អូស្ត្រាលីនិងអាមេរិកជួយគាំទ្រវៀតណាមក្នុងការជំនះផលវិបាកដែលបណ្តាលមកពីព្យុះ Yagi
កប.អនឡាញ - នាថ្ងៃទី ១១ ខែកញ្ញា ស្ថានទូតអូស្ត្រាលីប្រចាំនៅវៀតណាមបានចេញសេចក្តីប្រកាសព័ត៌មានស្ដីពីជំនួយដែលរដ្ឋាភិបាលអូស្ត្រាលីផ្ដល់ដល់វៀតណាមក្នុងការជំនះផលវិបាកដែលបណ្តាលមកពីព្យុះ Yagi។ ជំនួយដំបូងមានតម្លៃ ៣ លាន AUD រួមទាំងជំនួយមនុស្សធម៌ ការផ្គត់ផ្គង់ឧបករណ៍សង្គ្រោះបន្ទាន់ និងសេវាសំខាន់ៗផ្សេងទៀត។
នាល្ងាចថ្ងៃទី ១១ ខែកញ្ញា ជើងយន្តហោះដំបូងរបស់រដ្ឋាភិបាលអូស្ត្រាលី ដែលដឹកជំនួយបានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai ទីក្រុងហាណូយហើយ។ ជំនួយរួមមាន សម្ភារៈអនាម័យផ្ទាល់ខ្លួនចំនួន ២៦៤ សម្ភារៈផ្ទះបាយចំនួន ១២០ ភួយចំនួន ៦០០ ឧបករណ៍ជួសជុលផ្ទះចំនួន ២៦៤។ល។
|
|
ជំនួយមនុស្សធម៌ដំបូងរបស់រដ្ឋាភិបាលអូស្ត្រាលីមកដល់ទីក្រុងហាណូយ (រូបថត៖ ស្ថានទូតអូស្ត្រាលីប្រចាំនៅវៀតណាម) |
លោក Andrew Goledzinowski ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅវៀតណាម បានឲ្យដឹងថា អូស្ត្រាលីវាយតំលៃខ្ពស់ចំពោះប្រសិទ្ធភាពនៃការដឹកនាំរបស់រដ្ឋាភិបាលវៀតណាមក្នុងការសម្របសម្រួលសកម្មភាពសង្គ្រោះនៅតំបន់ដែលរងផលប៉ះពាល់ដោយព្យុះ Yagi។ ទន្ទឹមនឹងនោះ លោកឯកអគ្គរដ្ឋទូតបានអះអាងថា អូស្ត្រាលីត្រៀមខ្លួនជាស្រេចជួយវៀតណាម ក្នុងដំណើរការស្តារឡើងវិញក្រោយព្យុះ។
នាថ្ងៃដដែល ស្ថានទូតអាមេរិកប្រចាំវៀតណាមក៏បានចេញសេចក្តីថ្លែងការណ៍មួយស្ដីពីការផ្តល់ជំនួយមនុស្សធម៌ចំនួន ១ លានដុល្លារអាមេរិក ដើម្បីជួយគាំទ្រវៀតណាមក្នុងការជម្នះគ្រោះមហន្តរាយដែលបណ្តាលមកពីព្យុះ Yagi។ ជំនួយនេះនឹងត្រូវចែកចាយដល់ដៃគូជំនួយមនុស្សធម៌ ដែលអាចផ្តល់ជំនួយជាសាច់ប្រាក់ ទីជម្រក ទឹកស្អាត និងជំនួយផ្សេងៗទៀត ដើម្បីរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងឆ្លើយតបនឹងគ្រោះមហន្តរាយធម្មជាតិនៅទូទាំងប្រទេស របស់រដ្ឋាភិបាលវៀតណាម៕
បកប្រែដោយ Thuy Anh