យោងតាមសារព័ត៌មាន CNN ក្រោយពីឆ្នាំ ១៩៧៥  វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសក្រីក្របំផុតនៅលើពិភពលោក។ ចាប់តាំងពីពេលនោះមក សេដ្ឋកិច្ចវៀតណាមមានការជឿនលឿនគួរឱ្យកត់សម្គាល់គឺច្រើនតែដោយសារការអនុវត្តនវានុវត្តន៍ដែលបានផ្តួចផ្តើមឡើងក្នុងឆ្នាំ ១៩៨៦។ ចាប់ពីឆ្នាំ ២០០២ ដល់ឆ្នាំ ២០១៨ ប្រជាជនវៀតណាមចំនួនជាង ៤៥ លាននាក់បានរួចផុតពីភាពក្រីក្រគ្រាពេលដែលប្រទេសជំរុញការអភិវឌ្ឍឧស្សាហកម្មដូចជាវាយនភណ្ឌ ប្លាស្ទិក ក្រដាស ទេសចរណ៍ ទូរគមនាគមន៍ ... បច្ចុប្បន្ននេះប្រទេសវៀតណាមកំពុង មានការផ្លាស់ប្តូរថ្មីមួយទៀតដោយពឹងផ្អែកលើបច្ចេកវិទ្យា។

leftcenterrightdel
ប្រជាជនវៀតណាមមានចំណូលចិត្តយ៉ាងខ្លាំងក្នុងការប្រើប្រាស់ស្មាតហ្វូន

 

ហេដ្ឋារចនាសម្ព័ន្ធថ្មីបង្កលក្ខណៈងាយស្រួលសំរាប់ប្រជាជនវៀតណាមក្នុងការប្រើប្រាស់អ៊ិនធរណេត។ របាយការណ៍ឆ្នាំ ២០១៨ មួយរបស់ក្រុមហ៊ុន Google និងក្រុមហ៊ុន Temasek Group (សិង្ហបុរី) បានពិពណ៌នាអំពីសេដ្ឋកិច្ចឌីជីថលរបស់ប្រទេសវៀតណាមដែលកំពុងកើនឡើងជាង ៤០% ជារៀងរាល់ឆ្នាំ ហើយបានចាត់ទុកជា“ នាគមួយកំពុងរើខ្លួន”។ ក្នុងនោះរបាយការណ៍មួយនៅឆ្នាំ ២០១៩ របស់  Google  និងសមាគមទីផ្សារទូរស័ព្ទបានបញ្ជាក់ថាវៀតណាមជា“ទីផ្សារដែលផ្សាភ្ជាប់នឹងទូរស័ព្ទចល័ត” ដែលមានស្មាតហ្វូនជាង ៥១ លានគ្រឿង។ អ្នកប្រើប្រាស់អ៊ីនធឺណេតស្ទើរតែទាំងអស់នៅក្នុងប្រទេសវៀតណាមមានស្មាតហ្វូន ហើយបីភាគបួននៃពួកគេចាត់ទុកស្មាតហ្វូនជាឧបករណ៍ភ្ជាប់អ៊ីធឺណិតដែលពួកគេចូលចិត្ត។

ដើម្បីស្វែងយល់មួយផ្នែកអំពីការផ្លាស់ប្តូរសេដ្ឋកិច្ចរបស់ប្រទេសវៀតណាមដោយសារបច្ចេកវិទ្យា អ្នកយកព័ត៌មានទូរទស្សន៍ CNN បានជជែក ជាមួយមេដឹកនាំនៃបណ្តាសហគ្រាសទើបចាប់ផ្តើមថ្មីនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។ ទូរទស្សន៍ CNN បានដកស្រង់សម្តីលោកស្រី Nguyen Thuy Lien នាយកវិនិយោគនៃក្រុមហ៊ុន បច្ចេកវិទ្យាកំសាន្ត  Appota ដែលជាក្រុមហ៊ុនចាប់ផ្តើមអាជីវកម្ម (startup) ដ៏រសរវើកឈានមុខគេមួយនៅវៀតណាមបាននិយាយថា ប្រជាជនវៀតណាមគ្រប់វ័យចំណាស់ ស្ទើតែចូលចិត្តប្រើប្រាស់ស្មាតហ្វូន។ ជាមួយនឹងការគ្របដណ្តប់លើបណ្តាញធំទូលាយប្រជាជនគ្រប់រូបអាចទទួលបានបណ្តាញ 3G និង 4G សូម្បីតែនៅតំបន់ជនបទ និងតំបន់ភ្នំក្តី។ លើសពីនេះទៅទៀតតម្លៃស្មាតហ្វូននិងសេវាកម្មប្រើប្រាស់អ៊ីនធឺណេតនៅប្រទេសវៀតណាមពិតជាមានការប្រកួតប្រជែងខ្លាំងណាស់។

បង្កើតឡើងក្នុងឆ្នាំ ២០១១ Appota បច្ចុប្បន្នមានអ្នកប្រើប្រាស់ប្រមាណ ៤០ លាននាក់នៅក្នុង “ប្រព័ន្ធអេកូឡូស៊ីឌីជីថល”។ ក្រុមហ៊ុនបានផ្សព្វផ្សាយហ្គេមដែលមានអាជ្ញាប័ណ្ណ (ហ្គេម) ពីអ្នកអភិវឌ្ឍន៍នៅក្នុងប្រទេសចិន (ភាគច្រើនជាល្បែងក្បាច់គុន) ហើយបានបង្កើតកាបូបអេឡិចត្រូនិកសម្រាប់អ្នកប្រើប្រាស់អាចទិញទំនិញនៅក្នុងហ្គេម។ Appota ក៏បង្កើតកម្មវិធីសម្រាប់ការអានសៀវភៅ ការមើលព័ត៌មាន ភាពយន្ត ជាដើម។ លោក Nguyen Thuy Lien មានប្រសាសន៍ថា ការទាក់ទាញការវិនិយោគឥឡូវនេះមានភាពងាយស្រួលជាងមុនដោយភាគច្រើននៃមូលនិធិវិនិយោគមកពីក្រៅប្រទេស ជាពិសេសជប៉ុន និងកូរ៉េខាងត្បូង។ ចក្ខុវិស័យរបស់ Appota គឺការបញ្ចូលស្មាតហ្វូនទៅកន្លែងធ្វើការនិងផ្ទះ។ នោះគឺជាជំហានបន្ទាប់ក្នុងការផ្លាស់ប្តូរឌីជីថល” លោកស្រី Nguyen Thuy Lien បានចែករំលែកជាមួយទូរទស្សន៍ CNN ។

ទន្ទឹមនឹងនេះដែរត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១០ ឥឡូវនេះ Tiki គឺជាផ្នែកមួយនៃវេទិកាពាណិជ្ជកម្មតាមប្រព័ន្ធអ៊ីនធឺណេតឈានមុខគេនៅប្រទេសវៀតណាមដែលមានអ្នកទស្សនាជាមធ្យម ១៧ លាននាក់ និងមានប្រមាណ ៤.៥ លានមុខទំនិញត្រូវបានដឹកជញ្ជូនជារៀងរាល់ខែ។ ផលិតផលដែលលក់ដាច់បំផុតរបស់ Tiki គឺជាគ្រឿងអេឡិចត្រូនិកទោះបីជាការលក់ផលិតផលផ្សេងទៀតដូចជាម៉ូដសម្លៀកបំពាក់ក៏មានការកើនឡើងយ៉ាងខ្លាំងដែរ។

យោងតាមសារព័ត៌មាន CNN ការវិវឌ្ឍន៍របស់ Tiki  គឺជាសក្ខីភាពមួយនៃការរីកចម្រើននៃទីផ្សារពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិករបស់ប្រទេសវៀតណាមដែលត្រូវបានគេប៉ាន់ស្មានថាមានតម្លៃ ៦.២ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០១៩។ អគ្គនាយក Tiki លោក Tran Ngoc Thai Son បាននិយាយថា ការរីកលុតលាស់នេះជាផ្នែកមួយបង្ហាញពីចំនួនប្រជាជនវ័យក្មេង និងការកើនឡើងនៃជីវភាពរបស់ប្រជាជននៅវៀតណាម។ ប្រជាជនវៀតណាមចាប់យកបច្ចេកវិទ្យាថ្មីយ៉ាងឆាប់រហ័សហើយមានសុទិដ្ឋិនិយមអំពីអនាគត - "ប្រការនេះជំរុញឱ្យពួកគេទិញទំនិញតាមអ៊ីនធឺណិត"។ យោងតាមលោក Tran Ngoc Thai Son ស្មាតហ្វូន និងកញ្ចប់អ៊ីនធឺណេតនៅប្រទេសវៀតណាមមានតម្លៃសមរម្យបំផុតខណៈពេលដែលការប្រកួតប្រជែងដ៏ខ្លាំងក្លារវាងសាជីវកម្មអន្តរជាតិ និងក្រុមហ៊ុនចាប់ផ្តើមអាជីវកម្មក្នុងស្រុកជំរុញការច្នៃប្រឌិត និងចំណាប់អារម្មណ៍ដល់ផលប្រយោជន៏អ្នកប្រើប្រាស់” នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។ ជាងពាក់កណ្តាលនៃអ្នកដើរផ្សារនៅប្រទេសវៀតណាមនៅតែប្រើសាច់ប្រាក់។ ដូច្នេះលោក Tran Ngoc Thai Son សង្ឃឹមថា ការទូទាត់តាមអេឡិចត្រូនិក នឹងត្រូវបានអនុវត្តយ៉ាងទូលំទូលាយ។ "អ្នកលក់ទទួលបានប្រាក់ឆាប់ជាង ហើយគ្រប់ជំហានត្រូវបានពន្លឿន។ ជាមួយនឹងការប្រើប្រាស់កាបូបអេឡិចត្រូនិកកើនឡើង ២៨% ក្នុងមួយឆ្នាំនៅប្រទេសវៀតណាម ចំនួនប្រតិបត្តិការអេឡិចត្រូនិកនឹងកើនឡើងបន្តទៀត" នេះតាមការដកស្រង់សម្តីរបស់លោក Tran Ngoc Thai Son ពី CNN៕

បកប្រែដោយ Minh Trung