រូបភាពគ្រូសរសេរអក្សរផ្ចង់ស្លៀកពាក់អាវផាយ ជាមួយ "ទឹកខ្មៅចិននិងក្រដាសក្រហម" នៅមណ្ឌលរក្សកេរ្តិ៍ដំណែល Van Mieu - Quoc Tu Giam បានក្លាយទៅជារូបភាពធ្លាប់ស្គាល់សម្រាប់ប្រជាជនហាណូយគ្រប់រូប ជារៀងរាល់ដើមនិទាឃរដូវ។ លោក Nguyen Cuong នៅខណ្ឌ Dong Da ទីក្រុងហាណូយ បាននិយាយថា៖ “ខ្ញុំនៅតែចងចាំពីអតីតកាល កាលពីជាង ៦០ ឆ្នាំមុន ជីដូនរបស់ខ្ញុំបាននាំខ្ញុំទៅ Ho Van ទល់មុខ Van Mieu - Quoc Tu Giam ដើម្បីសុំអក្សរផ្ចង់។ ជារៀងរាល់និទាឃរដូវមកដល់ ខ្ញុំមានអារម្មណ៍រំភើបណាស់។ ខ្ញុំកើតមកនិងរីកធំធាត់នៅវិថី Van Mieu ដូច្នេះខ្ញុំតែងតែឃើញមនុស្សម្នាមកពីគ្រប់ទិសទី ទៅសុំអក្សរផ្ចង់”។

អក្សរផ្ចង់ជាធម្មតាត្រូវបានសរសេរនៅលើក្រដាសក្រហម ព្រោះពណ៌ក្រហមគឺជាពណ៌ដែល យោងតាមទស្សនទានរបស់ជនទិសបូព៌ា គឺជាពណ៌នៃជីវិត បុនភាវកម្ម និងជានិមិត្តសញ្ញានៃសំណាងល្អ។

leftcenterrightdel
ការសុំអក្សរដើមឆ្នាំថ្មីបានក្លាយជាទៅទម្លាប់របស់ប្រជាជនវៀតណាមរាល់ពេលដែលបុណ្យតេតនិងនិទាឃរដូវមកដល់ម្តងៗ ។ រូបថត៖ Ha Phuong/VOV

មនុស្សដែលសូមអក្សរផ្ចង់គឺមកពីគ្រប់វ័យ គ្រប់វណ្ណៈ និងអាជីព។ អក្សរផ្ចង់នីមួយៗគឺស្របតាមមនុស្សម្នាក់ៗ ស្ថានភាពនីមួយៗ ការងារនីមួយៗ អនុវត្តគំនិត បំណងប្រាថ្នា ឬគំនិតជាក់លាក់។ ជាធម្មតាគឺសុំពាក្យ “សុខៈ” “ពលៈ”និង “សុខសាន្ត” ដើម្បីបួងសួងសុំសេចក្តីសុខដល់គ្រួសារនិងកូនចៅ។ អាជីវករតាំងតែសុំពាក្យ “អភិវឌ្ឍន៍” និង “សម្បូររុងរឿង” ដោយក្តីសង្ឃឹមថា អាជីវកម្មរបស់ខ្លួននឹងកាន់តែរីកចម្រើនដោយភាពរលូន។

“សម្រាប់ខ្ញុំ ទំនៀមទម្លាប់សូមអក្សរផ្ចង់របស់ប្រជាជនវៀតណាមមានអត្ថន៍យខាងវិញ្ញាណដ៏ធំធេង។ ខ្ញុំមកទីនេះដើម្បីសុំអក្សរ “សុខសាន្ត” ដោយបំណង់ចង់ឲ្យគ្រួសារទាំងមូលមានភាពសុខសាន្តត្រាណ សុភមង្គល និងសុខភាពល្អ” ។

មនុស្សវ័យក្មេងតែងតែសុំអក្សរ៖ “ឆន្ទៈ” “ជោគជ័យ” “អត់ធ្មត់” ... ដោយបំណងប្រាថ្នានិងការប្តេជ្ញាចិត្ត ជំនះពុះពារលើរាល់ការលំបាកនិងសម្រេចបានគោលដៅដែលបានដាក់ចេញ។

“ខ្ញុំនិងមិត្តភ័ក្តិទៅ Van Mieu - Quoc Tu Giam ដើម្បីសុំអក្សរផ្ចង់។ ឆ្នាំនេះខ្ញុំសុំអក្សរ "មនុស្សធម៌" ជាការប្រព្រឹត្តិជាមួយអ្នកដទៃ ដែលយើងអាចចែករំលែក ជួយឧបត្ថម្ភជនមានស្ថានភាពលំបាក់ និងមានការប្រព្រឹត្តិអំពើល្អជាមួយមនុស្សគ្រប់គ្នា”។

ប្អូនៗកុមារតែងតែត្រូវបានឪពុកម្តាយជូនអក្សរផ្ចង់ដូចជា៖ “សិក្សា” “កតញ្ញូធម៌” “សីលធម៌” “សុជីវធម៌” “វឌ្ឍនភាព”... ដោយសេចក្តីសង្ឃឹមថា ប្អូនៗនឹងក្លាយជាកូនមានកតញ្ញូធម៌និងជាពលរដ្ឋមានប្រយោជន៍សម្រាប់សង្គម។

គ្រូសរសេរអក្សរផ្ចង់មិនត្រឹមតែផ្តល់អក្សរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពន្យល់ពីអត្ថន័យរបស់អក្សរនីមួយៗទៀតផង។ គ្រូ Ngoc Dinh ដែលបានផ្សារភ្ជាប់នឹងការផ្តល់អក្សរផ្ចង់នៅ Van Mieu - Quoc Tu Giam អស់រយៈពេលជាង១០ ឆ្នាំបានចែករំលែកថា៖ “នៅដើមឆ្នាំថ្មី អ្នករាល់គ្នាចង់មានសំណាងល្អក្នុងជីវិត។ គេតែងតែសុំអក្សរ “សុខៈ” “ពលៈ” និង “សុខសាន្ត” ដោយបន់ស្រន់សុំឲ្យក្រុមគ្រួសារជួបតែសេចក្តីសុខ និងភាពសុសាន្តត្រាណក្នុងឆ្នាំថ្មី។ ការសរសេរអក្សរផ្ចង់ មិនត្រឹមតែជាទម្រង់នៃការសរសេរ ប្លង់ និងខ្លឹមសារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនាំមកនូវតម្លៃដល់អ្នកអាន និងម្ចាស់អក្សរផ្ចង់ ដោយលើកតម្កើងស្មារតីប្រពៃណីដែលបុព្វបុរសបានបន្សល់ទុកមកទៀតផង”។

រូបរាងអក្សរបានលេចឡើងក្រោមបាតដៃដ៏ប្រណិតរបស់គ្រូសរសេរអក្សរផ្ចង់ មិនត្រឹមតែជាស្នាដៃអក្សរផ្ចង់បែបសិល្បៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីបេះដូង បុគ្គលិកលក្ខណៈ ព្រលឹង និងភាពច្នៃប្រឌិតរបស់បុគ្គលម្នាក់ៗទៀតផង។ ការសរសេរអក្សរផ្ចង់អាចអាស្រ័យលើបំណងប្រាថ្នារបស់អ្នកសុំអក្សរ ឬអាស្រ័យលើការវាយតម្លៃរបស់អ្នកផ្តល់អក្សរ ចំពោះអ្នកសុំអក្សរផ្ចង់។ គ្រូសរសេរអក្សរផ្ចង់ លោក Nguyen Van Tu បានឲ្យដឹងថា៖ “ការសុំនិងផ្តល់អក្សរផ្ចង់ គឺជាប្រពៃណីរបស់ដូនតាយើង។ ទំនៀមទម្លាប់ជាឫសគល់របស់ជាតិ ព្រោះវាជាកតញ្ញូធម៌និងក្រមសីលធម៌។ ប្រជាជនវៀតណាមមានប្រពៃណី “គោរពគ្រូបង្រៀន-គោរពសីលធម៌” និងចង់ឲ្យកូនចៅមានចំណេះដឹង។ ប្រពៃណីសង្វាតរៀនសូត្ររបស់ប្រជាជាតិវៀតណាមពិតជាថ្លៃថ្នូរណាស់ ហើយមានតាំងពីយូរយារណាស់មកហើយ”។

leftcenterrightdel
មនុស្សភាគច្រើនសូមអក្សរ ដែលមានន័យថា សុខសន្តិភាព សុភមង្គល និងជោគជ័យក្នុងអាជីព។ រូបថត៖ Ha Phuong/VOV

មកដល់មណ្ឌលកេរ្តិ៍ដំណែល Van Mieu - Quoc Tu Giam ប្រជាជនមិនត្រឹមតែសុំអក្សរផ្ចង់ប៉ុណ្ណោះទេ ថែមទាំងប្រាស្រ័យទាក់ទងជាមួយគ្រូសរសេរអក្សរផ្ចង់ទៀតផង។ តាមនោះ រួមចំណែកអភិរក្ស និងលើកតម្កើងតម្លៃសិល្បៈអក្សរផ្ចង់វៀតណាម។

ទំនៀមទម្លាប់សុំអក្សរផ្ចង់នៅដើមឆ្នាំបង្ហាញពីប្រពៃណីឧស្សាហ៍រៀនសូត្រ ការគោរពគ្រូបង្រៀន-គោរពក្រមសីលធម៌; ហើយក៏ជាលក្ខណៈវប្បធម៌ប្រពៃណីដ៏ល្អប្រសើររបស់ប្រជាជាតិវៀតណាមផងដែរ។ ឃ្លាឆ្លងឆ្លើយនិងពាក្សជូនពរដែលសរសេរដោយទឹកខ្មៅចិននៅលើក្រដាសក្រហម គឺជាអំណោយខាងវិញ្ញាណដ៏មានអត្ថន័យ ដែលបង្ហាញពីបំណងប្រាថ្នានៅដើមនិទាឃរដូវ៕

តាម vovworld.vn