HSBC បង្កើនការព្យាករណ៍កំណើន GDP របស់វៀតណាមដល់ ៦,៥%
ដោយបានបង្កើនការព្យាករណ៍កំណើន GDP របស់វៀតណាមនៅឆ្នាំនេះឡើងដល់ ៦,៥% (ពីមុនគឺ ៦%) HSBC ជឿជាក់ថា វៀតណាមអាចនឹងក្លាយជាខឿនសេដ្ឋកិច្ចរីកលូតលាស់លឿនបំផុតនៅក្នុងអាស៊ាននៅឆ្នាំនេះ។
ជាមួយនឹងលទ្ធផលល្អប្រសើរជាងការរំពឹងទុកនៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២៤ ធនាគារ HSBC បានបង្កើនការព្យាករណ៍កំណើនផលិតផលក្នុងស្រុកសរុប (GDP) របស់វៀតណាមនៅឆ្នាំនេះ ឡើងដល់ ៦,៥% ជំនួសឱ្យការព្យាករណ៍ ៦% កាលពីមុននោះ។ នេះជាព័ត៌មានគួរឱ្យកត់សម្គាល់នៅក្នុងរបាយការណ៍ " Vietnam at a glance - ទទួលសិរីរុងរឿងឡើងវិញ" ដែលចេញផ្សាយដោយក្រុមស្រាវជ្រាវសកលរបស់ធនាគារ HSBC នៅថ្ងៃទី២៤ កក្កដា។
យោងតាមលោកស្រី Yun Liu សេដ្ឋវិទូទទួលបន្ទុកទីផ្សារអាស៊ាននៃក្រុមស្រាវជ្រាវសកលរបស់ HSBC បានឲ្យដឹងថា កំណើន GDP របស់វៀតណាមក្នុងត្រីមាសទីពីរនៃឆ្នាំនេះបានកើនឡើងដល់ ៦,៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលស្ទើរតែជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល២ឆ្នាំកន្លងទៅ។ លទ្ធផលនេះបាននាំអត្រកំណើនក្នុងរយៈពេល ៦ ខែដើមឆ្នាំ ឡើងដល់ ៦,៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
|
|
រោងចក្រក្រុមហ៊ុនភាគហ៊ុន មេកានិច សំណង់និងពាណិជ្ជកម្ម Dai Dung នៅមណ្ឌលឧស្សាហកម្ម An Ha ស្រុក Binh Chanh ទីក្រុងហូជីមិញ។ រូបថត ៖ Thanh Vu/TTXVN |
យោងតាមការវិភាគរបស់ HSBC វិស័យដ៏គួរឱ្យភ្ញាក់ផ្អើលបំផុតនៃសេដ្ឋកិច្ចវៀតណាមក្នុងឆមាសទីមួយនៃឆ្នាំនេះ គឺផលិតកម្ម ដែលបានកើនឡើង ១០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ លទ្ធផលនេះត្រូវបានឆ្លុះបញ្ចាំងផងដែរ នៅក្នុងកំណើនការនាំចេញនៅក្នុងត្រីមាសទីពីរដែលសម្រេចបាន ១៥% បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ លើសពីនេះ សេវាទាក់ទងនឹងវិស័យទេសចរណ៍ក៏បន្តរក្សាសន្ទុះវិជ្ជមានផងដែរ។ នៅក្នុងឆមាសទីមួយនៃឆ្នាំនេះ វៀតណាមបានទាក់ទាញភ្ញៀវទេសចរជាង ៨,៨ លាននាក់។ ជាពិសេស បើទោះបីជាមិនមានយន្តការលើកលែងទិដ្ឋាការក៏ដោយក៏ចំនួនភ្ញៀវទេសចរចិនដែលត្រលប់មកវិញបានឈានដល់កម្រិត ៨០% បើធៀបនឹងឆ្នាំ ២០១៩។
ជាមួយនឹងចំណុចភ្លឺទាំងនេះ លោកស្រី Yun Liu ជឿជាក់ថា វៀតណាមកំពុងដើរតាមទិសដៅត្រឹមត្រូវ ដើម្បីសម្រេចបាននូវកំណើនខ្ពស់ជាងក្នុងឆ្នាំនេះ។ ដោយបានបង្កើនការព្យាករណ៍កំណើន GDP របស់វៀតណាមនៅឆ្នាំនេះឡើងដល់ ៦,៥% (ពីមុនគឺ ៦%) HSBC ជឿជាក់ថា វៀតណាមអាចនឹងក្លាយជាខឿនសេដ្ឋកិច្ចរីកលូតលាស់លឿនបំផុតនៅក្នុងអាស៊ាននៅឆ្នាំនេះ ក្រោយរយៈពេលពីរឆ្នាំ ផ្តល់តំណែងនេះដល់ប្រទេសម៉ាឡេស៊ី (២០២២) និងហ្វីលីពីន (២០២៣)៕
តាម vovworld.vn