អនុព័ន្ធយោធា ទ័ពជើងទឹក និងទ័ពអាកាសគុយបាប្រចាំវៀតណាម៖ អត្ដចរិតកងទ័ពអ៊ំ ហូ - តម្លៃវប្បធម៌យោធាលេចធ្លោរបស់វៀតណាម និងពិភពលោក
កប.អនឡាញ - ប្រពៃណីវីរភាពដ៏ត្រចេះត្រចង់របស់កងទ័ពប្រជាជនវៀតណាមក្នុងរយៈពេល ៨០ ឆ្នាំកន្លងមកនេះ បានបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះមិត្តអន្តរជាតិ និងកងទ័ពនៃប្រទេសនានា រួមទាំងកងកម្លាំងប្រដាប់អាវុធវៀតណាមបដិវត្តន៍គុយបាផងដែរ។ ជាពិសេស “អត្ដចរិតរបស់កងទ័ពអ៊ំ ហូ គឺជាតម្លៃវប្បធម៌យោធាលេចធ្លោរបស់វៀតណាម និងពិភពលោក” លោកវរសេនីយ៍ឯក Román Osvaldo Jiménez Ortega អនុព័ន្ធយោធា ទ័ពជើងទឹក និងទ័ពអាកាសគុយបាប្រចាំវៀតណាមបានសង្កត់ធ្ងន់បែបនេះ។
សម្តែងការចាប់អារម្មណ៍ចំពោះការអភិវឌ្ឍន៍របស់កងទ័ពប្រជាជនវៀតណាម លោកវរសេនីយ៍ឯក Román Osvaldo Jiménez Ortega ឲ្យដឹងថា៖ “កងកម្លាំងប្រដាប់អាវុធបដិវត្តន៍គុយបាតែងតែកោតសរសើរចំពោះប្រពៃណី និងសមិទ្ធផលរបស់កងទ័ពប្រជាជនវៀតណាម។ វីរភាពបដិវត្តន៍របស់កងទ័ពប្រជាជនវៀតណាមលត់ដំដោយការគោរពវិន័យ ភាពច្នៃប្រឌិត ភាពក្លាហាន ការតាំងចិត្ត និងភាពជិតស្និទ្ធជាមួយប្រជាជន”។
ក្នុងរយៈពេល ៨០ ឆ្នាំកន្លងមកនេះ កងទ័ពអ៊ំ ហូ តែងតែប្រកាន់ខ្ជាប់នូវជំហររឹងប៉ឹងលើគ្រប់វិស័យ ដោយស្មារតីស្មោះត្រង់ចំពោះប្រទេសជាតិ ស្មោះត្រង់ចំពោះប្រជាជន ត្រៀមខ្លួនប្រយុទ្ធ និងពលីកម្មដើម្បីឯករាជ្យ និងសេរីភាពនៃមាតុភូមិ និងតែងតែលើកកម្ពស់ស្មារតីសាមគ្គីអន្ដរជាតិ។ លោកវរសេនីយ៍ឯក Román Osvaldo Jiménez Ortega បានសង្កត់ធ្ងន់ថា “អត្ដចរិតកងទ័ពអ៊ំ ហូ គឺជាតម្លៃវប្បធម៌យោធាលេចធ្លោរបស់វៀតណាមនិងពិភពលោក”។
|
|
នាយទាហានវ័យក្មេងនៃក្រសួងបណ្ដាកងកម្លាំងប្រដាប់អាវុធបដិវត្តគុយបា ទៅបំពេញទស្សនកិច្ចនៅបញ្ជាការដ្ឋានលេខ ៨៦ នៅថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២៣ |
លោកវរសេនីយ៍ឯក Roman Osvaldo Jiménez Ortega បានអះអាងថា កងទ័ពប្រជាជនវៀតណាមតែងតែរក្សា និងលើកកម្ពស់ប្រពៃណីវីរភាព និងជាកម្លាំងស្នូលក្នុងការកសាងខឿនការពារជាតិដ៏រឹងមាំ។ បច្ចុប្បន្ននេះកម្មាភិបាល និងយុទ្ធជនគ្រប់ជំនាន់កំពុងកសាងកងទ័ពប្រជាជនវៀតណាមកាន់តែទំនើប ដោយមានកម្លាំងខ្លាំងក្លា និងការត្រៀមប្រយុទ្ធខ្ពស់ និងបំពេញកាតព្វកិច្ចអន្ដរជាតិដ៏ខ្ពង់ខ្ពស់។ ពួកគេគឺជាអ្នកបន្តវេនពីជំនាន់មុនដែលមានទំនួលខុសត្រូវខ្ពស់ក្នុងការថែរក្សា និងលើកកំពស់សមិទ្ធិផលនៃបដិវត្តន៍ រួមចំណែកយ៉ាងសកម្មនិងទទួលខុសត្រូវក្នុងការកសាង និងការពារមាតុភូមិសង្គមនិយម។
លោកវរសេនីយ៍ឯក Román Osvaldo Jiménez Ortega បានសង្កត់ធ្ងន់ថា៖ “ទំនាក់ទំនងសហប្រតិបត្តិការរវាងកងកម្លាំងប្រដាប់អាវុធបដិវត្តន៍គុយបា និងកងទ័ពប្រជាជនវៀតណាមត្រូវបានពង្រឹង និងអភិវឌ្ឍន៍ឥតឈប់ឈរ ក្លាយជាសសរស្តម្ភក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ”។ ភាគីទាំងពីរសម្រេចបានលទ្ធផលលេចធ្លោក្នុងខ្លឹមសារសហប្រតិបត្តិការដូចជា ការផ្លាស់ប្តូរគណៈប្រតិភូ ការបណ្តុះបណ្តាល ការងារបក្ស និងការងារនយោបាយក្នុងជួរកងទ័ព។ លោកវរសេនីយ៍ឯក Román Osvaldo Jiménez Ortega បានវាយតំលៃខ្ពស់ចំពោះការយកចិត្តទុកដាក់របស់ភាគីទាំងពីរលើការអប់រំយុវជនជំនាន់ក្រោយអំពីទំនាក់ទំនងមិត្តភាពប្រពៃណីពិសេសរវាងគុយបា និងវៀតណាម។ សកម្មភាពផ្លាស់ប្តូរនិងចែករំលែកបទពិសោធន៍ ជួយនាយទាហានវ័យក្មេងនៃប្រទេសទាំងពីរបន្តថែរក្សា និងលើកកំពស់ស្មារតីសាមគ្គីភាពរវាងប្រទេសទាំងពីរ។
តាងនាមឲ្យយុទ្ធជននៃកងកំលាំងប្រដាប់អាវុធបដិវត្តគុយបា លោកវរសេនីយ៍ឯក Román Osvaldo Jiménez Ortega បានថ្លែងអំណរគុណចំពោះក្រសួងការពារប្រទេសវៀតណាមដែលបានជួយឧបត្ថម្ភកងកំលាំងប្រដាប់អាវុធបដិវត្តគុយបា និងបានជូនពរចំពោះកងទ័ពប្រជាជនវៀតណាមក្នុងឱកាសខួបលើកទី ៨០ នៃការបង្កើតកងទ័ពប្រជាជនវៀតណាម៕
បកប្រែដោយ Thanh Cong