លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ អបអរសាទរចំពោះថ្នាក់ដឹកនាំ និងប្រជាជនវៀតណាម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ២០២៥
កប.អនឡាញ - នាថ្ងៃទី ៣០ ខែមករា នៅទីស្នាក់ការអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) លោក Dang Hoang Giang ឯកអគ្គរដ្ឋទូត ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានជួបពិភាក្សាការងារជាមួយលោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ អំពីបញ្ហាដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា និងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងអង្គការសហប្រជាជាតិនៅឆ្នាំ២០២៥។
លោក Antonio Guterres បានផ្ញើសារជូនពរឆ្នាំថ្មីដល់លោក To Lam អគ្គលេខាបក្ស លោក Luong Cuong ប្រធានរដ្ឋ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី លោក Tran Thanh Man ប្រធានរដ្ឋសភា និងប្រជាជនវៀតណាម។
ដោយអបអរសាទរចំពោះសមិទ្ធិផលគួរអោយចាប់អារម្មណ៍ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមដែលវៀតណាមសម្រេចបាននៅឆ្នាំ២០២៤ លោក Antonio Guterres បានបញ្ជាក់ថា អង្គការសហប្រជាជាតិ បានចាត់ទុកវៀតណាមជាដៃគូគួរឲ្យទុកចិត្ត និងជាសមាជិកដែលមានការទទួលខុសត្រូវ មានតួនាទី និងការរួមចំណែកកាន់តែសំខាន់ចំពោះសហគមន៍អន្តរជាតិ។
|
|
លោក Dang Hoang Giang និងលោក Antonio Guterres (រូបថត៖ vnanet.vn) |
លោក Dang Hoang Giang បានវាយតំលៃខ្ពស់ចំពោះលទ្ធផលសំខាន់ៗដែលអង្គការសហប្រជាជាតិសម្រេចបាននៅក្នុងឆ្នាំកន្លងទៅ ក្រោមការដឹកនាំរបស់លោក Guterres អគ្គលេខាធិការ ជាពិសេសការខិតខំប្រឹងប្រែង និងការរួមចំណែកក្នុងការជំរុញបទឈប់បាញ់នៅមជ្ឈិមបូព៌ា ការជម្រុញការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG) និងការឆ្លើយតបនឹងបញ្ហាប្រឈមសកលថ្មី។ លោក Dang Hoang Giang បានបញ្ជាក់ពីការគាំទ្ររបស់វៀតណាមចំពោះការផ្តល់អាទិភាពរបស់អង្គការសហប្រជាជាតិក្នុងឆ្នាំ២០២៥ ដោយសង្កត់ធ្ងន់លើបំណងចង់រួមចំណែកប្រកបដោយប្រសិទ្ធភាពរបស់វៀតណាមក្នុងការងាររួមរបស់អង្គការសហប្រជាជាតិ។
ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃឆ្នាំ២០២៥ ដែលជាឆ្នាំរំលឹកខួបលើកទី៨០ នៃការបង្កើតសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម ដែលបច្ចុប្បន្នជាសាធារណៈរដ្ឋសង្គមនិយមវៀតណាម និងរំលឹកទស្សវត្សរិ៍ទី ៨ នៃការបង្កើតអង្គការសហប្រជាជាតិ ក្នុងបរិបទដែលពិភពលោកកំពុងមានទាំងកាលានុវត្តភាព និងបញ្ហាប្រឈមជាច្រើនប្រទាក់ក្រឡាគ្នា លោក Antonio Guterres និងលោក Dang Hoang Giang បានអះអាងថា ភាគីទាំងពីរនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់សន្តិភាព សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាព និងដោះស្រាយបញ្ហាសកលនានា៕
បកប្រែដោយ Thuy Anh