វៀតណាម - កម្លាំងចលករសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចរបស់អាស៊ីអាគ្នេយ៍
កប.អនឡាញ - វៀតណាមកំពុងផ្លាស់ប្តូរយ៉ាងខ្លាំងនិងមានឱកាសថ្មីជាច្រើន។ នេះត្រូវបានបញ្ជាក់ដោយមេដឹកនាំនៃបណ្ដាប្រទេស និងសេដ្ឋកិច្ចវិទូពិភពលោក ដែលជឿជាក់ថា វៀតណាមដើរតួនាទីសំខាន់ក្នុងកំណើននៃតំបន់។
ក្នុងសិក្ខាសាលានាពេលថ្មីៗនេះរបស់វិទ្យាស្ថានគោលនយោបាយអូស្ត្រាលី-វៀតណាម (AVPI) ដែលប្រព្រឹត្តទៅនៅទីក្រុង Adelaide ប្រទេសអូស្ត្រាលី សេដ្ឋកិច្ចវិទូជាច្រើនបានចាត់ទុកថា វៀតណាមមានវឌ្ឍភាពគួរឲ្យកត់សម្គាល់ក្នុងការកែលម្អបរិយាកាសពាណិជ្ជកម្ម និងវិនិយោគ។ ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ វៀតណាមបានលើកកម្ពស់បរិយាកាសធ្វើអាជីវកម្ម សម្រួលដល់នីតិវិធីរដ្ឋបាល និងបង្កើនតម្លាភាពក្នុងដំណើរការគ្រប់គ្រង។
វៀតណាមចូលរួមចំណែកក្នុងការរីកចម្រើននៃតំបន់
លោក Leigh Howard នាយកប្រតិបត្តិនៃក្រុមហ៊ុន Asialink Business បានឲ្យដឹងថា ក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ លោកបានមកប្រទេសវៀតណាមជាច្រើនលើក ហើយឃើញពីការផ្លាស់ប្តូរ និងការខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការកែលម្អបរិយាកាសពាណិជ្ជកម្ម និងវិនិយោគ។ រដ្ឋាភិបាលវៀតណាមក៏បានវិនិយោគជាច្រើនលើហេដ្ឋារចនាសម្ព័ន្ធ ដែលរួមចំណែកជម្រុញឲ្យសេដ្ឋកិច្ចមានកំណើនយ៉ាងឆាប់រហ័ស។
|
|
លោក Layton Pike សហស្ថាបនិកនៃវិទ្យាស្ថានស្រាវជ្រាវគោលនយោបាយអូស្ត្រាលី-វៀតណាម (រូបថត៖ VOV) |
លោក Don Farrell រដ្ឋមន្ត្រីពាណិជ្ជកម្មអូស្ត្រាលី ចាត់ទុកថា វៀតណាមបានកសាងវប្បធម៌វិជ្ជមានក្នុងសកម្មភាពធ្វើអាជីវកម្ម។ ដូច្នេះ វៀតណាមដើរតួនាទីយ៉ាងសំខាន់ រួមចំណែកដល់កំណើននៃតំបន់៖ “យុទ្ធសាស្ត្រសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍របស់អូស្ត្រាលីដល់ឆ្នាំ ២០៤០ ព្យាករណ៍ថា GDP របស់តំបន់នឹងកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលពីរទសវត្សរ៍ខាងមុខ ពី ៣.៦ ពាន់ពាន់លានដុល្លារអាមេរិក ដល់ជិត ១៤ ពាន់ពាន់លានដុល្លាអាមេរិកនៅឆ្នាំ២០៤០។ វៀតណាមគឺជាកម្លាំងចលករមួយដែលរួមចំណែកដល់កំណើននេះ ជាមួយនឹងអត្រាកំណើនផលិតផលក្នុងស្រុកសរុបដែលរំពឹងទុកពី ៥% ទៅ ៧% ក្នុងមួយឆ្នាំចាប់ពីពេលនេះរហូតដល់ឆ្នាំ២០៤០។ ចំនួនគ្រួសារវៀតណាមប្រមាណ ២០ លានគ្រួសារមានប្រាក់ចំណូលលើសពី ១៥ ពាន់ដុល្លារ នៅឆ្នាំ២០៤០។ ខណៈពេលវណ្ណៈកណ្តាលនៅក្នុងប្រទេសវៀតណាមនឹងកើនជាងទ្វេដងប្រៀបធៀបនឹងប្រទេសអូស្ត្រាលីនាពេលបច្ចុប្បន្ននេះ”។
លោកស្រី Louise Adams នាយិកាប្រតិបត្តិនៃក្រុមហ៊ុន Aurecon ប្រទេសអូស្ត្រាលី បានអះអាងថា អត្រាកំណើនប្រកបដោយនិរន្តរភាពរបស់វៀតណាមក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ បង្ហាញពីកំណើនប្រកបដោយនិរន្តភាពនៃសេដ្ឋកិច្ច។ លោកស្រី Louise Adams បន្តថា កំណើនបន្តបន្ទាប់នេះគឺអាស្រ័យវៀតណាមកំពុងក្លាយជាមជ្ឈមណ្ឌលផលិតកម្មពិភពលោក។ ទន្ទឹមនឹងនោះកំណើននេះក៏អាស្រ័យកត្តាផ្សេងៗទៀតដូចជា កម្រិតជំនាញល្អ ប្រជាជនវ័យក្មេង ប្រព័ន្ធអប់រំល្អ និងការផ្តោតទៅលើវិនិយោគហេដ្ឋារចនាសម្ព័ន្ធ។ វៀតណាមក៏ចូលរួមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាច្រើនជាមួយប្រទេសដៃគូអន្តរជាតិ... ហើយទាំងនេះបានបង្កើតសមិទ្ធផលរបស់វៀតណាម”។
ឆ្លៀតឱកាសដើម្បីវៀតណាមអភិវឌ្ឍ
សមិទ្ធិផលដែលសម្រេចបាននាពេលកន្លងមកនេះបានបង្កើតមូលដ្ឋានគ្រឹះសម្រាប់វៀតណាមមានកម្លាំងផ្ទៃក្នុង និងអាចឆ្លៀតយកឱកាសនាពេលខាងមុខ។ លោក Layton Pike សហស្ថាបនិកនៃវិទ្យាស្ថានគោលនយោបាយអូស្ត្រាលី-វៀតណាមបានចាត់ទុកថា "ទោះបីជាមានអត្រាកំណើនគួរឲ្យចាប់អារម្មណ៍ក៏ដោយ ប៉ុន្តែវៀតណាមគប្បីផ្តោតលើការអភិវឌ្ឍឧស្សាហកម្មក្នុងស្រុក ជាពិសេសគឺ ការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃទីផ្សារ។ ខ្ញុំចាត់ទុកថាវៀតណាមមានឱកាសជាច្រើនក្នុងបញ្ហានេះ ក៏ដូចជាក្នុងវិស័យស្រាវជ្រាវ និងផ្លាស់ប្តូរថ្មី"។
|
|
លោកស្រី Louise Adams នាយិកាប្រតិបត្តិក្រុមហ៊ុន Aurecon (រូបថត៖ VOV) |
យោងតាមលោកស្រី Louise Adams នាយកប្រតិបត្តិនៃក្រុមហ៊ុន Aurecon ប្រទេសអូស្ត្រាលី "បណ្តារដ្ឋមន្ត្រីវៀតណាមបានសម្តែងបំណងដើរតួនាទីធំជាងនៅក្នុងទីផ្សារពិភពលោក និងចូលរួមក្នុងវិស័យថ្មី ដូចជាការធ្វើបរិវត្តកម្មថាមពល សេដ្ឋកិច្ចបៃតង ការថែរក្សាប្រជាជន និងការបង្កើតអនាគតប្រកបដោយវិបុលភាព។ ជាមួយការយល់ដឹងរបស់ខ្លួនអំពីវៀតណាម ខ្ញុំជឿជាក់ថាវៀតណាមអាចធ្វើអ្វីដែលវៀតណាមចង់បាន"៕
បកប្រែដោយ Thuy Anh