ទោះបីជាប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើនក៏ដោយ ក៏ដោយសារមានការខិតខំប្រឹងប្រែងនៃប្រព័ន្ធនយោបាយទាំងមូល អាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធ ជីវភាពរស់នៅរបស់ប្រជាជននៅតំបន់ព្រំដែន Nghe An កាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

ព្រំដែនប្រកបដោយភាពសុខសាន្ត និងអភិវឌ្ឍន៍

អញ្ជើញមកទស្សនាស្រុកជាប់ព្រំដែននៃខេត្ត Nghe An យើងបានមើលឃើញ ការផ្លាស់ប្តូរយ៉ាងច្បាស់នៃហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសបណ្តាញដឹកជញ្ជូន។ កាលពីមុន ផ្លូវក្នុងតំបន់ព្រំដែនមានការពិបាកក្នុងការធ្វើដំណើរ ឥឡូវនេះត្រូវបានជួសជុល និងចាក់បេតុង បង្កើតលក្ខណៈងាយស្រួលសម្រាប់ការធ្វើដំណើរ ការអភិវឌ្ឍសេដ្ឋកិច្ច និងការពារអធិបតេយ្យភាពជាតិ។ ដោយសារមានផ្លូវទាំងនេះ ប្រជាជនអាចធ្វើអាជីវកម្ម អភិវឌ្ឍសេដ្ឋកិច្ច និងតភ្ជាប់ជាមួយតំបន់ផ្សេងទៀត។ នេះជាលក្ខខណ្ឌអំណោយផលសម្រាប់ការអភិវឌ្ឍគំរូផលិតកម្ម តាមរយៈនោះ ជួយជនរួមជាតិភាគតិចរក្សាស្ថិរភាពក្នុងជីវភាពរស់នៅ។

leftcenterrightdel
អង្គភាពសេដ្ឋកិច្ច-ការពារជាតិលេខ៤ (យោធភូមិភាគទី៤) ណែនាំប្រជាពលរដ្ឋអំពីដាំដើមត្រសក់

គំនិតផ្តួចផ្តើមមួយក្នុងចំណោមគំនិតផ្តួចផ្តើមដ៏សំខាន់ក្នុងការការពារព្រំដែន និងអភិវឌ្ឍន៍តំបន់នេះគឺចលនាចងមេត្រីភាពរវាងបណ្ដាភូមិនៅតាមតំបន់ព្រំដែនវៀតណាម-ឡាវ។ ចាប់តាំងពីឆ្នាំ២០១៣ មក ខេត្ត Nghe An បានចេញសារាចរមួយអំពីការរៀបចំចលនាចងមេត្រីភាពរវាងភូមិនិងភូមិ រវាងសហគមន៍ប្រជាជននៅតាមសងខាងព្រំដែន។ ចលនានេះមិនត្រឹមតែតភ្ជាប់ប្រជាជននៃប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងលើកកម្ពស់ការយល់ដឹងអំពីអធិបតេយ្យភាពទឹកដី និងសន្តិសុខព្រំដែនទៀតផង។ ភូមិចងមេត្រីភាពទាំងពីរបានតែងតែឃោសនាអំពីច្បាប់ស្ដីពីព្រំដែន តាមរយៈនោះពង្រឹងទំនាក់ទំនងសាមគ្គីភាព មិត្តភាព និងកិច្ចការពារព្រំដែនដ៏រឹងមាំ។

កងកម្លាំងការពារព្រំដែនវៀតណាម និងឡាវបានសហការយ៉ាងជិតស្និទ្ធក្នុងការយាមល្បាត និងការការពារព្រំដែន។ ការល្បាត និងត្រួតពិនិត្យជាប្រចាំនូវប្រព័ន្ធបង្គោលព្រំដែន បានរួមចំណែកធានាស្ថិរភាព និងសុវត្ថិភាពសម្រាប់ភាគីទាំងសងខាង កសាងតំបន់ព្រំដែនប្រកបដោយសន្តិភាព និងការអភិវឌ្ឍ...

ជីវភាពរស់នៅរបស់ប្រជាជនកាន់តែប្រសើរឡើង

ដោយទទួលការគាំទ្រពីកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច ការលុបបំបាត់ភាពអត់ឃ្លាន និងកាត់បន្ថយភាពក្រីក្រ ជីវភាពរស់នៅរបស់ប្រជាជននៅតំបន់ព្រំដែន Nghe An បានផ្លាស់ប្តូរគួរឲ្យចាប់អារម្មណ៍។

អង្គភាពសេដ្ឋកិច្ច ការពារជាតិលេខ៤ បានអនុវត្តគម្រោងជាច្រើន ដើម្បីគាំទ្រប្រជាជនក្នុងការអភិវឌ្ឍវិស័យកសិកម្ម និងចិញ្ចឹមសត្វ។ គំរូនៃការដាំតែ Shan Tuyet សាគូ ខ្ញី ក្រូចវល្លិ ក៏ដូចជាការចិញ្ចឹមគោ ពពែ ជ្រូក... បានជួយប្រជាជននៅតាមតំបន់ព្រំដែនមានប្រាក់ចំណូលស្ថិរភាព និងកាត់បន្ថយភាពក្រីក្រ។ គំរូទាំងនេះមិនត្រឹមតែធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាជនប្រសើរឡើងប៉ុណ្ណោះទេ ថែមទាំងបង្កើតគំរូផលិតកម្មប្រកបដោយប្រសិទ្ធភាព រួមចំណែកដ៏សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់...

អង្គភាពដែលឈរជើងនៅតំបន់នោះបានឧបត្ថម្ភពូជរុក្ខជាតិ សត្វ និងណែនាំបច្ចេកទេសស្តីពីការផលិតដល់ប្រជាជន ហើយបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់គ្រួសារក្រីក្រក្នុងការរួចផុតពីភាពក្រីក្រប្រកបដោយចីរភាព។ គោលនយោបាយនេះមិនត្រឹមតែជួយកាត់បន្ថយភាពក្រីក្រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតភាពជិតស្និទ្ធរវាងអាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងសហគមន៍ទៀតផង។ សកម្មភាពសុខុមាលភាពសង្គមក៏ត្រូវបានយកចិត្តទុកដាក់ ដោយមានកម្មវិធីជាច្រើនក្នុងបំណងជួយសិស្សក្រីក្រ គ្រួសារទទួលរបបឧបត្ថម្ភគោលនយោបាយ និងអ្នកមានស្ថានភាពលំបាក។

លោកវរសេនីយ៍ទោ Nguyen Trung Kien ប្រធានប៉ុស្តិ៍ការពារព្រំដែន Na Ngoi (កងទ័ពការពារព្រំដែនខេត្ត Nghe An) បានឲ្យដឹងថា នាពេលកន្លងមកនេះ កម្មាភិបាល និងយុទ្ធជននៃប៉ុស្តិ៍បានជូនប្រាក់បៀវត្សរ៍របស់ពួកគេ ដើម្បីជួយគ្រួសារមានស្ថានភាពលំបាកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ជាមួយនឹងរបៀបធ្វើដ៏មានប្រសិទ្ធភាព ហើយបញ្ជូនកម្មាភិបាលចុះទៅផ្ទះ ដើម្បីណែនាំបច្ចេកទេសចិញ្ចឹមសត្វ និងដាំដុះ ជួយគ្រួសារមានជីវភាពរស់នៅប្រសើរឡើងបន្តិចម្តងៗ។

ដោយមានការចូលរួមនៃប្រព័ន្ធនយោបាយទាំងមូល និងការរួមដំណើរនៃកងកម្លាំងប្រដាប់អាវុធ តំបន់ព្រំដែនខេត្ត Nghe An កំពុងក្លាយជាតំបន់អភិវឌ្ឍន៍ប្រកបដោយស្ថិរភាព និងនិរន្តរភាព។ លទ្ធផលក្នុងការការពារ អភិវឌ្ឍន៍ព្រំដែនអភិវឌ្ឍ និងសុខុមាលភាពសង្គម គឺជាជំហានដ៏រឹងមាំសម្រាប់តំបន់នេះបន្តអភិវឌ្ឍ និងកសាងព្រំដែនប្រកបដោយសន្តិភាព មិត្តភាព និងវិបុលភាព៕

បកប្រែដោយ Thuy Anh