អ្នកយកព័ត៌មាន (PV)៖ សូមលោកឲ្យដឹងថា តើក្នុងឯកសារនៃមហាសន្និបាតបក្សលើកទី១៤ អ្វីជាទិសដៅសំខាន់នៃគោលនយោបាយផ្លាស់ប្តូរសេដ្ឋកិច្ចរបស់បក្ស ដើម្បីដឹកនាំប្រទេសឆ្ពោះទៅកាន់យុគសម័យថ្មី យុគសម័យស្ទុះឈានទៅមុខរបស់ប្រទេសជាតិ?

លោករដ្ឋមន្ត្រី Nguyen Chi Dung៖ របាយការណ៍វាយតំលៃ ៥ ឆ្នាំនៃការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ១០ ឆ្នាំ ២០២១-២០៣០ ទិសដៅ និងភារកិច្ចសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ៥ ឆ្នាំ ២០២៦-២០៣០ គឺជាឯកសារសំខាន់ៗនៃមហាសន្និបាតបក្ស លើកទី ១៤។ បច្ចុប្បន្នកំពុងស្ថិតក្នុងដំណើរការបញ្ចប់ និងពិគ្រោះយោបល់នៅមហាសន្និបាតបក្សគ្រប់លំដាប់ថ្នាក់។ របាយការណ៍នេះមានខ្លឹមសារថ្មី ជាច្រើនស្តីពីការអភិវឌ្ឍន៍សេដ្ឋកិច្ច ដើម្បីនាំប្រទេសឱ្យឈានទៅរកយុគសម័យថ្មី ដែលជាយុគសម័យនៃភាពរុងរឿង និងវិបុលភាពសម្រាប់ប្រទេសជាតិ។

នោះគឺជាទិសដៅនៃការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស និងនិរន្តរភាពរបស់ប្រទេស ដោយផ្អែកលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ការធ្វើបរិវត្តកម្មឌីជីថល និងកាធ្វើបរិវត្តកម្មបៃតង។ ការកសាងសេដ្ឋកិច្ចឯករាជ្យ និងពឹងផ្អែកលើខ្លួនឯង ដោយឈរលើមូលដ្ឋាននៃការគ្រប់គ្រងបច្ចេកវិទ្យា និងការធ្វើសមាហរណកម្មជាអន្តរជាតិ ការធ្វើពិពិធកម្មទីផ្សារ និងការកែលម្អសមត្ថភាពនៃភាពធុន និងការសម្របខ្លួនប្រកបដោយប្រសិទ្ធភាពរបស់ខឿនសេដ្ឋកិច្ចចំពោះផលប៉ះពាល់ខ្លាំងពីខាងក្រៅ។

leftcenterrightdel
លោក Nguyen Chi Dung សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស រដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគ

ប្តេជ្ញាចិត្តសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ក្នុងរយៈពេលខាងមុខ និងរក្សាវាឱ្យបានយូរ។ តម្រូវការនេះកើតចេញពីគោលដៅទូទៅនៃការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ដែលមហាសន្និបាតបក្សលើកទី១៣ បានកំណត់ថា នៅឆ្នាំ២០៤៥ ប្រទេសរបស់យើងនឹងក្លាយជាប្រទេសអភិវឌ្ឍន៍ និងមានប្រាក់ចំណូលខ្ពស់។ បទពិសោធន៍នៃប្រទេសអភិវឌ្ឍន៍មួយចំនួនដែលបានយកឈ្នះលើអន្ទាក់ប្រាក់ចំណូលមធ្យមបង្ហាញថា ដើម្បីក្លាយជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់ ប្រទេសទាំងនេះបានឆ្លងកាត់រយៈពេលវែងក្នុងប្រវត្តិសាស្រ្តដែលមានអត្រាកំណើនខ្ពស់ ដែលអាចឡើងដល់ចំនួនពីរខ្ទង់ដូចជា ជប៉ុន កូរ៉េខាងត្បូង និងសិង្ហបុរីជាដើម។

អ្នកយកព័ត៌មាន៖ ជាមួយនឹងគោលដៅកសាងប្រទេសវៀតណាមទៅជាប្រទេសអភិវឌ្ឍន៍នៅពាក់កណ្តាលសតវត្សរ៍ទី ២១ តើលោកគិតថាវិស័យអាទិភាពអ្វីខ្លះដែលអាចផ្តល់អាទិភាពដើម្បីធានាបាននូវការអភិវឌ្ឍន៍ដ៏ទូលំទូលាយ និងនិរន្តរភាព?

លោករដ្ឋមន្ត្រី Nguyen Chi Dung៖ ដោយមានគោលដៅកសាងវៀតណាមឱ្យក្លាយជាប្រទេសអភិវឌ្ឍន៍នៅពាក់កណ្តាលសតវត្សរ៍ទី ២១ ធានាការអភិវឌ្ឍន៍យ៉ាងទូលំទូលាយ និងនិរន្តរភាព រក្សាតុល្យភាពរវាងការអភិវឌ្ឍសេដ្ឋកិច្ចទីផ្សារ និងអនុវត្តគោលដៅសង្គម តាមគំនិតរបស់យើង គោលនយោបាយទាំងអស់ត្រូវតែចេញពីសេចក្តីប្រាថ្នា ផលប្រយោជន៍ស្របច្បាប់ និងសុភមង្គលរបស់ប្រជាជន។ យើងប្រើប្រាស់ការអភិវឌ្ឍន៍ដើម្បីរក្សាស្ថិរភាព ហើយស្ថិរភាពដើម្បីជំរុញការអភិវឌ្ឍន៍; ទន្ទឹមនឹងនោះ ការអភិវឌ្ឍន៍ប្រកបដោយសុខដុមរមនារវាងសេដ្ឋកិច្ច វប្បធម៌ សង្គម ការការពារបរិស្ថាន និងការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ។ យកការអភិវឌ្ឍន៍សេដ្ឋកិច្ចជាកិច្ចការស្នូល។

អ្នកយកព័ត៌មាន៖ តើលោករដ្ឋមន្ត្រីអាចចែករំលែកជាក់លាក់អំពីការតម្រង់ទិសក្នុងការអភិវឌ្ឍសសរស្តម្ភសង្គម និងបរិស្ថានបានទេ?

លោករដ្ឋមន្ត្រី Nguyen Chi Dung ៖ ចំពោះកិច្ចការសង្គមត្រូវកំណត់គោលដៅអភិវឌ្ឍន៍វប្បធម៌ សង្គម អនុវត្តវឌ្ឍនភាព និងយុត្តិធម៌សង្គម។ ផ្តោតលើការកែលម្អជីវភាពសម្ភារៈ ស្មារតី និងសុខភាពរបស់ប្រជាជន។ ការអភិវឌ្ឍន៍វប្បធម៌ និងសង្គម ផ្សាភ្ជាប់យ៉ាងជិតស្និទ្ធនឹងការអភិវឌ្ឍន៍សេដ្ឋកិច្ច។ ផ្ដោតសំខាន់លើការអភិវឌ្ឍន៍វប្បធម៌ និងសង្គមឲ្យស្មើរនឹងការអភិវឌ្ឍន៍សេដ្ឋកិច្ច។ បន្តកសាង និងអនុវត្តប្រព័ន្ធតម្លៃជាតិ វប្បធម៌ គ្រួសារ និងស្តង់ដារមនុស្សវៀតណាមក្នុងយុគសម័យថ្មី។ កសាងប្រព័ន្ធសុខាភិបាលមួយប្រកបដោយសមធម៌ គុណភាព ប្រសិទ្ធភាព និងសមាហរណកម្មអន្តរជាតិ និងអនុវត្តការធានារ៉ាប់រងសុខភាពជាសកល។

បង្កើតទីផ្សារការងារដែលអាចបត់បែនបាន ស៊ីសង្វាក់គ្នា ទំនើប និងសមាហរណកម្ម។ បង្កើតប្រព័ន្ធសន្តិសុខសង្គមពហុស្រទាប់ ទូលំទូលាយ ទំនើប និងអាចបត់បែនបាន។ កែសម្រួលការទទួលបានសន្តិសុខសង្គម ពីធានានិងស្ថិរភាពទៅជាស្ថិរភាព និងការអភិវឌ្ឍ; ផ្សារភ្ជាប់ជាមួយនឹងការគ្រប់គ្រងការអភិវឌ្ឍន៍សង្គមប្រកបដោយនិរន្តរភាព និងការកែលម្អសុខុមាលភាពសង្គមរបស់ប្រជាជនទាំងអស់។ អនុវត្តគោលនយោបាយសាសនា និងជំនឿឱ្យបានល្អ; ការងារសមភាពយេនឌ័រ ដើម្បីភាពជឿនលឿនរបស់ស្ត្រី; ការអភិវឌ្ឍយុវជន; ការពារ និងថែទាំកុមារ។

សម្រាប់កិច្ចការបរិស្ថាន ដំណោះស្រាយត្រូវមានគោលបំណងគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព និងការប្រើប្រាស់ធនធាន។ បង្កើនការការពារបរិស្ថាន និងឆ្លើយតបយ៉ាងសកម្មចំពោះការប្រែប្រួលអាកាសធាតុ ទប់ស្កាត់ ប្រយុទ្ធប្រឆាំង និងកាត់បន្ថយគ្រោះមហន្តរាយធម្មជាតិ។ ជាពិសេស ភារកិច្ចសំខាន់គឺកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ជំរុញការផ្លាស់ប្តូរទៅជាថាមពលស្អាត និងខិតខំនាំយកការបំភាយរបស់ប្រទេសទៅ "សូន្យ" នៅឆ្នាំ ២០៥០។ ពង្រឹងការកៀរគរធនធានពីស្ថាប័នហិរញ្ញវត្ថុសកល។ អភិវឌ្ឍទីផ្សារឥណទានកាបូន ដោយយកចិត្តទុកដាក់លើទីផ្សារឥណទានកាបូនពីព្រៃឈើ និងអង្ករគុណភាពខ្ពស់។ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការប្រមូល និងគ្រប់គ្រងសំណល់រឹង រួមជាមួយនឹងការកែច្នៃឡើងវិញ និងការស្ដារឡើងវិញនូវថាមពល។

ដោះស្រាយការបំពុលខ្យល់យ៉ាងខ្លាំងនៅក្នុងតំបន់ទីក្រុង តាមរយៈការអភិវឌ្ឍការដឹកជញ្ជូនសាធារណៈ និងលុបបំបាត់មធ្យោបាយដឹកជញ្ជូនដែលបំពុលប្តូរទៅមធ្យោបាយដែលមិនប៉ះពាល់ដល់បរិស្ថាន និងអភិវឌ្ឍអគារបៃតង និងបង្កើនតំបន់បៃតង។ គ្រប់គ្រងយ៉ាងតឹងរ៉ឹង និងបង្កើនប្រសិទ្ធភាពនៃការធ្វើអាជីវកម្មរ៉ែ និងសកម្មភាពកែច្នៃ។ កសាង និងពង្រឹងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងបង្ការ និងប្រយុទ្ធប្រឆាំងនឹងគ្រោះធម្មជាតិ។

អ្នកយកព័ត៌មាន៖ សូមអរគុណ

បកប្រែដោយ Duy Hoan