ស្ពានសម្រាប់ទំនិញវៀតណាមទៅកាន់មជ្ឈឹមបូព៌ា និងអាហ្វ្រិក
កប.អនឡាញ - បន្ទាប់ពីការចរចាអស់រយៈពេលជាងមួយឆ្នាំ វៀតណាម និងអេមីរ៉ាត់អារ៉ាប់រួម (UAE) បានចុះហត្ថលេខាដោយជោគជ័យនូវកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយវៀតណាម-អារ៉ាប់រួម (CEPA)។ នេះគឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដំបូង ដែលវៀតណាមបានចុះហត្ថលេខាជាមួយប្រទេសអារ៉ាប់ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ បើកផ្លូវដ៏សំខាន់សម្រាប់ទំនិញវៀតណាម ជ្រៀតចូលយ៉ាងជ្រៅទៅក្នុងទីផ្សារមជ្ឈឹមបូព៌ា-អាហ្វ្រិក។ ទោះជាយ៉ាងណាក៏ដោយ ដើម្បីទាញយកអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងនេះ អាជីវកម្ម និងភ្នាក់ងារគ្រប់គ្រងត្រូវយកចិត្តទុកដាក់លើកត្តាជាក់លាក់។
លុបចោលពន្ធតាមផែនទីបង្ហាញផ្លូវសម្រាប់ ៩៩% នៃទំហំនាំចេញ
អេមីរ៉ាតអារ៉ាប់រួមជាប្រទេសមួយដែលមានទីតាំងយុទ្ធសាស្ត្រនៅច្រកផ្លូវសម្រាប់ធ្វើពាណិជ្ជកម្មរវាងទ្វីបទាំងបីនៃអាស៊ី អឺរ៉ុប និងអាហ្រ្វិក ហើយជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងហិរញ្ញវត្ថុមួយរបស់ពិភពលោក។ ដូច្នេះ អារ៉ាប់រួមគឺជាច្រកផ្លូវពាណិជ្ជកម្មដ៏សំខាន់មួយនៅមជ្ឈឹមបូព៌ា ដោយមានសក្តានុពលក្នុងការតភ្ជាប់ជាមួយប្រទេសជាច្រើននៅក្នុងតំបន់។ តាមរយៈ UAE ផលិតផលវៀតណាមនឹងងាយស្រួលចូលទៅកាន់ទីផ្សារសំខាន់ៗក្នុងតំបន់ដូចជា អារ៉ាប៊ីសាអូឌីត កាតា និងគុយវ៉ែត ក៏ដូចជាប្រទេសមួយចំនួននៅអាហ្វ្រិកខាងជើង និងអាស៊ីខាងលិច។
ជាមួយនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀង CEPA រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម លោក Nguyen Hong Dien បានចាត់ទុកថា នេះជាគន្លឹះសំខាន់សម្រាប់វៀតណាមក្នុងការទាញយកប្រយោជន៍ពីកាលានុវត្តភាពពាណិជ្ជកម្ម និងវិនិយោគនៅមជ្ឈឹមបូព៌ា - ជាតំបន់ដែលមានសេដ្ឋកិច្ចជាច្រើនប្រកបដោយថាមពលខ្លាំងក្លា។ មានទំហំសេដ្ឋកិច្ចធំ ប៉ុន្តែមិនត្រូវបានយកចិត្តទុកដាក់ពីអាជីវកម្មវៀតណាមក្នុងរយៈពេលមុននោះទេ។
បច្ចុប្បន្ន UAE គឺជាទីផ្សារនាំចេញធំបំផុត និងជាដៃគូពាណិជ្ជកម្មធំទីពីរ (បន្ទាប់ពីគុយវ៉ែត) របស់វៀតណាមនៅអាស៊ីខាងលិច។ ស្ថិតិពីអគ្គនាយកដ្ឋានគយបង្ហាញថា ក្នុងកំឡុងឆ្នាំ ២០១៨-២០២៣ ការផ្លាស់ប្តូរពាណិជ្ជកម្មសរុបរវាងប្រទេសទាំងពីរនឹងមានជាមធ្យមប្រហែល ៥ ពាន់លានដុល្លារក្នុងមួយឆ្នាំ។ ទាក់ទងនឹងសមតុល្យពាណិជ្ជកម្ម វៀតណាមតែងតែមានអតិរេកពាណិជ្ជកម្មធំជាមួយទីផ្សារ UAE (ពី ៣ ទៅ ៤ ពាន់លានដុល្លារក្នុងមួយឆ្នាំ)។ ទាក់ទងនឹងរចនាសម្ព័ន្ធទំនិញ ទំនិញនាំចេញសំខាន់ៗរបស់វៀតណាមទៅកាន់ UAE រួមមានៈ ទូរស័ព្ទដៃ កុំព្យូទ័រ និងគ្រឿងបន្លាស់ ផលិតផលអគ្គិសនី គ្រឿងអេឡិចត្រូនិក ម្រេច អាហារសមុទ្រ ស្បែកជើង និងទំនិញផ្សេងៗទៀត ផលិតផលគ្រាប់ធញ្ញជាតិ ផលិតផលប្លាស្ទិក គ្រឿងសង្ហារឹមឈើ។ ទំនិញនាំចូលសំខាន់ៗរបស់វៀតណាមពី UAE រួមមានៈ វត្ថុធាតុដើមផ្លាស្ទិច ឧស្ម័នប្រេងរាវ (LPG) ផលិតផលប្រេង គ្រឿងផ្សំចំណីសត្វ លោហធាតុមូលដ្ឋាន សារធាតុគីមី...។
|
|
សកម្មភាពផលិតនៅក្រុមហ៊ុនកាតដេរលេខ១០ |
ជាមួយនឹងខ្លឹមសារនៃការចរចាដ៏ទូលំទូលាយ កិច្ចព្រមព្រៀង CEPA សន្យានាំមកនូវផលប្រយោជន៍ប្រកបដោយតុល្យភាពដល់ប្រទេសទាំងពីរ ស្របតាមបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនរបស់វៀតណាម និង UAE។ កិច្ចព្រមព្រៀង CEPA ត្រូវបានចុះហត្ថលេខាដោយមានខ្លឹមសាររួមមាន ពាណិជ្ជកម្មទំនិញ សេវាកម្ម-ការវិនិយោគ ច្បាប់ប្រភពដើម របាំងបច្ចេកទេសចំពោះពាណិជ្ជកម្ម វិធានការចត្តាឡីស័កសត្វ រុក្ខជាតិ គយ ការការពារពាណិជ្ជកម្ម លទ្ធកម្មរបស់រដ្ឋាភិបាល កម្មសិទ្ធិបញ្ញា ច្បាប់-ស្ថាប័ន។ គួរកត់សម្គាល់ថា ភាគីទាំងពីរបានឯកភាពប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្មជាមួយ UAE ប្តេជ្ញាលុបបំបាត់ពន្ធតាមផែនទីបង្ហាញផ្លូវសម្រាប់ ៩៩% នៃទំហំនាំចេញរបស់វៀតណាមទៅកាន់ UAE ខណៈដែលវៀតណាមក៏បានប្តេជ្ញាលុបបំបាត់ពន្ធតាមផែនទីបង្ហាញផ្លូវសម្រាប់ ៩៨.៥% នៃទំហំនាំចេញរបស់ UAE ទៅវៀតណាម។ កិច្ចព្រមព្រៀងនេះក៏រួមបញ្ចូលផងដែរនូវបទប្បញ្ញត្តិជាច្រើនដើម្បីជួយសម្រួលដល់ពាណិជ្ជកម្ម និងការវិនិយោគ ស្របតាមនិន្នាការបច្ចុប្បន្នក្នុងការធ្វើបរិវត្តកម្មឌីជីថល និងការអភិវឌ្ឍន៍បៃតង។
ការវិភាគរបស់ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មបង្ហាញថា ទំនិញវៀតណាមដែលទទួលបានអត្ថប្រយោជន៍ច្រើនបំផុតពីកិច្ចព្រមព្រៀង CEPA គឺ កសិផល ព្រោះនេះជាវិស័យដែលមានតម្រូវការផលិតផលកសិកម្មគុណភាពខ្ពស់ ជាពិសេសផលិតផលស្អាត និងសរីរាង្គ ក៏ដូចជាមានវិញ្ញាបនប័ត្រហាឡាល់ផងដែរ។ បន្ទាប់គឺទំនិញប្រើប្រាស់ រួមមាន វាយនភណ្ឌ និងកាត់ដេរ ស្បែកជើង គ្រឿងអេឡិចត្រូនិច អាហារសមុទ្រ ឈើ និងផលិតផលឈើ... ទាំងនេះគឺជាផលិតផលដែលវៀតណាមមានចំណុចខ្លាំង ហើយការកាត់បន្ថយពន្ធពី CEPA នឹងជួយឱ្យផលិតផលទាំងនេះប្រកួតប្រជែងលើតម្លៃកាន់តែប្រសើរឡើង ក៏ដូចជាពង្រីកចំណែកទីផ្សារនៅក្នុង UAE ដែលជាទីផ្សារដែលមានតម្រូវការខ្ពស់សម្រាប់ទំនិញប្រើប្រាស់ដែលមានគុណភាព។
សិក្សាឱ្យបានច្បាស់លាស់អំពីទម្លាប់ធ្វើអាជីវកម្ម
ផ្លូវសម្រាប់ការនាំចេញទំនិញទៅកាន់ UAE ជាពិសេស និងតំបន់មជ្ឈឹមបូព៌ាជាទូទៅគឺធំទូលាយជាងហើយ។ ទោះជាយ៉ាងណាក៏ដោយ ផលិតផលពីប្រទេសវៀតណាមនៅតែមិនពេញនិយមពីអ្នកប្រើប្រាស់ UAE ភាគច្រើន។ ជាពិសេស ដើម្បីទទួលបានឱកាស ដែល CEPA នាំមក តម្រូវឱ្យអាជីវកម្មសិក្សាយ៉ាងសកម្មអំពីការសន្យានានារបស់កិច្ចព្រមព្រៀង ក៏ដូចជាស្វែងយល់ពីទម្លាប់ធ្វើអាជីវកម្មរបស់ទីផ្សារ UAE និយាយដោយឡែក និងមជ្ឈឹមបូព៌ានិយាយរួម។ ជាពិសេសសម្រាប់ប្រទេសអារ៉ាប់ តម្រូវការអំពីវិញ្ញាបនប័ត្រហាឡាល់គឺមានសារៈសំខាន់ខ្លាំងណាស់។ លើសពីនេះទៀត ម៉ោងធ្វើការរបស់ UAE គឺថ្ងៃអាទិត្យដល់ថ្ងៃព្រហស្បតិ៍ ឈប់សម្រាកថ្ងៃសុក្រ និងថ្ងៃសៅរ៍ ។ ប្រជាជន UAE ចូលចិត្តការប្រជុំទល់មុខគ្នា ជាជាងការហៅទូរសព្ទ ឬអ៊ីមែល។ ដូច្នេះ អាជីវកម្មត្រូវមានយុទ្ធសាស្ត្រវិនិយោគជាប្រព័ន្ធ ដើម្បីកសាងម៉ាកយីហោ និងផ្សព្វផ្សាយផលិតផលនៅក្នុងទីផ្សារដ៏មានសក្តានុពលនេះ។
ដោយសម្រេចបាននូវការប្តេជ្ញាចិត្តនៅក្នុង CEPA ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មត្រូវបានគេរំពឹងថានឹងបង្កើតផែនការលម្អិតមួយដើម្បីអនុវត្តកិច្ចព្រមព្រៀង CEPA ដោយផ្តោតលើក្រុមសំខាន់ៗចំនួន ៣ ។ ជាដំបូង ក្រសួងនឹងបង្កើនការផ្សព្វផ្សាយខ្លឹមសារ និងផលប៉ះពាល់ពីកិច្ចព្រមព្រៀង ដើម្បីលើកកម្ពស់ការយល់ដឹងអំពីខ្លឹមសារនៃការសន្យានានា ក៏ដូចជាការងារដែលត្រូវធ្វើ ដើម្បីទាញយកផលប្រយោជន៍ប្រកបដោយប្រសិទ្ធភាពពីឱកាសដែលកិច្ចព្រមព្រៀងនាំមក។ លើសពីនេះ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម ផ្តោតលើការកសាងច្បាប់ និងស្ថាប័ន។ ក្រសួងនឹងសម្របសម្រួលជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីធ្វើវិសោធនកម្ម និងបន្ថែមឯកសារច្បាប់ ហើយបញ្ជូនវាទៅអាជ្ញាធរមានសមត្ថកិច្ច ដើម្បីអនុម័ត និងប្រកាស់ឲ្យប្រើប្រាស់ តាមផែនទីបង្ហាញផ្លូវដែលបានកំណត់ក្នុងកិច្ចព្រមព្រៀង CEPA ដែលរួមមានក្រឹត្យរបស់រដ្ឋាភិបាលដែលប្រកាសឱ្យប្រើប្រាស់តារាំងពន្ធនាំចូលអនុគ្រោះពិសេសរបស់ CEPA ដើម្បីអនុវត្តសម្រាប់ UAE និងសារាចរស្តីពីច្បាប់នៃប្រភពដើមនៅក្នុង CEPA ។
ជាពិសេស បើយោងតាមថ្នាក់ដឹកនាំក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម ខ្លឹមសារសំខាន់មួយក្នុងផែនការអនុវត្ត CEPA គឺការតភ្ជាប់អាជីវកម្ម UAE ដើម្បីធ្វើការវិនិយោគលើវិស័យផលិតកម្មឧស្សាហកម្ម ថាមពល ភស្តុភារ... ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មក៏នឹង សម្របសម្រួលជាមួយក្រសួង និងស្ថាប័ននានា ដើម្បីផ្តោតលើការអនុវត្តការងារនានា ដូចជា បង្កើតកម្មវិធីគាំទ្រ និងលើកកំពស់ការប្រកួតប្រជែងសម្រាប់ទំនិញ និងអាជីវកម្ម ជាពិសេសសហគ្រាសធុនតូច មធ្យម និងទំនើប ក្នុងដំណើរការស្វែងរក និងជ្រៀតចូលទីផ្សារនាំចេញថ្មីក្នុងតំបន់ និងបំពេញតាមតម្រូវការក្នុងប្រទេសនាំចូល រួមទាំងវិញ្ញាបនប័ត្រហាឡាល់។
បកប្រែដោយ Duy Hoan