នៅក្នុងរបាយការណ៍ ធនាគារពិភពលោកបានព្យាករណ៍ថា កំណើនផលិតផលក្នុងស្រុកសរុប (GDP) របស់វៀតណាមនៅឆ្នាំ ២០២៥ នឹងសម្រេចបាន ៦.៦% កើនឡើង ០.១ ភាគរយបើធៀបនឹងការព្យាករណ៍កាលពីមុនក្នុងខែតុលា ឆ្នាំ ២០២៤។

គួរកត់សម្គាល់ថា WB បានព្យាករណ៍ថា កំណើន GDP របស់វៀតណាមសម្រេច ៦.៣% ក្នុងឆ្នាំ ២០២៦ ថយចុះ 0.២ ភាគរយ បើធៀបនឹងការព្យាករណ៍ពីមុន។ យោងតាមធនាគារពិភពលោក វៀតណាមគឺជាចំណុចភ្លឺក្នុងកំណើនសេដ្ឋកិច្ចក្នុងតំបន់ អាស្រ័យដោយសមត្ថភាពនាំចេញដ៏ខ្លាំងក្លារបស់ខ្លួន។

ការវាយតម្លៃរបស់ WB លើទស្សនវិស័យសេដ្ឋកិច្ចរបស់វៀតណាមគឺស្របទៅនឹងការវាយតម្លៃ និងសន្និដ្ឋានរបស់អ្នកជំនាញនាពេលថ្មីៗនេះ។

leftcenterrightdel
លោក Tim Cook នាយកប្រតិបត្តិក្រុមហ៊ុន Apple ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅវៀតណាមក្នុងឆ្នាំ ២០២៤ បានបញ្ជាក់ពីបំណងចង់វិនិយោគបន្ថែមទៀតលើអ្នកផ្គត់ផ្គង់នៅក្នុងប្រទេសវៀតណាម (រូបថត៖ AFP)

គេហទំព័រព័ត៌មាន La Tribune des Nations ទើបតែបានចុះផ្សាយអត្ថបទមួយក្រោមចំណងជើងថា “នៅទីក្រុង Davos វៀតណាមចង់ទាក់ទាញវិនិយោគិន” ដោយអ្នកនិពន្ធ Adrien Benoit ដែលក្នុងនោះ លោកបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលសេដ្ឋកិច្ច ក៏ដូចជាបរិយាកាសវិនិយោគរបស់វៀតណាម ហើយជឿជាក់ថា កិច្ចប្រជុំប្រចាំឆ្នាំរបស់វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ដែលប្រព្រឹត្តិទៅនៅទីក្រុង Davos គឺជាឱកាសដ៏ល្អមួយដើម្បីបញ្ជាក់ពីកិត្យានុភាពរបស់ប្រទេស។

អ្នកនិពន្ធរូបនេះបានចាត់ទុកថា វៀតណាមកំពុងសម្រេចបាននូវសមិទ្ធិផលជាច្រើន រួមទាំងវឌ្ឍនភាពក្នុងទំហំពាណិជ្ជកម្មដែលក្លាយជាខឿនសេដ្ឋកិច្ចមួយក្នុងចំណោមខឿនសេដ្ឋកិច្ចលេចធ្លោនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

យោងតាមអត្ថបទនេះដែរ មុននឹងកិច្ចប្រជុំ WEF វៀតណាមបានអះអាងនូវកិត្យានុភាពរឹងមាំកាន់តែខ្លាំងឡើងរបស់ខ្លួន ដូចជាកត្តាសំខាន់ក្នុងខឿនសេដ្ឋកិច្ចពិភពលោក។

ប្រទេសអាស៊ីអាគ្នេយ៍ដ៏មានសក្ដានុពលនេះកំពុងទាក់ទាញការចាប់អារម្មណ៍ពីវិនិយោគិន និងអង្គភាពអាជីវកម្មនៅលើពិភពលោកកាន់តែខ្លាំងឡើង។ នាពេលថ្មីៗនេះ ដូចប្រទេសជាច្រើននៅលើពិភពលោក ដោយអនុវត្តវិធានការកំណែទម្រង់វៀតណាមកំពុងអនុវត្តវិធានការសំខាន់ៗមួយចំនួនសម្រាប់ប្រព័ន្ធនយោបាយ និងរដ្ឋបាល។ អ្នកនិពន្ធបានសន្និដ្ឋានថា ទាំងនេះគឺជាការផ្លាស់ប្តូរដែលមិនធ្លាប់មានពីមុនមកនៅក្នុងប្រទេសមួយដូចជាប្រទេសវៀតណាម។

យោងតាមអ្នកនិពន្ធ ការចូលរួមជាទៀងទាត់របស់វៀតណាមក្នុងកិច្ចប្រជុំរបស់ WEF នៅទីក្រុង Davos នាពេលថ្មីៗនេះក៏បង្ហាញផងដែរថា ប្រទេសនេះដាក់ការរំពឹងទុកយ៉ាងខ្លាំងលើបរិយាកាសពហុភាគីសម្រាប់គោលដៅអភិវឌ្ឍន៍។

នេះជាលើកទី២ ជាប់ៗគ្នាដែលលោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានចូលរួម WEF។ វត្តមានរបស់លោកនាយករដ្ឋមន្ត្រីវៀតណាមបានគូសបញ្ជាក់ពីការលេចឡើងរបស់ប្រទេសជាមហាអំណាចសេដ្ឋកិច្ចពិភពលោក ដែលមិនត្រឹមតែជាដៃគូសេដ្ឋកិច្ចដ៏ទាក់ទាញប៉ុណ្ណោះទេ ថែមទាំងជាគោលដៅយុទ្ធសាស្ត្រសម្រាប់អនាគតទៀតផង។

អត្ថបទវាយតម្លៃថា វៀតណាមសម្រេចបានកំណើនសេដ្ឋកិច្ចគួរឲ្យចាប់អារម្មណ៍ក្នុងរយៈពេលពីរទសវត្សរ៍កន្លងមក។ នៅឆ្នាំ ២០២៤ GDP របស់ប្រទេសបានកើនឡើងប្រហែល ៧% បើទោះបីជាសេដ្ឋកិច្ចពិភពលោកអស្ថិរភាពក៏ដោយ។ វៀតណាមក៏ជាមជ្ឈមណ្ឌលផលិតនិងនាំចេញសកល ជាពិសេសក្នុងវិស័យអេឡិចត្រូនិក វាយនភណ្ឌ និងកសិផល។ សាជីវកម្មសកលដូចជា Samsung, Intel និង Nike បានបង្កើតរោងចក្រផលិតធំៗនៅទីនេះ។

អ្នកនិពន្ធដដែលបានចាត់ទុកថា រដ្ឋាភិបាលវៀតណាមកំពុងជំរុញយ៉ាងសកម្មការផ្លាស់ថ្មី និងការផ្លាស់ប្តូរទៅកាន់សេដ្ឋកិច្ចឌីជីថល។ គំនិតផ្តួចផ្តើមដើម្បីអភិវឌ្ឍការចាប់ផ្ដើមអាជីវកម្មបច្ចេកវិទ្យា សេវាកម្មដោយផ្អែកលើបញ្ញាសិប្បនិម្មិត (AI) និងការធ្វើបរិវត្តកម្មឌីជីថលក្នុងវិស័យសំខាន់ៗ កំពុងបង្កើតប្រព័ន្ធអេកូឡូស៊ីសម្បូរធូធារសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យា។

លើសពីនេះ វៀតណាមក៏បានកំណត់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព តាមរយៈការអនុវត្តគោលនយោបាយផ្តោតលើថាមពលកកើតឡើងវិញ និងសកម្មភាពធ្វើអាជីវកម្មប្រកបដោយការទទួលខុសត្រូវ។ តាមរយៈនេះ ប្រទេសកំពុងទាក់ទាញវិនិយោគិនដែលគិតគូរពីបរិស្ថាន និងគម្រោងបៃតង។

នាពេលថ្មីៗនេះ អ្នកជំនាញ Layton Pike សមាជិកក្រុមប្រឹក្សានៃវិទ្យាស្ថានគោលនយោបាយអូស្ត្រាលី-វៀតណាម ក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានវៀតណាម បានសន្និដ្ឋានថា ក្នុងដំណើរការផ្លាស់ថ្មីប្រទេសជាតិ បក្សកុម្មុយនិស្តវៀតណាមដើរតួនាទីជាអ្នកដឹកនាំដ៏សំខាន់សម្រាប់ការអភិវឌ្ឍអនាគតរបស់វៀតណាម។

យោងតាមអ្នកជំនាញ Layton Pike វៀតណាមកំពុងឈានចូលយុគសម័យនៃការផ្លាស់ប្តូរជាមួយនឹងគោលដៅទំនើបកម្មសេដ្ឋកិច្ច ការធ្វើបរិវត្តកម្មឌីជីថល និងការអភិវឌ្ឍប្រកបដោយចីរភាព។ បក្សកុម្មុយនិស្តវៀតណាមបានគូសបញ្ជាក់អំពីចក្ខុវិស័យនៃការធ្វើបរិវត្តកម្មប្រទេសទៅជាខឿនសេដ្ឋកិច្ចដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៤៥ ដោយផ្តោតសំខាន់លើនវានុវត្តន៍ និងការអភិវឌ្ឍធនធានមនុស្ស៕

បកប្រែដោយ Huyen Trang