ក្នុងបរិបទដែលសេដ្ឋកិច្ចពិភពលោកកំពុងបន្ថយល្បឿន ខួបអាជីវកម្មជិតចប់ហើយ ទោះបីអាចមានគ្រោះថ្នាក់ផ្ទុះឡើងនូវវិបត្តិសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសាជាថ្មីក្តី ប៉ុន្តែវៀតណាមនៅតែជាផ្កាយភ្លឺបំផុតដែលបង្ហាញពីកំណើនសេដ្ឋកិច្ចលឿន និងមានស្ថេរភាព។ នេះជាការសន្និដ្ឋានរបស់លោក Vladimir Mazyrin ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវវៀតណាម និងអាស៊ាននៃវិទ្យាស្ថានចុងបូព៌ានៃបណ្ឌិត្យសភាវិទ្យាសាស្ត្ររុស្ស៊ី។ ថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មាន Sputnik លោក Mazyrin បានដកស្រង់ទិន្នន័យរបស់អគ្គនាយកដ្ឋានស្ថិតិទូទៅនៃប្រទេសវៀតណាមឲ្យដឹងថា ក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០១៩ ផលិតផលក្នុងស្រុកសរុបរបស់វៀតណាមបានកើនឡើង ៦.៩៨% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៨។ លើសពីនេះទៅទៀតថ្មីៗនេះ យោងទៅតាមចំណាត់ថ្នាក់នៃការប្រកួតប្រជែងជាសកលនៅឆ្នាំ ២០១៩ វៀតណាមបានកើនឡើង ១០ ចំណាត់ថ្នាក់និងឈរនៅលំដាប់ទី ៦៧ ហើយនាំមុខប្រទេសឥណ្ឌា ដែលជាប្រទេសមានសេដ្ឋកិច្ចធំលំដាប់ទី ៦ លើពិភពលោក។ បន្ថែមពីលើនេះ លោក Mazyrin បានមានប្រសាសន៍ថាក្នុងនាមជាប្រទេសមួយដែលមានស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច តម្លៃរូបិយប័ណ្ណជាតិមានស្ថេរភាព ប្រទេសវៀតណាមក៏ជាគំរូឧទាហរណ៍មួយសម្រាប់ប្រទេសជាច្រើនផងដែរ។

leftcenterrightdel
ទិដ្ឋភាពមួយជ្រុងនៃទីក្រុងហាណូយ

 

នៅក្នុងអត្ថបទថ្មីៗដែលចុះផ្សាយលើគេហទំព័រព័ត៌មាន IAREX របស់រុស្ស៊ី លោក Grigory Trofimchuk ប្រធានក្រុមប្រឹក្សាជំនាញការនៃមូលនិធិទ្រទ្រង់ការស្រាវជ្រាវវិទ្យាសាស្ត្រ "គំនិតអាស៊ាន-អឺរ៉ុប" បានមានសេចក្តីសន្និដ្ឋានថា ដើម្បីទទួលស្គាល់ការងើបឡើងនៃទ្វីបអាស៊ីនោះ ប្រទេសរុស្ស៊ីនឹងត្រូវវាយតម្លៃយ៉ាងត្រឹមត្រូវអំពីប្រទេសសំខាន់ៗនីមួយៗនៅអឌ្ឍគោលបូព៌ា រួមទាំងប្រទេសវៀតណាមដែលឈានមុខគេក្នុងការអភិវឌ្ឍលើវិស័យសំខាន់ៗជាច្រើន។ យោងទៅតាមលោក Grigory Trofimchuk ប្រទេសវៀតណាមកំពុងក្លាយជា“ ផ្កាយ”ភ្លឺជាងគេនៅបូព៌ា ជាពិសេសនៅអាស៊ីអាគ្នេយ៍។

ដោយពន្យល់អំពីកំណើនសេដ្ឋកិច្ចគួរឱ្យចាប់អារម្មណ៍នៅប្រទេសវៀតណាមលោក Mazyrin បានមានប្រសាសន៍ថាប្រទេសវៀតណាមទទួលបានសមិទ្ធិផលខាងលើគឺដោយសារគោលនយោបាយរបស់រដ្ឋវៀតណាមក្នុងការតំរង់ទិសសង្គមដើម្បីបម្រើដល់ដំណើរការនៃការអភិវឌ្ឍសេដ្ឋកិច្ច ដោយហេតុនេះធ្វើឱ្យប្រសើរឡើងនូវសូចនាករសង្គមជាច្រើន។ លើសពីនេះទៀតលោក Mazyrin បានមានប្រសាសន៍ថា ក្នុងចំណោមកត្តាដែលជំរុញឱ្យប្រទេសវៀតណាមលោតផ្លោះគួរឱ្យចាប់អារម្មណ៍នៅក្នុងចំណាត់ថ្នាក់នៃការប្រកួតប្រជែងពិភពលោកគឺមានទាំងការជំរុញផ្នែកនយោបាយ។ តាមលោកថា ការណ៍នេះបង្ហាញនូវកិត្យានុភាពនយោបាយខ្ពស់របស់វៀតណាមចំពោះប្រទេសអាមេរិកនិងបណ្តាប្រទេសសហភាពអឺរ៉ុប។ បន្ថែមពីលើនេះ លោក Mazyrin ក៏បានអត្ថាធិប្បាយផងដែរថា សេដ្ឋកិច្ចនៃវៀតណាមរក្សាបាននូវសន្ទុះកំណើនថេរដោយសារគោលនយោបាយរបស់វៀតណាមក្នុងការធានាបរិយាកាសធុរកិច្ចអំណោយផល គាំទ្រដល់អាជីវកម្ម រួមទាំងសហគ្រាសធុនតូច និងមធ្យម។ តាមលោកថា នេះជាឱកាសមាសសម្រាប់សហគ្រាសវៀតណាម។ លោកបានសង្កត់ធ្ងន់លើការខិតខំប្រឹងប្រែង និងសមិទ្ធិផលរបស់វៀតណាមក្នុងការជំរុញកំណើនសេដ្ឋកិច្ច ពោលគឺពង្រឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មី ការសម្រួលលក្ខខណ្ឌអាជីវកម្ម និងនីតិវិធីផ្ទៀងផ្ទាត់។ អនុវត្តរដ្ឋាភិបាលអេឡិចត្រូនិច សេដ្ឋកិច្ចឌីជីថល លើកទឹកចិត្តការចាប់ផ្តើមនិងវិធានការជាច្រើនទៀត។

យោងតាមអត្ថបទមួយដែលចុះផ្សាយក្នុងសារព័ត៌មាន Realist របស់រុស្ស៊ី អ្នកជំនាញ Trofimchuk បាននិយាយថា តួនាទី និងជំហររបស់វៀតណាមត្រូវបានអះអាងកាន់តែខ្លាំងឡើងទាំងផ្នែកសេដ្ឋកិច្ច និងនយោបាយ។ ការចូលរួមវិភាគទានយ៉ាងសកម្ម និងប្រសិទ្ធភាពរបស់វៀតណាមចំពោះយន្តការពហុភាគីដូចជាសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី - ប៉ាស៊ីហ្វិក (APEC) និងអង្គការអន្តរជាតិជាច្រើនទៀតគឺជាឧទាហរណ៍នៃរឿងនោះ។

អ្នកជំនាញរុស្ស៊ីបានផ្តល់ការសរសើរដល់ប្រទេសវៀតណាមក្នុងបរិបទដែលប្រទេសទាំងពីរកំពុងស្ថិតក្នុងដំណាក់កាលប្រវត្តិសាស្ត្រដ៏សំខាន់ដែលជាមូលដ្ឋានមួយសម្រាប់ទីក្រុងមូស្គូ និងហាណូយចាប់ផ្តើមអនាគតនៃកិច្ចសហប្រតិបត្តិការថ្មី។ នាថ្ងៃទី ១៦ មិថុនា កន្លងមក ប្រទេសទាំងពីរបានប្រារព្ធខួបលើកទី ២៥ នៃការចុះហត្ថលេខាលើសន្ធិសញ្ញាស្តីពីគោលការណ៍គ្រឹះនៃទំនាក់ទំនងមិត្តភាពវៀតណាម - រុស្ស៊ី (១៦ មិថុនា ១៩៩៤ / ១៦ មិថុនា ២០១៩)។ នៅឆ្នាំ ២០២០ ខាងមុខនេះ រុស្ស៊ី និងវៀតណាមនឹងប្រារព្ធខួប ៧០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូត (៣០ មករា ១៩៥០ / ៣០ មករា ២០២០)។ ដោយហេតុនោះ លោក Trofimchuk បានមានប្រសាសន៍ថា នេះគឺជាឱកាសដ៏ល្អសម្រាប់រុស្ស៊ី និងវៀតណាមអភិវឌ្ឍភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់ខ្លួនបន្ថែមទៀត”។

លោក Trofimchuk បាននិយាយថា ប្រទេសវៀតណាមគឺជាមិត្តដ៏ពិតប្រាកដម្នាក់របស់រុស្ស៊ីនិងប្រជាជនរុស្ស៊ីទាំងមូល។ ទោះបីមានស្ថានភាពស្មុគស្មាញ និងមិនអាចទាយទុកជាមុនបានក្នុងពិភពលោកក៏ដោយក៏ប្រទេសទាំងពីរមិនត្រឹមតែរក្សាប៉ុណ្ណោះទេ ថែមទាំងពង្រឹងកិច្ចសហប្រតិបត្តិការទៀតផង៕

បកប្រែដោយ Minh Trung