និទាឃរដូវថ្មីបានមកដល់ ដែលនាំមកនូវសេចក្តីអំណរ និងភាពរឹងមាំថ្មីដល់គ្រប់ទិសទីទាំងអស់នៃមាតុភូមិ។ និទាឃរដូវនេះកាន់តែមានន័យនៅពេលដែលបក្ស ទាំងមូលប្រជាជន និងកងទ័ពទាំងមូលប្រារព្ធខួបលើកទី ៩៥ នៃការបង្កើតបក្សកុម្មុយនិស្តវៀតណាម (ថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ១៩៣០ / ថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០២៥) ជាព្រឹត្តិការណ៍ដ៏អស្ចារ្យសម្រាប់ប្រទេសទាំងមូលឈានចូលដំណាក់កាលថ្មីនៃការអភិវឌ្ឍន៍ ឆ្ពោះទៅអនាគតដ៏រុងរឿង។
ក្នុងរយៈពេល៩៥ឆ្នាំកន្លងមកនេះ បក្សយើង ដែលជាក្រុមឈានមុខគេនៃវណ្ណៈកម្មករ និងប្រជាជនវៀតណាម បានដឹកនាំប្រទេសឆ្លងកាត់ការលំបាក និងបញ្ហាប្រឈមជាច្រើន ទទួលបានជ័យជំនះ និងសមិទ្ធិផលដ៏ធំធេងជាច្រើន ហើយបន្សល់ទុកនូវស្នាដៃដ៏រុងរឿងក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសជាតិ ។
នៅឆ្នាំ ១៩៣០ បក្សកុម្មុយនិស្តវៀតណាមត្រូវបានបង្កើតឡើង ក្នុងបរិបទប្រវត្តិសាស្រ្តពិសេស និងជាមួយនឹងបេសកកម្មពិសេស។ ចាប់តាំងពីពាក់កណ្តាលសតវត្សទី១៩មក ពួកអាណានិគមនិយមបារាំងបានឈ្លានពានប្រទេសយើង និងដាក់ការគ្រប់គ្រងយ៉ាងឃោរឃៅ ធ្វើឱ្យប្រជាជនរបស់យើងទទួលរងនូវទាសភាព និងទុក្ខវេទនា។ ជាមួយនឹងប្រពៃណីស្នេហាជាតិ និងស្មារតីមិនចុះញ៉ម ប្រជាជនរបស់យើងបានក្រោកឡើងតស៊ូជាបន្តបន្ទាប់ និងខ្លាំងក្លា តាមមាគ៌ាជាច្រើនជាមួយនិន្នាការផ្សេងៗគ្នា ទាំងចលនា Can Vuong និងការធ្វើកូប្បកម្ម Yen The ទាំងចលនា Dong Du, Dong Kinh Nghia Thuc, Duy Tan និងការធ្វើកូប្បកម្ម Yen Bai... ប្រជាជនយើងបានប្រយុទ្ធយ៉ាងអង់អាចក្លាហាន និងលះបង់ជាច្រើន ប៉ុន្តែចលការទាំងអស់នេះមិនទទួលបានជោគជ័យទេ ដោយសារតែមិនមានគោលនយោបាយត្រឹមត្រូវ មិនប្រមូលផ្តុំ និងមានលើកកំពស់កម្លាំងរបស់ប្រទេសជាតិទាំងមូល ខ្វះវិធីសាស្រ្តតស៊ូប្រយុទ្ធសមស្រប និងជាពិសេសមិនទាន់មានអង្គការដឹកនាំ ឬគណបក្សនយោបាយដែលបំពេញតម្រូវការរបស់ប្រទេសជាតិ និងរបស់សម័យកាល ។
ទន្ទឹមនឹងនេះ ជុំវិញពិភពលោក ការអភិវឌ្ឍន៍នៃចលនាកម្មករ រួមជាមួយជ័យជំនះនៃបដិវត្តន៍ខែតុលារបស់រុស្ស៊ីក្នុងឆ្នាំ ១៩១៧ បានបើកនូវចក្ខុវិស័យថ្មី បំភ្លឺក្តីសង្ឃឹមសម្រាប់ប្រជាជនដែលរងជិះជាន់កេងប្រវ័ញ្ច ហើយនិងបានជំរុញយ៉ាងខ្លាំងដល់ចលនាតស៊ូដើម្បីឯករាជ្យភាពនៅទ្វីបទាំងអស់។
ចំពោះតម្រូវការនៃប្រវត្តិសាស្ត្រ និងដោយក្តីប្រាថ្នាដ៏ក្តៅគគុកអំពីការរំដោះជាតិ យុវជនស្នេហាជាតិ Nguyen Tat Thanh បានចាកចេញឆ្ពោះទៅរកការសង្គ្រោះប្រទេសជាតិ។ គាត់បានធ្វើដំណើរឆ្លងកាត់ទ្វីបទាំងឡាយ ឆ្លងកាត់ជិត ៣០ ប្រទេស រាប់រយទីក្រុង បានជម្នះទុក្ខលំបាកជាច្រើនរាប់មិនអស់ ហើយបានធ្វើការងារជាច្រើនដើម្បីចិញ្ចឹមជីវិត និងដើម្បីរៀន "ប្រាជ្ញា" របស់មនុស្សជាតិ។ ដំណើរនេះដែលបានជួយយុវជនវៀតណាមរូបនេះយល់យ៉ាងច្បាស់ថា ប្រភពនៃទុក្ខវេទនារបស់វណ្ណៈកម្មករ គឺដោយសារការជិះជាន់ កេងប្រវ័ញ្ចរបស់មូលធនចក្រពត្តិនិយម ហើយបានបង្កើតឱ្យមានស្មារតីវណ្ណៈច្បាស់លាស់។ ជាមួយនឹងការប្តេជ្ញាចិត្តឆ្ពោះទៅរក៖ “សេរីភាពសម្រាប់ប្រជាជនរបស់ខ្ញុំ ឯករាជ្យភាពសម្រាប់មាតុភូមិរបស់ខ្ញុំ” Nguyen Tat Thanh បានមកនឹងលទ្ធិម៉ាក្សនិយម-លេនីនតាមបែបធម្មជាតិ ដែលជាកត្តាចាំបាច់ជាប្រវត្តិសាស្ត្រ ហើយបានរកឃើញនៅនោះនូវបញ្ហាជាមូលដ្ឋាននៃមាគ៌ារំដោះជាតិដែលផ្សាភ្ជាប់នឹងការរំដោះវណ្ណៈ រំដោះមនុស្ស; ឯករាជ្យជាតិត្រូវផ្សារភ្ជាប់ជាមួយនឹងសង្គមនិយម។
ចំពោះតម្រូវការប្រវត្តិសាស្ត្រ និងក្រោមពន្លឺនៃលទ្ធិម៉ាក្ស-លេនីន យុវជន Nguyen Tat Thanh-Nguyen Ai Quoc បានធ្វើសកម្មភាពជាច្រើន ដោយខិតខំរៀបចំទាំងមនោគមវិជ្ជា ទ្រឹស្តី និងធនធានមនុស្ស ដើម្បីបង្កើតអង្គការនយោបាយត្រួសត្រាយផ្លូវមួយសម្រាប់ដឹកនាំបដិវត្តន៍វៀតណាម។ លោកបានផ្សព្វផ្សាយលទ្ធិម៉ាក្ស-លេនីនដល់ប្រទេសវៀតណាមតាមរយៈស្នាដៃនានាដូចជា សំនុំរឿងរបបអាណានិគមបារាំង (១៩២៥) មាគ៌ាបដិតវត្តន៍ (១៩២៧) បណ្តុះបណ្តាលកម្មាភិបាលបដិវត្តន៍ និងជម្រុញចលនាតស៊ូនៅវៀតណាម។
នៅថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ១៩៣០ នៅ Kowloon (ហុងកុង ប្រទេសចិន) ក្រោមអធិបតីភាពរបស់សមមិត្ត Nguyen Ai Quoc សន្និបាតបង្រួបបង្រួមអង្គការកុម្មុយនិស្តចំនួនបីនៅវៀតណាមបានប្រព្រឹត្តទៅ ដោយបានឯកភាពបង្កើតបក្សកុម្មុយនិស្តវៀតណាម។ នេះជាសេចក្តីសម្រេចចិត្តមានអត្ថន័យជាប្រវត្តិសាស្ត្រ ដោយបានប្រមូលផ្តុំបណ្តាអង្គការកុម្មុយនិស្តវៀតណាមឲ្យក្លាយទៅជាកម្លាំងតែមួយគត់ មានមាគ៌ាបដិវត្តន៍ច្បាស់លាស់ និងឯកភាព។ កម្មវិធីនោយបាយដំបូងរបស់បក្សដែលបានអនុម័តនៅសន្និបាតបង្កើតបក្ស បានកំណត់មាគ៌ាមូលដ្ឋាននៃបដិវត្តន៍វៀតណាម ឆ្លើយតបនឹងតម្រូវការចាំបាច់នៃប្រវត្តិសាស្ត្រ ហើយក្លាយជាទង់ប្រមូលផ្តុំ សមាគ្គីបង្រួបបង្រួមបណ្តាអង្គការកុម្មុយនិស្ត បណ្តាកម្លាំងបដិវត្តន៍ និងប្រទេសជាតិទាំងមូល។ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ បានបញ្ចប់វិបត្តិអំពីមាគ៌ា និងការរៀបចំនៃបដិវត្តន៍វៀតណាម បើកយុគសម័យថ្មីក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសយើង ពោលគឺយុគស័យតស៊ូប្រយុទ្ធដណ្តើមឯករាជ្យជាតិ និងឆ្ពោះទៅរកសង្គមនិយម។
|
|
លោក To Lam អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម។ រូបថត៖ NGUYEN DANG |
ចាប់តាំងពីត្រូវបានបង្កើតឡើងមក ជាមួយនឹងមាគ៌ាត្រឹមត្រូវ ជាមួយនឹងវិធីសាស្រ្តសមស្រប និងប្រកបដោយការច្នៃប្រឌិត ជាមួយនឹងសមត្ថភាពរៀបចំជាក់ស្តែង និងការតស៊ូយ៉ាងអង់អាចក្លាហាន ការលះបង់ដោយវីរភាពរបស់កម្មាភិបាល និងបក្ខជនជាច្រើនជំនាន់ និងជាមួយនឹងការជឿទុកចិត្ត ការស្រឡាញ់ ការគាំទ្រ និងការការពារអស់ពីចិត្តពីប្រជាជន បក្សកុម្មុយនិស្តវៀតណាមបានដឹកនាំប្រទេសឱ្យទទួលបានជ័យជំនះដ៏អស្ចារ្យ មានអត្ថន័យជាប្រវត្តិសាស្ត្រ និងសម័យកាល។
ក្នុងរយៈពេលត្រឹមតែ ១៥ ឆ្នាំបន្ទាប់ពីត្រូវបានបង្កើតឡើងនេះ បក្សយើងបានអភិវឌ្ឍជាបន្តបន្ទាប់ និងដឹកនាំការតស៊ូរំដោះប្រទេសជាតិ ដោយសម្រេចបាននូវជ័យជំនះនៃបដិវត្តន៍ខែសីហា បង្កើតសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាមនៅថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ១៩៤៥ លប់បំបាត់របបអាណានិគមពាក់កណ្តាលសក្តិភូមិនៅប្រទេសវៀតណាម បើកទំព័រថ្មីក្នុងប្រវត្តិសាស្ត្រប្រទេសជាតិ។ ប្រជាជនវៀតណាមពីទាសករ បានក្លាយជាម្ចាស់ប្រទេស ម្ចាស់សង្គម និងម្ចាស់ជីវិតផ្ទាល់ខ្លួន។
ភ្លាមៗបន្ទាប់ពីជោគជ័យនៃបដិវត្តន៍ខែសីហា ប្រទេសយើងបានជួបប្រទះការលំបាក និងបញ្ហាប្រឈមជាច្រើនរាប់មិនអស់។ ក្នុងពេលជាមួយគ្នានេះ យើងត្រូវប្រឈមមុខនឹង "ភាពអត់ឃ្លាន ភាពល្ងង់ខ្លៅ និងការឈ្លានពានពីបរទេស"។ ក្នុងស្ថានភាពក៏លំបាកនេះ បក្សបានដឹកនាំប្រជាជនយើងការពារ និងកសាងរដ្ឋអំណាចមួយនៅក្មេងខ្ចី ខណៈពេលដែលកំពុងរៀបចំគ្រប់ទិដ្ឋភាពសម្រាប់សង្រ្គាមតស៊ូប្រឆាំងនឹងអាណានិគមបារាំងឈ្លានពាន។ ដោយមានគោលនយោបាយត្រឹមត្រូវ លើកស្ទួយភាពរឹងមាំរបស់ប្រទេសជាតិទាំងមូល បក្សយើងបានដឹកនាំប្រជាជនយើងកម្ចាត់រាល់ឧបាយកល ផែនការឈ្លានពានរបស់សត្រូវក្នុងរយៈពេល ៩ ឆ្នាំ នៃការតស៊ូប្រយុទ្ធដ៏អង់អាចក្លាហាន ដោយកំពូលគឺជ័យជំនះជាប្រវត្តិសាស្ត្រ ឌៀនបៀនភូ ដែលបង្ខំពួកអាណានិគមនិយមបារាំងត្រូវចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ (១៩៥៤) ស្តីពីសន្តិភាពនៅឥណ្ឌូចិន។
ជាងម្ភៃឆ្នាំក្រោយមក ប្រទេសយើងក៏ត្រូវបែកបាក់ មិនទាន់មានសន្តិភាព។ ក្រោមការដឹកនាំរបស់បក្ស និងលោកប្រធានហូជីមិញ ជាមួយនឹងឆន្ទៈដែកថែប និងការប្តេជ្ញាចិត្តខ្លាំងក្លា ប្រជាជនយើងបានពុះពារការលំបាក និងពលីកម្ម ធ្វើសង្រ្គាមតស៊ូវាយឈ្នះជាបន្តបន្ទាប់នូវយុទ្ធសាស្ត្រសង្គ្រាមរបស់ចក្រពត្តិអាមេរិក រំដោះភាគខាងត្បូងវៀតណាមទាំងស្រុង បង្រួបបង្រួមប្រទេស សរសេរទំព័រវីរភាពបំផុតមួយនៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសជាតិ ដែលជាព្រឹត្តិការណ៍មានអត្ថន័យជាលក្ខណៈអន្តរជាតិ និងលក្ខណៈសម័យកាលយ៉ាងជ្រាលជ្រៅ។ នេះគឺជាការសម្រេចបាននូវចក្ខុវិស័យ និងការប្តេជ្ញាចិត្តដែលបក្សយើង ដែលបានដាក់ចេញពីមហាសន្និបាតបក្ស លើកទី៣ (ខែកញ្ញា ឆ្នាំ១៩៦០)៖ «ប្រទេសវៀតណាមយើងគឺតែមួយគត់ ប្រជាជនវៀតណាមយើងគឺតែមួយគត់។ ប្រាកដជាប្រទេសរបស់យើងនឹងបង្រួបបង្រួមដោយឈរលើមូលដ្ឋានឯករាជ្យ និងប្រជាធិបតេយ្យ ប្រាកដជាប្រជាជននឹងរួបរួមគ្នាក្នុងសន្តិភាព សេរីភាព និងសុភមង្គល។ ទន្លេអាចរីងស្ងួត ភ្នំអាចរសាយ ប៉ុន្តែឆន្ទៈបង្រួបបង្រួមមាតុភូមិឯកភាពរបស់ប្រជាជនយើងនឹងមិនរលត់ឡើយ ហើយជាទីបញ្ចប់យើងប្រាកដជាយកបានឈ្នះជាមិនខាន”។
ខណៈពេលដែលយើងត្រូវតែជម្នះជាបន្ទាន់នូវផលវិបាកធ្ងន់ធ្ងរដែលបន្សល់ទុកដោយសង្រ្គាមនោះ ប្រទេសយើងនៅតែបន្តប្រឈមមុខនឹងបញ្ហាប្រឈមថ្មីៗ។ បក្សបន្តដឹកនាំកងទ័ពទាំងមូល និងប្រជាជនយើងទាំងមូល ដែលខិតខំស្តារឡើងវិញនូវសេដ្ឋកិច្ច សង្គម លើកកំពស់ជីវភាពរស់នៅរបស់ប្រជាជនផង និងតស៊ូដើម្បីរក្សាទឹកដីដ៏ពិសិដ្ឋរបស់មាតុភូមិ និងការពារឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី និងលំហរស់នៅរបស់ជាតិផង។ ទន្ទឹមនឹងនេះ យើងបំពេញកាតព្វកិច្ចអន្តរជាតិដ៏ថ្លៃថ្នូជូនប្រជាជនកម្ពុជា។
ប្រឈមមុខនឹងតម្រូវការថ្មីក្នុងការអភិវឌ្ឍន៍ប្រទេសជាតិនោះ ដើម្បីជម្នះភាពខ្វះខាត់នៃយន្តការរៀបចំផែនការប្រមូលផ្តុំការិយាធិបតេយ្យ ឧបត្ថម្ភធន ដែលនាំទៅដល់វិបត្តិសេដ្ឋកិច្ចសង្គមនៅក្នុងឆ្នាំក្រោយសង្គ្រាម ដោយឈរលើមូលដ្ឋានបូកសរុបគំនិតផ្តួតផ្តើម ការច្នៃប្រឌិតក្នុងការដឹកនាំជាក់ស្តែងរបស់បក្ស និងការអនុវត្តជាក់លាក់របស់ប្រព័ន្ធនយោបាយទាំងមូល និងប្រជាជន បក្សយើងបានដាក់ចេញ និងអនុវត្តគោលនយោបាយផ្លាស់ប្តីរថ្មីគ្រប់ជ្រុងជ្រោយប្រទេស ដែលជារបត់ដ៏សំខាន់មួយលើផ្លូវអន្តរកាលឆ្ពោះទៅសង្គមនិយមនៅវៀតណាម។ មាគ៌ាផ្លាស់ប្តូថ្មីត្រូវបានបង្កើតឡើងនោះ វាបានឆ្លើយតមតម្រូវការជាក់ស្តែងនៃដំណើរការកសាងសេដ្ឋកិច្ច ការពារជាតិ សន្តិសុខ និងកិច្ចការបរទេស របស់ប្រទេស បង្ហាញពីស្មារតីរឹងមាំ និងច្នៃប្រឌិតរបស់បក្សកុម្មុយនិស្ត និងបើកសករាជថ្មីសម្រាប់ការអភិវឌ្ឍន៍ប្រទេស។
បន្ទាប់ពីរយៈពេលជិត ៤០ ឆ្នាំនៃការអនុវត្តដំណើរការផ្លាស់ប្តូរថ្មី ក្រោមការដឹកនាំរបស់បក្ស ប្រទេសរបស់យើងបានជំនះរាល់ការលំបាក និងសម្រេចបាននូវសមិទ្ធិផលសំខាន់ៗជាប្រវត្តិសាស្ត្រ។ ពីប្រទេសក្រីក្រ ហែកហួរដោយសង្រ្គាម រងការឡោមព័ទ្ធ ដាក់ទណ្ឌកម្មសេដ្ឋកិច្ច ប្រទេសវៀតណាមឥឡូវនេះបានក្លាយទៅជាប្រទេសកំពុងអភិវឌ្ឍន៍ មានចំណូលមធ្យម ធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅ និងទូលំទូលាយទៅក្នុងនយោបាយពិភពលោក សេដ្ឋកិច្ចពិភពលោក អរិយធម៌មនុស្សជាតិ និងបំពេញតួនាទីអន្តរជាតិជាច្រើន លើកកម្ពស់តួនាទីនៅក្នុងអង្គការអន្តរជាតិសំខាន់ៗ និងវេទិកាពហុភាគីជាច្រើន។ ឯករាជ្យ អធិបតេយ្យភាព ឯកភាព និងបូរណភាពទឹកដីត្រូវបានរក្សា។ ផលប្រយោជន៍ជាតិ និងជនជាតិត្រូវបានធានា។ មាត្រដ្ឋានសេដ្ឋកិច្ចនៅឆ្នាំ ២០២៤ សម្រេចបានជាង ៤៧០ ពាន់លានដុល្លារអាមេរិក ដោយជាប់ចំណាត់ថ្នាក់ទី ៣២ នៅលើពិភពលោក និងស្ថិតក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចកំពូលទាំង ២០ ទាក់ទងនឹងពាណិជ្ជកម្ម និងការទាក់ទាញវិនិយោគបរទេស។ ជីវភាពរស់នៅរបស់ប្រជាជនមានភាពប្រសើរឡើងគួរឱ្យកត់សម្គាល់ អត្រាគ្រួសារក្រីក្របានថយចុះយ៉ាងខ្លាំង ដែលបច្ចុប្បន្នមានត្រឹមតែ ១.៩៣% (យោងតាមស្តង់ដារពហុវិមាត្រ) បើប្រៀបធៀបនឹង ៦០% ក្នុងឆ្នាំ ១៩៨៦។ សក្តានុពលនយោបាយ សេដ្ឋកិច្ច វប្បធម៌ សង្គម វិទ្យាសាស្ត្រ-បច្ចេកវិទ្យា ការការពារជាតិ និងសន្តិសុខ ត្រូវបានធ្វើឱ្យប្រសើរឡើងដោយឥតឈប់ឈរ។ ទិដ្ឋភាពកិច្ចការបរទេសកំពុងពង្រីកឥតឈប់ឈរ។ តួនាទី និងកិត្យានុភាពរបស់ប្រទេសមានការរីករាលដាលដោយឥតឈប់ឈរ រួមចំណែកជាវិជ្ជមានក្នុងការដោះស្រាយបញ្ហាក្នុងតំបន់ និងពិភពលោក ហើយបានបំពេញការងារជាច្រើនក្នុងនាមជាសមាជិកអាស៊ាន អង្គការសហប្រជាជាតិ និងអង្គការ និងស្ថាប័នអន្តរជាតិផ្សេងៗទៀត និងត្រូវបានទទួលស្គាល់ និងវាយតម្លៃខ្ពស់ពីសហគមន៍អន្តរជាតិ ។
សមិទ្ធិផលដ៏អស្ចារ្យនៃបដិវត្តន៍វៀតណាមក្នុងរយៈពេល ៩៥ ឆ្នាំកន្លងមកនេះ កើតចេញពីកត្តាជាច្រើន ក្នុងនោះ ការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃរបស់បក្ស គឺជាកត្តាសម្រេចចិត្តឈានមុខគេ រួមជាមួយនឹងការលះបង់ ការតស៊ូ និងការខិតខំប្រឹងប្រែងប្រកបដោយការច្នៃប្រឌិតរបស់ប្រជាជនទាំងមូល និងកងទ័ពទាំងមូល ក្រោមទង់ដឹកនាំរបស់បក្ស និងមានការគាំទ្រ និងជំនួយពីមិត្តអន្តរជាតិ។ ក្នុងគ្រាលំបាក បក្សយើងបានបង្ហាញយ៉ាងច្បាស់នូវភាពក្លាហាន សាមគ្គីភាព ជាប្លុកឯភាពអំពីឆន្ទៈ និងការធ្វើសកម្មភាព អាស្រ័យលើនេះបានដឹកនាំប្រព័ន្ធនយោបាយទាំងមូលខិតខំឱ្យសម្រេចបាននូវសមិទ្ធិផលដ៏ធំធេង និងទូលំទូលាយលើគ្រប់វិស័យ។ ទន្ទឹមនឹងនោះ តាមរយៈដំណើរការដឹកនាំបដិវត្តន៍ បក្សយើងត្រូវបានហាត់ពត់លុតដំ និងកាន់តែមានភាពចាស់ទុំ និងរឹងមាំ ដែលសក្តិសមទៅនឹងតួនាទី និងបេសកកម្មការដឹកនាំបដិវត្តន៍ និងការជឿទុកចិត្ត និងការរំពឹងទុកពីប្រជាជន។ ភាពជាក់ស្តែងនោះបានបញ្ជាក់ថា៖ នៅវៀតណាម គ្មានកម្លាំងនយោបាយណាក្រៅពីបក្សកុម្មុយនិស្តវៀតណាម ដែលមានសមត្ថភាពគ្រប់គ្រាន់ ភាពក្លាហាន ភាពវៃឆ្លាត បទពិសោធន៍ និងកិត្យានុភាព ដើម្បីដឹកនាំប្រទេសឆ្លងកាត់ការលំបាក និងបញ្ហាប្រឈមនានា ហើយនាំបុព្វហេតុបដិវត្តន៍របស់ប្រទេសជាតិយើងពីជ័យជំនះមួយទៅជ័យជំនះមួយទៀត។
ក្រឡេកទៅមើលដំណើរការ ៩៥ ឆ្នាំ នៃការកសាង ការតស៊ូ និងការរីកលូតលាស់នៃបក្សកុម្មុយនិស្តវៀតណាម យើងសូមសម្តែងនូវការដឹងគុណជូនចំពោះលោកប្រធានហូជីមិញ ដែលជាវីរបុរសរំដោះជាតិ ដែលបានបំភ្លឺមាគ៌ាបដិវត្តន៍ ធ្វើឲ្យប្រទេសយើងល្បីៗ។ យើងក៏សូមគោរពរំលឹកគុណថ្នាក់ដឹកនាំជាន់ខ្ពស់ យុទ្ធជនពលី ជនរួមជាតិ ដែលបានតស៊ូ ពលីកម្ម ក្នុងបុព្វហេតុបដិវត្តន៍ដ៏រុងរឿង ដើម្បីឯករាជ្យ សេរីភាពនៃជាតិមាតុភូមិ ដើម្បីសង្គមនិយម ដើម្បីសន្តិភាព សុភមង្គល និងវិបុលភាពរបស់ប្រជាជន។
បក្ស រដ្ឋ និងប្រជាជនវៀតណាមនឹងចងចាំជារៀងរហូតនូវគុណបំណាច់របស់អ្នកមានគុណចំពោះប្រទេសជាតិ គ្រួសារយុទ្ធជនពលី អ្នកម្តាយវៀតណាមវីរភាព វីរជនកងកម្លាំងប្រដាប់អាវុធ វីរជនពលកម្ម យុទ្ធជនពិការ អ្នកជាប់គុករបស់អាណានិគម និងចក្រពត្តិ យុទ្ធជនដែលបានប្រយុទ្ធនៅលើគ្រប់សមរភូមិនានា បំពេញកាតព្វកិច្ចអន្តរជាតិដ៏ថ្លៃថ្នូ អតីតយុទ្ធជន និងអ្នកឧស្សាហ៍ព្យាយាម និងច្នៃប្រឌិត ដើម្បីបង្កើតទ្រព្យសម្បត្តិ សម្ភារៈសម្រាប់សង្គម។ យើងក៏ដឹងគុណជានិច្ចចំពោះសមមិត្ត និងមិត្តភ័ក្តិអន្តរជាតិដែលតែងតែរួមដំណើរ គាំទ្រ និងជួយប្រជាជនវៀតណាមក្នុងការតស៊ូដើម្បីឯករាជ្យជាតិកាលពីមុន ក៏ដូចជាបន្តកិច្ចសហប្រតិបត្តិការ និងជួយជ្រោមជ្រែងក្នុងការងារកសាង និងអភិវឌ្ឍន៍ប្រទេសនាពេលបច្ចុប្បន្ន។
ក្រឡេកទៅមើលប្រវត្តិសាស្រ្ត និងប្រពៃណីដ៏រុងរឿង និងមោទនភាពរបស់បក្សក្នុងរយៈពេល ៩៥ ឆ្នាំកន្លងមកនេះ យើងឃើញកាន់តែច្បាស់នូវការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំ និងបក្ខជនជំនាន់បច្ចុប្បន្នក្នុងដំណើរការប្រវត្តិសាស្ត្ររបស់ប្រទេសជាតិ។ បេសកកម្មរបស់បក្សនាពេលនេះ គឺដឹកនាំ និងនាំប្រទេសទៅកាន់យុគសម័យអភិវឌ្ឍន៍ យុគសម័យរុងរឿង ហើយកសាងប្រកបដោយជោគជ័យនូវប្រទេសវៀតណាមសង្គមនិយម ប្រជាជនមានជវីភាពធូរធារ ប្រទេសខ្លាំងមាំមួន ប្រជាធិបតេយ្យ យុត្តិធម៌ អរិយធម៌ ស្មើមុខស្មើមាត់នឹងមហាអំណាចនៃទ្វីបទាំងប្រាំ; ធានាថាមនុស្សទាំងអស់មានជីវភាពធូរធារ សប្បាយរីករាយ ហើយត្រូវបានគាំទ្រដើម្បីអភិវឌ្ឍ និងក្លាយជាអ្នកមាន។ រួមចំណែកកាន់តែច្រើនឡើងដល់សន្តិភាព ស្ថិរភាព ការអភិវឌ្ឍន៍ក្នុងតំបន់ និងពិភពលោក ដើម្បីសុភមង្គលរបស់មនុស្សជាតិ និងអរិយធម៌ពិភពលោក។ អាទិភាពកំពូលគឺត្រូវអនុវត្តឱ្យបានជោគជ័យនូវគោលដៅយុទ្ធសាស្ត្រដល់ឆ្នាំ២០៣០ វៀតណាមនឹងក្លាយជាប្រទេសកំពុងអភិវឌ្ឍន៍ដែលមានឧស្សាហកម្មទំនើប និងប្រាក់ចំណូលមធ្យមខ្ពស់; នៅឆ្នាំ ២០៤៥ នឹងក្លាយជាប្រទេសអភិវឌ្ឍន៍ដែលមានប្រាក់ចំណូលខ្ពស់។
ដើម្បីបន្តអនុវត្តតួនាទីប្រវត្តិសាស្ត្រនោះ បក្សត្រូវតែរីកចម្រើនឥតឈប់ឈរ រក្សាចរិតបដិវត្តន៍របស់ខ្លួន លើកកំពស់សមត្ថភាពដឹកនាំ កាន់អំណាច កម្លាំងប្រយុទ្ធ និងទំនាក់ទំនងជិតស្និទ្ធជាមួយប្រជាជន។ បក្សត្រូវផ្លាស់ប្តូថ្មីជានិច្ច លើកកំពស់ប្រជាធិបតេយ្យផ្ទៃក្នុង កសាងជួរកម្មាភិបាលរឹងមាំ ស្អាតស្អំ និងប្រកាន់ខ្ជាប់នូវគោលដៅ និងឧត្តមគតិនៃលទ្ធិម៉ាក្ស-លេនីន និងមនោគមវិជ្ជាហូជីមិញ។ ទន្ទឹមនឹងនោះ បក្សត្រូវបំពេញទ្រឹស្តីជានិច្ច លើកកំពស់គុណភាពនៃការងារមនោគមវិជ្ជា និងបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំ ដើម្បីដឹកនាំប្រទេសឲ្យមានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស និងនិរន្តរភាព។ ប្រឈមមុខនឹងតម្រូវការថ្មីនៃបុព្វហេតុបដិវត្តន៍ ជាពិសេសក្នុងបរិបទនៃការធ្វើសមាហរណកម្មអន្តរជាតិយ៉ាងស៊ីជម្រៅ និងបញ្ហាប្រឈមពីស្ថានការណ៍ពិភពលោកនោះ ការងារកសាងបក្សត្រូវការការយកចិត្តទុកដាក់ មានការផ្លាស់ប្តូរថ្មី និងការអនុវត្តយ៉ាងខ្លាំងក្លាថែមទៀត ដោយផ្តោតលើក្រុមបញ្ហាសំខាន់ៗដូចខាងក្រោម៖
ទីមួយ ត្រូវបន្តប្រកាន់ខ្ជាប់នូវគោលដៅ និងឧត្តមគតិរបស់បក្ស។ បក្សយើងកើតមកដោយមានបេសកកម្មដឹកនាំបដិវត្តន៍ តំណាងឱ្យផលប្រយោជន៍របស់វណ្ណៈកម្មករ និងប្រជាជនវៀតណាមទាំងមូល។ តាំងពីដើមដំបូងនៃការតស៊ូទាមទារឯករាជ្យ រហូតដល់ក្លាយជាបក្សកាន់អំណាច បក្សតែងតែប្រកាន់ខ្ជាប់នូវគោលដៅរំដោះជាតិ កសាងសង្គមនិយម និងនាំមកនូវភាពរុងរឿង និងសុភមង្គលជូនប្រជាជន។ បក្សកើតមកមិនដើម្បីប្រយោជន៍ផ្ទាល់ខ្លួនទេ តែធ្វើសកម្មភាពដើម្បីប្រយោជន៍របស់ប្រជាជនទាំងមូល។ អំណាចដឹកនាំរបស់បក្សមិនកើតចេញពីខ្លួនឯងទេ ដែលត្រូវបានផ្តល់អំណាចពីប្រជាជន ជាការទទួលសីទ្ធិពីប្រជាជន។ បក្សគ្មានគោលបំណងអ្វីក្រៅពីតស៊ូប្រយុទ្ធដើម្បីផលប្រយោជន៍របស់ប្រជាជនជាតិ និងប្រទេសជាតិឡើយ។
លោកប្រធានហូជីមិញ ធ្លាប់បានសង្កត់ធ្ងន់ថា៖ “បក្សមិនមែនជាអង្គការដើម្បីធ្វើជាមន្ត្រី ក្លាយជាអ្នកមានស្តុកស្តម្ភនោះទេ ដែលវាត្រូវបំពេញភារកិច្ចរំដោះជាតិ ធ្វើឲ្យមាតុភូមិសម្បូរសប្បាយ និងរឹងមាំ ហើយប្រជាជនមានសុភមង្គល»។ ដូច្នេះ បក្សត្រូវតែភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយប្រជាជន យកផលប្រយោជន៍របស់ប្រជាជនជាគោលដៅខ្ពស់បំផុត និងរក្សាយ៉ាងរឹងមាំចរិតបដិវត្តន៍ និងតួនាទីត្រួសត្រាយរបស់ខ្លួន។ ក្នុងបរិបទបច្ចុប្បន្ន បក្សត្រូវប្រកាន់ខ្ជាប់យ៉ាងខ្ជាប់ខ្ជួនមូលដ្ឋានមនោគមវិជ្ជារបស់ខ្លួន បន្តអនុវត្តប្រកបដោយភាពច្នៃប្រឌិតនូវលទ្ធិម៉ាក្សនិយម-លេនីន និងមនោគមវិជ្ជាហូជីមិញទៅក្នុងស្ថានភាពជាក់ស្តែង និងការពារយ៉ាងម៉ឺងម៉ាត់នូវមាគ៌ាឆ្ពោះទៅរកសង្គមនិយម។ ក្នុងពេលជាមួយគ្នានេះ បក្សត្រូវផ្លាស់ប្តូរ កែលម្អ លើកកំពស់សមត្ថភាពដឹកនាំ កាន់អំណាច កសាងបក្សស្អាតស្អំ ដើម្បីបន្តដឹកនាំប្រទេសជាតិលើមាគ៌ាអភិវឌ្ឍន៍ក្នុងយុគសម័យថ្មី សម្រេចបាននូវគោលដៅគឺ ប្រជាជនធូរធារ ប្រទេសខ្លាំងមាំមួន ប្រជាធិបតេយ្យ យុត្តិធម៌ ស៊ីវិល័យ។
ទីពីរ កែលម្អប្រព័ន្ធទ្រឹស្តីរបស់បក្ស។ មូលដ្ឋានគ្រឹះទ្រឹស្តីដ៏រឹងមាំ គឺជាគោលការណ៍ណែនាំសម្រាប់សកម្មភាពរបស់បក្ស កំណត់ភាពត្រឹមត្រូវនៃការដឹកនាំ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់ប្រទេស។ ឆ្លងកាត់ការដឹកនាំបដិវត្តន៍អស់រយៈពេលជាង ៩៥ ឆ្នាំ មក បក្សបានដកបទពិសោធន៍ជាច្រើន និងអភិវឌ្ឍគំនិតទ្រឹស្តីលើមាគ៌ាឆ្ពោះទៅសង្គមនិយម និងគំរូនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចទីផ្សារតម្រង់ទិសសង្គមនិយម អពីការកសាងនីតិរដ្ឋសង្គមនិយម អំពីការពារជាតិ សន្តិសុខ និងកិច្ចការបរទេស និងវិស័យសំខាន់ៗជាច្រើនទៀត។ ការសម្រេចបាននូវមូលដ្ឋានគ្រឹះទ្រឹស្តី គឺជាតម្រូវការបន្ទាន់មួយដើម្បីបក្សបន្តដឹកនាំប្រទេសក្នុងបរិបទពិភពលោកនាពេលបច្ចុប្បន្នដែលកំពុងមានការផ្លាស់ប្តូរយ៉ាងជ្រាលជ្រៅលើគ្រប់ទិដ្ឋភាពនៃជីវិត។ យ៉ាងណាក៏ដោយ ក្នុងដំណើរការអភិវឌ្ឍន៍ ស្ថានភាពជាក់ស្តែងតែងតែកើតមានបញ្ហាថ្មីៗ ដោយតម្រូវឱ្យបក្សត្រូវធ្វើការបូកសរុបស្ថានភាពជាក់ស្តែង បំពេញបន្ថែម និងអភិវឌ្ឍទ្រឹស្តីជានិច្ច។
ការងារបូកសរុបស្ថានភាពជាក់ស្តែងត្រូវមើលឱ្យត្រង់ទៅនឹងការពិត វាយតម្លៃយ៉ាងត្រឹមត្រូវនូវលទ្ធផលដែលសម្រេចបាន ចង្អុលបង្ហាញពីចំណុចខ្វះខាត ចំណុចខ្សោយ និងមូលហេតុ។ កំណត់ឱ្យបានច្បាស់លាស់នូវភាពជាប់គាំង និងបញ្ហារាំងស្ទះ ដែលកំពុងរារាំងការអភិវឌ្ឍន៍របស់ប្រទេស ដោយហេតុនេះលើកឡើងដំណោះស្រាយ បង្កើតកម្លាំងចលករដ៏រឹងមាំសម្រាប់ដំណើរការអភិវឌ្ឍន៍នាពេលខាងមុខ។ ការងារស្រាវជ្រាវក៏ត្រូវចង្អុលបង្ហាញឱ្យកាន់តែច្បាស់ថា តើអ្វីជាឱកាសធំដែលត្រូវទាញយក អ្វីជាបញ្ហាប្រឈមធំៗដែលត្រូវយកឈ្នះ និងអ្វីដែលជាកក្តាថ្មីដែលត្រូវបំពេញបន្ថែម។ ភាពស្មោះត្រង់ វិទ្យាសាស្ត្រ ភាពខ្ជាប់ខ្ជួន និងការប្រុងប្រយ័ត្ន គឺជាការចាំបាច់ដើម្បីជៀសវាងកំហុស។ បញ្ហាទាំងនេះត្រូវបញ្ជាក់ឱ្យបានច្បាស់ក្នុងដំណើរការរៀបចំឯកសារដើម្បីដាក់ជូនមហាសន្និបាតបក្ស លើកទី១៤។ នេះមិនត្រឹមតែជាការងាររបស់ស្ថាប័នជំនាញរបស់បក្សប៉ុណ្ណោះទេ ថែមទាំងទាមទារឱ្យមានការចូលរួមពីប្រព័ន្ធនយោបាយទាំងមូល បញ្ញវន្ត ទីភ្នាក់ងារស្រាវជ្រាវទ្រឹស្តី និងកម្មាភិបាលនីមួយៗ បក្ខជននីមួយៗ និងប្រជាជនទាំងមូល។
ទីបី បន្តកសាង និងកែលម្អបក្សឲ្យបានស្អាតស្អំ និងរឹងមាំ។ នេះជាភារកិច្ចមានអត្ថន័យសម្រេចចិត្តចំពោះអត្ថិភាព និងការអភិវឌ្ឍរបស់បក្ស។ ចាំបាច់ត្រូវពង្រឹងសាមគ្គីភាព និងឯកភាពក្នុងបក្ស លើកកំពស់សមត្ថភាពដឹកនាំ និងកម្លាំងប្រយុទ្ធរបស់អង្គភាពនីមួយៗ។ កសាងអង្គការបក្សនៅមូលដ្ឋានស្អាតស្អំ និងរឹងមាំ ដើរតួនាទីជាស្នូលក្នុងប្រព័ន្ធនយោបាយ និងភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយប្រជាជន។ ទន្ទឹមនឹងនោះ ត្រូវបន្តបង្កើនការងារអធិការកិច្ច ត្រួតពិនិត្យ វិន័យបក្ស; លើកកំពស់ការរិះគន់ខ្លួនឯង និងការរិះគន់ ចាត់វិធានការយ៉ាងម៉ឺងម៉ាត់ចំពោះកម្មាភិបាល និងបក្ខជន ដែលបន្ទាបបន្ថោកមនោគមវិជ្ជានយោបាយ សីលធម៌ និងរបៀបរស់ ។ លើកកំពស់ប្រសិទ្ធភាព នៃអធិការកិច្ច និងត្រួតពិនិត្យ ដើម្បីរក្សាវិន័យក្នុងបក្ស។ ការងារបង្ការ និងប្រឆាំងអំពើពុករលួយ ភាពអវិជ្ជមាន និងកាខ្ជះខ្ជាយ ត្រូវបន្តអនុវត្តយ៉ាងខ្លាំងក្លា ស៊ីសង្វាក់គ្នា ទូលំទូលាយ ប្រកបដោយវិធីសាស្ត្រ ដោយគ្មានតំបន់ហាមឃាត់ គ្មានករណីលើកលែង បង្កើតការព្រមាន រួមចំណែកក្នុងការសម្អាតក្បាលម៉ាស៊ីន និងពង្រឹងទំនុកចិត្តរបស់ប្រជាជនលើបក្ស។ កម្មាភិបាល និងបក្ខជន ជាពិសេសប្រមុខដឹកនាំគណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ ត្រូវលើកតម្កើងការទទួលខុសត្រូវរបស់ខ្លួន ធ្វើជាគំរូល្អ ស្តាប់មតិរបស់ប្រជាជន ដោះស្រាយភ្លាមៗតាមសេចក្តីប្រាថ្នារបស់ប្រជាជន និងបង្កើតការឯកភាពក្នុងសង្គម។ ទន្ទឹមនឹងនោះត្រូវលើកកំពស់តួនាទីត្រួតពិនិត្យរបស់ប្រជាជនចំពោះកម្មាភិបាល និងបក្ខជន ធានាថាបក្សតែងតែជាកម្លាំងដឹកនាំដ៏ស្មោះត្រង់ចំពោះផលប្រយោជន៍របស់ប្រទេសជាតិ និងដើម្បីសេចក្តីសុខរបស់ប្រជាជន។
ទី៤ ប្ដេជ្ញាពង្រឹងការរៀបចំក្បាលម៉ាស៊ីនៃប្រព័ន្ធនយោបាយ ឱ្យកាន់តែមានភាពរលូន ដំណើរការប្រកបដោយប្រសិទ្ធភាព និងជម្នះស្ថានការណ៍ត្រួតស៊ីគ្នា។ នៅក្នុងមហាសន្និបាតជាច្រើនថ្មីៗនេះ ឯកសារមហាសន្និបាតបានសង្កត់ធ្ងន់លើភារកិច្ចជាក់លាក់នៃការបង្រួមរចនាសម្ព័ន្ធក្បាលម៉ាស៊ីន ឬស្រាវជ្រាវកសាងគំរូរួម នៃការរៀបចំក្បាលម៉ាស៊ីននៃប្រព័ន្ធនយោបាយក្នុងដំណាក់កាលថ្មី។ បក្សក៏បានចេញជាបន្តបន្ទាប់សេចក្តីសម្រេចចិត្ត និងសេចក្តីសន្និដ្ឋានជាច្រើន ដើម្បីដឹកនាំការអនុវត្តគោលនយោបាយផ្លាស់ប្តូរថ្មី និងការរៀបចំក្បាលម៉ាស៊ីនៃប្រព័ន្ធនយោបាយ។ ទោះជាយ៉ាងណាក៏ដោយ ការយល់ដឹង និងសកម្មភាពរបស់គណៈកម្មាធិការបក្ស អង្គការបក្ស អង្គភាព និងប្រមុខស្ថាប័ន និងមូលដ្ឋានមួយចំនួន មិនទាន់បានពេញលេញ ស៊ីជម្រៅ ការប្តេជ្ញាចិត្តមិនទាន់ខ្ពស់នៅឡើយ ធ្វើសកម្មភាពមិនទាន់ម៉ឹងម៉ាត់ ការរៀបចំក្បាលម៉ាស៊ីមិនទាន់មានភាពស៊ីសង្វាក់គ្នា និងទូលំទូលាយ មិនទាន់ផ្សារភ្ជាប់ការកាត់បន្ថយក្របខ័ណ្ឌជាមួយនឹងការរៀបចំរចនាសម្ព័ន្ធឡើងវិញ...
ហេតុដូច្នេះហើយ រហូតមកដល់ពេលនេះ ការរៀបចំក្បាលម៉ាស៊ីននៃប្រព័ន្ធនយោបាយនៅតែសំពីងសំពោង មានលំដាប់ថ្នាក់ជាច្រើន។ ប្រសិទ្ធភាពប្រតិបត្តិការមិនទាន់បំពេញតាមតម្រូវការ និងភារកិច្ច។ មុខងារ ភារកិច្ច អំណាច រចនាសម្ព័ន្ធ និងទំនាក់ទំនងការងាររវាងភ្នាក់ងារ និងស្ថាប័ន្ធជាច្រើនមិនមានភាពច្បាស់លាស់ នៅតែត្រួតស៊ីគ្នា។ ការបែងចែកភារកិច្ច វិមជ្ឈការអំណាច មិនស៊ីសង្វាក់គ្នា មានទាន់សមហេតុផល កន្លែងខ្លះយកលេសដើម្បីធ្វើជំនួស កន្លែងខ្លះមើលរំលង ឬមិនមានការវិនិយោគសមស្រប។ បើប្រៀបធៀបទៅនឹងការផ្លាស់ប្តូរដ៏ធំរបស់ប្រទេសបន្ទាប់ពី ៤០ ឆ្នាំនៃការផ្លាស់ប្តូរថ្មីនេះ ការអភិវឌ្ឍន៍នីតិរដ្ឋនៃសង្គមនិយម និងសមិទ្ធិផលវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ហើយរចនាសម្ព័ន្ធនៃប្រព័ន្ធនយោបាយរបស់ប្រទេសយើងនៅតែតាមគំរូដែលបានរចនាកាលពីទសវត្សរ៍មុន បញ្ហាជាច្រើនមិនសមស្របនឹងលក្ខខណ្ឌថ្មី ដែលផ្ទុយនឹងក្រិតក្រមអភិវឌ្ឍន៍។ បង្កើតស្ថានភាព "និយាយមិនដើរទន្ទឹមនឹងការធ្វើ"។ ដូច្នេះ ការងារសំខាន់ក្នុងដំណាក់កាលបច្ចុប្បន្ន និងនាពេលខាងមុខ គឺកសាង និងរៀបចំការអនុវត្តគំរូរួម នៃការរៀបចំក្បាលម៉ាស៊ីនៃប្រព័ន្ធនយោបាយរបស់វៀតណាម ដើម្បីឆ្លើយតបនឹងតម្រូវការ និងភារកិច្ចក្នុងដំណាក់កាលបដិវត្តន៍ថ្មី។
ទី៥ យកចិត្តទុកដាក់កសាងជួរកម្មាភិបាល ជាពិសេសកម្មាភិបាលសំខាន់ៗគ្រប់លំដាប់ថ្នាក់។ ចំពោះមុខនឹងតម្រូវការអភិវឌ្ឍន៍ និងការធ្វើសមាហរណកម្មកាន់តែខ្ពស់នោះ ជួរកម្មាភិបាល ជាពិសេសកម្មាភិបាលស្នូលគ្រប់លំដាប់ថ្នាក់ ត្រូវបំពេញតាមស្តង់ដារសំខាន់ៗគឺ៖ មានឆន្ទៈនយោបាយរឹងមាំ មានក្រមសីលធម៌ស្មោះត្រង់ មានទំនួលខុសត្រូវខ្ពស់ ជាគំរូល្អ ស្មោះត្រង់ ខិតខំបម្រើប្រជាពលរដ្ឋ មិនគិតតែប្រយោជន៍ផ្ទាល់ខ្លួន មិនពុករលួយ។ មានគំនិតច្នៃប្រឌិត ចេះចាប់យកឱកាស ហ៊ានគិត ហ៊ានធ្វើ ហ៊ានទទួលខុសត្រូវចំពោះប្រយោជន៍រួម មិនគេចវេស ឬអសកម្មពេលប្រឈមមុខនឹងបញ្ហាថ្មីៗដែលកើតឡើង; មានសមត្ថភាពអនុវត្តជាក់ស្តែង មានសមត្ថភាពដឹកនាំ គ្រប់គ្រង។ ដើម្បីធ្វើដូច្នេះបាន ចាំបាច់ត្រូវបង្កើតគំនិតច្នៃប្រឌិតក្នុងការងារកម្មាភិបាល។ ដំណើរការអំពីការងារកម្មាភិបាលត្រូវតែក្លាយជាយន្តការមួយដើម្បីជ្រើសរើសមនុស្សដែលល្អបំផុត និងសក្តិសមបំផុត មិនមែនជាយន្តការដែលធ្វើឱ្យមានភាពស្របច្បាប់ក្នុងការជ្រើសរើស តែងតាំងមនុស្សដែលមិនស្របតាមស្តង់ដារ មិនមែនជាគំរូល្អ មិនដើម្បីប្រជាពលរដ្ឋនោះទេ។ បន្ថែមពីលើការ
ធ្វើឱ្យដំណើរការតែងតាំងកម្មាភិបាលមានតម្លាភាព និងពង្រឹងការត្រួតពិនិត្យនោះ ចាំបាច់ត្រូវបង្កើតយន្តការមួយដើម្បីស្វែងរក ការពារ និងប្រើប្រាស់មនុស្សដែលមានទេពកោសល្យ ហើយទន្ទឹមនឹងនោះមានយន្តការចាត់វិធានការច្បាស់លាស់ ដែលក្នុងនោះ អ្នកណាណែនាំ ឬតែងតាំងកម្មាភិបាលដែលខុសស្តង់ដារ ខ្វះលក្ខណៈសម្បត្តិ ឬមានសមត្ថភាពទន់ខ្សោយ ត្រូវតែទទួលខុសត្រូវ។ ទន្ទឹមនឹងនោះ ត្រូវតែតស៊ូយ៉ាងម៉ឺងម៉ាត់ប្រឆាំងនឹងការរត់កាឡើងដំណែង និងផលប្រយោជន៍ជាក្រុម ក្នុងការតែងតាំង និងប្រើប្រាស់កម្មាភិបាល។
ទី៦ ពង្រឹងការអនុវត្តវិទ្យាសាស្ត្រ-បច្ចេកវិទ្យា និងការធ្វើបរិវត្តកម្មឌីជីថលក្នុងការងារកសាងបក្ស។ ភាពជឿនលឿននៃបច្ចេកវិទ្យាព័ត៌មាន បញ្ញាសិប្បនិមិត្ត ទិន្នន័យធំ និងការធ្វើបរិវត្កម្មឌីជីថល កំពុងមានជះឥទ្ធិពលយ៉ាងខ្លាំងលើគ្រប់ទិដ្ឋភាពនៃជីវភាពសង្គម។ ការអនុវត្តសមិទ្ធិផលវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្នុងការកសាងបក្ស មិនត្រឹមតែជាតម្រូវការបន្ទាន់ប៉ុណ្ណោះទេ ថែមទាំងជារបកគំហើញមួយដើម្បីលើកកំពស់សមត្ថភាពដឹកនាំ និងកម្លាំងប្រយុទ្ធរបស់បក្ស ក្នុងស្ថានភាពថ្មី។ បច្ចេកវិជ្ជាព័ត៌មាន និងបញ្ញាសិប្បនិមិត្តនឹងចូលរួមចំណែកក្នុងការធ្វើទំនើបកម្មការគ្រប់គ្រងបក្ខជន និងប្រតិបត្តិការអង្គការបក្ស។ ការកសាងប្រព័ន្ធគ្រប់គ្រងបក្ខជននៅលើវេទិកាឌីជីថល ជួយបង្កើនតម្លាភាព ភាពត្រឹមត្រូវ និងប្រសិទ្ធភាពក្នុងការគ្រប់គ្រងឯកសារ ដំណើរការបំពេញការងារ ការវាយតម្លៃ និងការចាត់ថ្នាក់បក្ខជន។ ប្រការនេះបានជួយឲ្យគណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ យល់ច្បាស់អំពីស្ថានភាពជួរកម្មាភិបាល ដោយហេតុនេះមានការបណ្តុះបណ្តាល តែងតាំងសមស្រប ជំនះស្ថានភាពការិយាធិបតេយ្យ និងខ្វះភាពជាក់ស្តែង។ បច្ចេកវិទ្យាឌីជីថលក៏ជួយបង្កើនប្រសិទ្ធភាពនៃការឃោសនាអប់រំនយោបាយ និងមនោគមវិជ្ជាផងដែរ។ វេទិកាឌីជីថល និងបណ្តាញសង្គម អាចប្រើប្រាស់ដើម្បីផ្សព្វផ្សាយគោលនយោបាយ និងគោលការណ៍ណែនាំរបស់បក្សទៅកាន់កម្មាភិបាល បក្ខជន និងប្រជាជន យ៉ាងឆាប់រហ័ស និងមានប្រសិទ្ធភាព។ បច្ចេកវិជ្ជាថ្មីក៏ជួយកែលម្អសមត្ថភាពក្នុងការរកឃើញបញ្ហាដែលកំពុងកើតឡើង វិភាគ ព្យាករណ៍ និងលើកឡើងដំណោះស្រាយសមស្រប។ បច្ចេកវិទ្យាឌីជីថលផ្តល់នូវទិន្នន័យត្រឹមត្រូវ និងជួយឲ្យគណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ ធ្វើការសម្រេចចិត្តបានត្រឹមត្រូវ ដោយផ្អែកលើការវិភាគបែបវិទ្យាសាស្ត្រ ជំនួសឱ្យអារម្មណ៍។
ទី៧ ភារកិច្ចសំខាន់ជាបន្ទាន់ក្នុងឆ្នាំ២០២៥ របស់គណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ សាខាបក្សនីមួយៗ បក្ខជននីមួយៗ ត្រូវប្រមូលកម្លាំង បញ្ញា រួមជាមួយនឹងប្រជាជន ខិតខំបំពេញឲ្យបាន និងលើសពីគោលដៅដែលបានកំណត់ក្នុងសេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ ជាពិសេសត្រូវយកចិត្តទុកដាក់ចំពោះគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ រៀបចំ និងអនុវត្តមហាសន្និបាតបក្សគ្រប់លំដាប់ថ្នាក់ ឆ្ពោះទៅមហាសន្និបាតបក្ស លើកទី១៤ ក្នុងនោះផ្តោតលើការរួមវិភាគទានមតិចំពោះខ្លឹមសារនៃឯកសាររបស់បក្ស; ណែនាំ និងជ្រើសរើសបុគ្គលឆ្នើម ខិតខំដើម្បីប្រទេស ដើម្បីប្រជាជន ឱ្យចូលរួមក្នុងប្រព័ន្ធនយោបាយគ្រប់លំដាប់ថ្នាក់; បង្កើតបរិយាកាសប្រជាធិបតេយ្យពិតប្រាកដ សាមគ្គីភាព និងខិតខំផលិតកម្ម កសាង និងការអភិវឌ្ឍន៍មាតុភូមិក្នុងចំណោមប្រជាជនគ្រប់វណ្ណៈ។
ក្រឡេកមើលទៅក្រោយរយៈពេល ៩៥ ឆ្នាំ នៃការកសាង និងរីកចម្រើនរបស់បក្ស យើងមានមានមោទនភាព និងជឿជាក់យ៉ាងពេញលេញលើអនាគតដ៏ភ្លឺស្វាងរបស់បក្ស និងប្រទេសជាតិ។ នៅឆ្នាំ១៩៤៥ នៅពេលដែលដឹកនាំប្រជាជនទាំងមូលធ្វើបដិវត្តន៍ខែសីហាដោយជោគជ័យ បក្សយើងមានបក្ខជនត្រឹមតែជិត៥០០០នាក់ ប៉ុន្តែជាមួយនឹងគោលនយោបាយត្រឹមត្រូវ ស្មារតីរឹងមាំ ឆន្ទៈមោះមុត និងស្នេហាជាតិ បក្សបានដឹកនាំប្រជាជនដណ្តើមយកបានជ័យជំនះដ៏ត្រចះត្រចង់ បង្កើតសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម។ នៅឆ្នាំ ១៩៦០ នៅពេលដែលប្រទេស បានឈានចូលដល់ដំណាក់កាលនៃការតស៊ូយូរអង្វែងប្រឆាំងនឹងអាមេរិក សង្គ្រោះប្រទេសជាតិ ចំនួនបក្ខជនបានកើនឡើងដល់ប្រហែល ៥០០០០០ នាក់ ដែលបានក្លាយជាស្នូលដឹកនាំប្រទេសជាតិទាំងមូល តស៊ូទាមទារឯករាជ្យ បង្រួបបង្រួមប្រទេសជាតិ។ សព្វថ្ងៃនេះ ដោយមានបក្ខជនជាង ៥.៤ លាននាក់ កម្លាំងរបស់យើងកំពុងរីកចម្រើនឥតឈប់ឈរទាំងបរិមាណ និងគុណភាព ដែលមានសមត្ថភាពបំពេញភារកិច្ចនាំប្រទេសឆ្ពោះទៅមុខក្នុងយុគសម័យថ្មី។ បក្ខជននីមួយៗ គឺជានិមិត្តរូបនៃជំនឿ ភាពវៃឆ្លាត និងឆន្ទៈនៃសាមគ្គីភាពរបស់ប្រទេសជាតិទាំងមូល។ បក្សកុម្មុយនិស្តវៀតណាម ក្រោមពន្លឺនៃលទ្ធិម៉ាក្ស-លេនីន និងមនោគមវិជ្ជាហូជីមិញ នឹងបន្តបំពេញបេសកកម្មប្រវត្តិសាស្ត្ររបស់ខ្លួនដោយជោគជ័យ។ ដោយជឿជាក់យ៉ាងមុតមាំលើភាពរឹងមាំរបស់បក្ស និងសាមគ្គីភាពរបស់ប្រទេសជាតិទាំងមូល យើងបញ្ជាក់ថា៖ បក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូលនឹងពុះពាររាល់ការលំបាក និងបញ្ហាប្រឈមនានា នាំប្រទេសជាតិឆ្ពោះទៅរកការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាពក្នុងយុគសម័យថ្មី កសាងអនាគតដ៏រុងរឿង និងភ្លឺស្វាងសម្រាប់ប្រជាជនវៀតណាម៕
បកប្រែដោយ DUY HOAN - PHAM DIEP