ខ្លឹមសារនៃកិច្ចសន្ទនាមិនត្រឹមតែបញ្ជាក់ពីការប្តេជ្ញាចិត្តនយោបាយរបស់ថ្នាក់ដឹកនាំទាំងពីរប៉ុណ្ណោះទេ ថែមទាំងបើកឱកាសថ្មីសម្រាប់ទំនិញវៀតណាម ជ្រៀតចូលកាន់តែស៊ីជម្រៅទៅក្នុងទីផ្សារលេខមួយរបស់ពិភពលោក (អាមេរិក)។ ជាពិសេស លោក Donald Trump ប្រធានាធិបតីអាមេរិក បានប្រកាសថានឹងកាត់បន្ថយពន្ធគយបដិការលើមុខទំនិញនាំចេញជាច្រើនរបស់វៀតណាម ដោយចាត់ទុកថា នេះជាជំហានសុច្ឆន្ទៈរបស់អាមេរិកបន្ទាប់​ពី​វៀតណាម បានសន្យាបើកទីផ្សារសម្រាប់ផលិតផលជាយុទ្ធសាស្ត្រមួយចំនួនរបស់អាមេរិក។

ពន្ធគយបដិការ៖ ឧបសគ្គធំបានចាប់ផ្តើមត្រូវបានដោះស្រាយ

ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ទំនិញវៀតណាម ទោះបីជាគុណភាពទំនិញកាន់តែកើនឡើង និងការប្រកួតប្រជែងកើនឡើងក៏ដោយក៏ទំនិញ​វៀតណាមនៅតែរងនូវពន្ធបដិការខ្ពស់នៅពេលចូលទីផ្សារអាមេរិក។ អត្រាដាក់ពន្ធប្រឆាំងការលក់ទំនិញតម្លៃទាបជាងតម្លៃទីផ្សារ និងប្រឆាំងការឧបត្ថម្ភធនជាមធ្យមសម្រាប់មុខទំនិញវៀតណាមមួយចំនួនដែលចូលអាមេរិកខ្ពស់ជាងពី ១០ ទៅ ២០% បើធៀបនឹងប្រទេសដែលបានទទួលស្គាល់ជាខឿនសេដ្ឋកិច្ចទីផ្សារ។ នេះគឺជាឧបសគ្គដែលធ្វើឲ្យអង្គភាពអាជីវកម្មវៀតណាមពិបាកបង្កើនចំណែកទីផ្សារនៅអាមេរិក ដែលធ្លាប់ជាដៃគូពាណិជ្ជកម្មធំទីពីររបស់​​វៀ​ត​ណាម។

ទោះជាយ៉ាងណាក៏ដោយ ជាមួយនឹងការសន្យាពីលោកប្រធានាធិបតី Donald Trump ថា "អាមេរិកនឹងកាត់បន្ថយពន្ធគយបដិការសម្រាប់ទំនិញវៀតណាម" ទ្វារថ្មីមួយត្រូវបានបើក។ ជាពិសេសយោងតាមខ្លឹមសារដែលលោក Donald Trump បានបង្ហោះនៅលើបណ្ដាញសង្គមបន្ទាប់ពីកិច្ចសន្ទនាតាមទូរស័ព្ទនោះ អាមេរិកនឹងដាក់ពន្ធ ២០% លើទំនិញពីវៀតណាមដែលចូលអាមេរិក ពោលគឺទាបជាងអត្រាពន្ធដែលអនុវត្តក្នុងករណីបណ្តឹងការពារពាណិជ្ជកម្ម។ ផ្ទុយទៅវិញ អាមេរិកនឹងនាំចេញមុខទំនិញជាច្រើនចូលក្នុងទីផ្សារវៀតណាមដោយពន្ធ ០%។

leftcenterrightdel
ការនាំចេញ​ និងនាំចូលនៅកំពង់ផែ Nam Dinh Vu ទីក្រុង Hai Phong

ពាណិជ្ជកម្មទ្វេភាគី៖ មូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការអភិវឌ្ឍ

វៀតណាមបន្តជាដៃគូពាណិជ្ជកម្មឈានមុខគេរបស់អាមេរិកនៅអាស៊ីអាគ្នេយ៍។ ទំនិញសំខាន់ៗរបស់វៀតណាមនាំចេញទៅកាន់អាមេរិករួមមាន វាយនភណ្ឌ គ្រឿងចក្រ ទូរស័ព្ទ និងគ្រឿងបន្លាស់ គ្រឿងសង្ហារឹមឈើ ជលផល។ល។ ទោះជាយ៉ាងណាក៏ដោយ ទំនិញភាគច្រើនមានលក្ខណៈកែច្នៃអាស្រ័យវត្ថុធាតុដើមនាំចូល និងងាយរងគ្រោះពីវិធានការការពារពាណិជ្ជកម្ម។ ទន្ទឹមនឹងនោះ ការពង្រីកពាណិជ្ជកម្មទ្វេភាគីនឹងបើកឱកាសថ្មីសម្រាប់មុខទំនិញដែលមានតម្លៃខ្ពស់ជាង។

ការជំរុញកិច្ចសហប្រតិបត្តិការវៀតណាមនិងអាមេរិកលើគ្រប់វិស័យដូចជា វិទ្យាសាស្ត្រ បច្ចេកវិទ្យាខ្ពស់ ការធ្វើបរិវត្ដកម្មឌីជីថល និងថាមពលស្អាត ក៏បើកឱកាសសម្រាប់វៀតណាមចូលរួមយ៉ាងស៊ីជម្រៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់បច្ចេកវិទ្យាសកល។  ការប្តេជ្ញាចិត្តកម្រិតខ្ពស់លើកនេះនឹងជំរុញឱ្យទុនរបស់អាមេរិកហូរចូលទៅក្នុងឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ ហេដ្ឋារចនាសម្ព័ន្ធឌីជីថល AI និងការផលិតពណ៌បៃតង និងវិស័យដែលភាគីទាំងពីរមានតម្រូវការ និងសក្តានុពល។

យុទ្ធសាស្ត្រ “ផ្ដល់ផលប្រយោជន៍ទៅវិញទៅមក”៖ តើវៀតណាមត្រូវត្រៀមរៀបចំអ្វីខ្លះ?

ទោះបីជាសហរដ្ឋអាមេរិកបានសន្យាកាត់បន្ថយពន្ធគយ និងការបើកទ្វារក៏ដោយ ប៉ុន្ដែគោលនយោបាយពាណិជ្ជកម្មរបស់អាមេរិកនៅតែឈរលើគោលការណ៍ “ផ្ដល់ផលប្រយោជន៍ទៅវិញទៅមក”។ វៀតណាមចាំបាច់ត្រូវកែលម្អបរិយាកាសច្បាប់ ធានាតម្លាភាព ការពារកម្មសិទ្ធិបញ្ញា កំណែទម្រង់ច្បាប់វិនិយោគ... ដើម្បីទទួលបានរលកថ្មីនៃកិច្ចសហប្រតិបត្តិការពីអាមេរិក។ ទន្ទឹមនឹងនោះ ដើម្បីឆ្លៀតឱកាសចូលទីផ្សារអាមេរិក សហគ្រាស​វៀតណាមត្រូវរៀបចំរចនាសម្ព័ន្ធឡើងវិញនូវខ្សែសង្វាក់ផ្គត់ផ្គង់ លើកកំពស់ស្តង់ដារផលិតផល បង្កើនការតម្លាភាពនៃប្រភពដើមទំនិញ។

ទំនាក់ទំនងវៀតណាមនិងអាមេរិកមិនត្រឹមតែជាកិច្ចសហប្រតិបត្តិការទ្វេភាគីប៉ុណ្ណោះទេ ថែមទាំងដើរតួនាទីយ៉ាងសំខាន់ក្នុងស្ថិរភាពតំបន់អាស៊ីប៉ាស៊ីហ្វិកផងដែរ។ ការដែលប្រទេសទាំងពីរព្រមព្រៀងបង្កើនការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ គឺជាមូលដ្ឋានគ្រឹះសម្រាប់ការតភ្ជាប់យូរអង្វែង ដោយផ្អែកលើផលប្រយោជន៍ជាយុទ្ធសាស្ត្រ និងតម្លៃស្មើរគ្នា។ វៀតណាមកំពុងស្ថាបនាសន្តិភាព សហប្រតិបត្ដិការ និងអភិវឌ្ឍន៍  ដោយផ្អែកលើការសន្ទនា និងទំនុកចិត្ត។

ការសន្ទនាតាមទូរស័ព្ទរវាងលោកអគ្គលេខាបក្ស To Lam និងលោកប្រធានាធិបតី Donald Trump មិនត្រឹមតែជាព្រឹត្តិការណ៍ការទូតប៉ុណ្ណោះទេ ថែមទាំងជាកម្លាំងចលករថ្មីសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី។ ឱកាសមាសបានបើកហើយ វៀតណាមត្រូវធ្វើសកម្មភាពយ៉ាងឆាប់រហ័ស និងប្ដេជ្ញាចិត្ដ។ ទំនិញវៀតណាមនឹងមានឱកាសបន្ថែមដើម្បីចូលទីផ្សារអាមេរិក ប្រសិនបើយើងចេះឆ្លៀតយកឱកាសនយោបាយ និង​គោលនយោបាយថ្មី។ ទោះជាយ៉ាងណាក៏ដោយ ឱកាសអាចត្រូវបានផ្លាស់ប្តូរទៅជាអត្ថប្រយោជន៍ពិតប្រាកដ ប្រសិនបើយើងធ្វើកំណែទម្រង់ច្បាប់យ៉ាងសកម្ម  លើកកម្ពស់សមត្ថភាពប្រកួតប្រជែង និងកសាងខឿនសេដ្ឋកិច្ចឯករាជ្យ ស្វ័យភាព និងធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅជាមួយពិភព​លោក។ ក្នុងយុគសម័យក្រោយសកលភាវូបនីយកម្ម ទំនាក់ទំនងវៀតណាមនិងអាមេរិកកាន់តែមានសារៈសំខាន់ ហើយចាំបាច់ត្រូវបានជំរុញដោយឈរលើមូលដ្ឋាននៃភាពយុត្តិធម៌ ការគោរពគ្នាទៅវិញទៅមក និងការអភិវឌ្ឍរួមប្រកបដោយចីរភាព៕

បកប្រែដោយ Pham Diep