាន់ក្នុងការបង្ការប្រកបដោយជោគជ័យនៃការរីករាលដាលជំងឺឆ្លងនៅវៀតណាម។

ទន្ទឹមនឹងនេះទំព័រកាសែតពាណិជ្ជកម្ម និងហិរញ្ញវត្ថុ Business Insider ដែលគ្រប់គ្រងដោយក្រុមហ៊ុន Axel Springer ធំជាងគេនៅអាឡឺម៉ង់ក៏បានលើកឡើងពីការវិភាគដែលបង្ហាញថា សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមកំពុងងើបឡើងវិញយ៉ាងឆាប់រហ័សដោយសារការឆ្លើយតបបានឆាប់ជាមួយនឹងការរីករាលដាលនៃជំងឺ COVID-19 ៕

បកប្រែដោយ Minh Trung