ធុរកិច្ចស្វីសមានចំណាប់អរម្មណ៍ចំពោះមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅវៀតណាម
កប.អនឡាញ - យោងតាមសេចក្តីសម្រេចចិត្តលេខ 222/2025/QH15 ដែលបាអនុម័តដោយរដ្ឋសភាវៀតណាមកាលពីថ្ងៃទី ២៧ ខែមិថុនា ចូលជាធរមានចាប់ពីថ្ងៃទី ១ ខែកញ្ញាតទៅ វៀតណាមនឹងបង្កើត និងដំណើរការមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅទីក្រុងហូជីមិញ និងទីក្រុង Da Nang។
ដំណើរនេះក្នុងគោលបំណងកសាងមជ្ឈមណ្ឌលហិរញ្ញវត្ថុទំនើបដែលរួមដំណើរជាមួយនឹងដំណើរការកំណែទម្រង់រដ្ឋបាលដ៏សំខាន់នាបច្ចុប្បន្ន។ ព្រឹត្តិការណ៍នេះមិនត្រឹមតែទាក់ទាញការចាប់អារម្មណ៍ពីមតិសាធារណៈក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែក៏ទទួលបានការយកចិត្តទុកដាក់ពីធុរកិច្ចអន្តរជាតិ រួមទាំងធុរកិច្ចស្វីសទៀតផង។
ក្នុងឱកាសនេះ អ្នកសារព័ត៌មានវៀតណាមប្រចាំប្រទេសស្វីស មានជំនួបសំណេះសំណាលជាមួយលោក Stefan Winzenried ស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនបច្ចេកវិទ្យាស្វីស JANZZ.technology អំពី "ការផ្លាស់ប្តូរ" របស់វៀតណាម និងការរំពឹងទុករបស់ធុរកិច្ចបរទេស។
    |
 |
លោក Stefan Winzenried - ស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនបច្ចេកវិទ្យាស្វីស JANZZ.technology (រូបថត៖ vnanet.vn) |
លោក Winzenried បានចែករំលែកថា “ខ្ញុំតែងតែយកចិត្តទុកដាក់ដល់វៀតណាមជាពិសេសចំពោះទីក្រុងហូជីមិញតាំងពីមកដល់ទីនេះនៅឆ្នាំ១៩៩២ ក្នុងនាមជាអ្នកផ្ដល់យោបល់អំពីយុទ្ធសាស្រ្ត អ្នកប្រឹក្សាផ្នែកទីផ្សារពិភពលោក និងជាផលិតករភាពយន្តផ្សព្វផ្សាយអន្តរជាតិ... ក្រោយមកខ្ញុំគឺជាផលិតករភាពយន្តអន្តរជាតិដំបូងដែលស្វែងយល់ពីសក្តានុពលរបស់ទីក្រុងសម្រាប់គម្រោងធំៗ។ ខ្ញុំពិតជាស្រឡាញ់ទីក្រុងនេះ ហើយសម្រេចចិត្តធ្វើអ្វីមួយនៅទីនេះនាពេលអនាគត។ ប្រហែល ២៥ ឆ្នាំក្រោយមក ខ្ញុំបានជ្រើសរើសទីក្រុងហូជីមិញជាទីតាំងដំបូងសម្រាប់ប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ និងបើកការិយាល័យដំបូងរបស់ JANZZ.technology នៅខាងក្រៅទីស្នាក់ការកណ្តាលនៅទីក្រុង Zurich”។
លោក Wizenried ជឿជាក់ថា មានហេតុផលយុទ្ធសាស្ត្រជាច្រើនដែលធ្វើឲ្យទីក្រុងហូជីមិញក្លាយជាជម្រើសកំពូលសម្រាប់ការបង្កើតមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ ដូចជាសមត្ថភាពតភ្ជាប់ដ៏ល្អជាមួយទីផ្សារផ្សេងទៀតនៅក្នុងតំបន់ ធនធានមនុស្សស្វាហាប់ មាននីតិវិធីដើម្បីបង្កឲ្យមានភាពអំណោយផលសម្រាប់ការបង្កើតក្រុមហ៊ុន។ល។
លោកបានសង្កត់ធ្ងន់ថា ទីក្រុងហូជីមិញដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ចឈានមុខគេ និងជាមជ្ឈមណ្ឌលតភ្ជាប់អន្តរជាតិរបស់វៀតណាម តែងតែនាំមកនូវឱកាសសម្រាប់ធុរកិច្ចបច្ចេកវិទ្យាជាច្រើន ដូចជា JANZZ.technology។ បន្ទាប់ពីការកែទម្រង់រដ្ឋបាលនាពេលថ្មីៗនេះ លោក Wizenried សង្ឃឹមថា ទីក្រុងហូជីមិញនឹងលើកកម្ពស់តួនាទីរបស់ខ្លួនបន្ថែមទៀត កាត់បន្ថយរបាំងរដ្ឋបាល និងបង្កើតលក្ខខណ្ឌអំណោយផលបន្ថែមទៀតសម្រាប់បណ្ដាគម្រោងវិនិយោគរយៈពេលវែង។
    |
 |
ទីក្រុងហូជីមិញដើរតួនាទីឈានមុខគេក្នុងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចសំខាន់នៅភាគខាងត្បូង វៀតណាម (រូបថត៖ vnanet.vn) |
ក្រៅពីទីក្រុងហូជីមិញ លោក Winzenried ជឿជាក់ថា ទីក្រុង Da Nang ក៏ជាទីតាំងដ៏ទាក់ទាញសម្រាប់ JANZZ.technology ផងដែរ។ លោកបានចែករំលែកថា លោកមានជំនួបជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃទីក្រុង Da Nang ក្នុងឆ្នាំ២០២៣ នៅទីក្រុង Zurich។ តាមរយៈជំនួបនេះ លោកជឿជាក់ថា ទីក្រុង Da Nang ដើរតួយ៉ាងសំខាន់ក្នុងការតម្រង់ទិសអភិវឌ្ឍន៍បន្ទាប់របស់ JANZZ.technology នៅអាស៊ីអាគ្នេយ៍។
ជាពិសេស លោក Winzenried បានអត្ថាធិប្បាយថា បន្ទាប់ពីការរួមបញ្ចូលគ្នាជាមួយខេត្ត Quang Nam ទីក្រុង Da Nang មានឱកាសអភិវឌ្ឍជាច្រើន មានធនធានមនុស្សដ៏សម្បូរបែប ពង្រឹងការតភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់ជាមួយមណ្ឌលឧស្សាហកម្ម និងកំពង់ផែសមុទ្រ... លោកបានវាយតម្លៃថា ការកាត់បន្ថយស្ថាប័នរដ្ឋបាល នឹងបង្កើតលក្ខណៈងាយស្រួលសម្រាប់បណ្ដាក្រុមហ៊ុនដូចជា JANZZ.technology ក្នុងការអនុវត្តដំណោះស្រាយបញ្ញាសិប្បនិម្មិត (AI) នៅក្នុងទីផ្សារការងារ រួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាពខ្ពស់នៅទីក្រុង Da Nang៕
បកប្រែដោយ Thanh Cong