របាយការណ៍ស្តីពីពាណិជ្ជកម្មអេឡិចត្រូនិកនៅអាស៊ីអាគ្នេយ៍ដែលបានចេញប្រកាស ដោយអង្គការ OpenGov Asia នាពេលថ្មីៗនេះ បានបង្ហាញថា វៀតណាមនិងថៃបានក្លាយជាទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិកដែលអភិវឌ្ឍយ៉ាងលឿនបំផុតនៅអាស៊ីអាគ្នេយ៍។ របាយការណ៍នេះបានគូសបញ្ជាក់ថា វៀតណាមបានវ៉ាផ្តាច់ប្រទេសហ្វីលីពីនដើម្បីក្លាយជាទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិកធំទីបីក្នុងតំបន់។

នៅឆ្នាំ ២០២៣ តម្លៃទំនិញសរុប (GMV) នៃវេទិកាពាណិជ្ជកម្មអេឡិចត្រូនិកកំពូលទាំង ៨ នៅអាស៊ីអាគ្នេយ៍សម្រេច ១១៤.៦ ពាន់លានដុល្លារអាមេរិក ដែលកើនឡើង ១៥% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទោះបីជាមានបញ្ហាប្រឈមផ្នែកម៉ាក្រូសេដ្ឋកិច្ចក៏ដោយ ក៏វិស័យពាណិជ្ជកម្មអេឡិចត្រូនិកនៅអាស៊ីអាគ្នេយ៍បានបង្ហាញពីកំណើនជាបន្តបន្ទាប់ ជាមួយនឹង GMV នៅឆ្នាំនេះបានព្យាករណ៍ថានឹងកើនឡើងទ្វេដងបើប្រៀបធៀបនឹងឆ្នាំ ២០២០។

leftcenterrightdel
រូបថតឧទាហរណ៍ (vnanet.vn)

វៀតណាម និងថៃបាននាំមុខគេជាមួយនឹង GMV កើនឡើង ៥២.៩% និង ៣៤.១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិកវៀតណាមកត់ត្រាល្បឿនកំណើនស្ថិរភាព ដោយឈានដល់កំណើនប្រចាំឆ្នាំជាមធ្យមពី ១៦-៣០% ក្នុងរយៈពេល ៤ ឆ្នាំចុងក្រោយដែលជាកម្រិតខ្ពស់បំផុតនៅក្នុងពិភពលោក។ យោងតាមរបាយការណ៍របស់ OpenGov Asia វៀតណាមកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីអភិវឌ្ឍពាណិជ្ជកម្មអេឡិចត្រូនិក​ឆ្លងដែនដូចជាកត្តាជំរុញកំណើនសេដ្ឋកិច្ចដ៏សំខាន់ ដែលគាំទ្រដោយគោលនយោបាយជាច្រើន និងដំណោះស្រាយផ្លាស់ថ្មី។

ក្នុងរយៈពេល ៥ ឆ្នាំកន្លងមកនេះ អាជីវកម្មវៀតណាមបានពង្រីកវិសាលភាពនៃប្រតិបត្តិការអន្តរជាតិ ដោយមានចំនួនផលិត​ផល​នាំចេញតាមរយៈបណ្ដាញពាណិជ្ជកម្មអេឡិចត្រូនិកអន្តរជាតិកើនឡើង ៣០០% ហើយអាជីវកម្មធុនតូច និងមធ្យមជាច្រើនទទួលបានប្រាក់ចំណូលប្រចាំឆ្នាំលើសពី ១ លានដុល្លារអាមេរិក។ រដ្ឋាភិបាលវៀតណាម រួមជាមួយនឹងក្រសួង ស្ថាប័ន មូលដ្ឋាន និងសហគមន៍ធុរកិច្ចកំពុងជំរុញការធ្វើបរិវត្ដកម្មឌីជីថល និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងពាណិជ្ជកម្មអេឡិចត្រូនិក។

របាយការណ៍នេះបានលើកឡើងនូវគំនិតផ្តួចផ្តើមរបស់វៀតណាមដើម្បីជំរុញពាណិជ្ជកម្មអេឡិចត្រូនិក ដូចជា នាយកដ្ឋានពាណិជ្ជកម្មអេឡិចត្រូនិក និងបច្ចេកទេសឌីជីថលវៀតណាមកំពុងពង្រឹងក្របខ័ណ្ឌច្បាប់ ផ្តល់ជំនួយហិរញ្ញវត្ថុ និងលើកទឹកចិត្តការវិនិយោគ  និងធានាការការពារទិន្នន័យនិងសុវត្ថិភាពតាមអិធឺណិត។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទើបនឹងចេញប្រកាសឯកសារលេខ ៥៦/CD-TTg ដើម្បីពង្រឹងការគ្រប់គ្រងរបស់រដ្ឋក្នុងវិស័យពាណិជ្ជកម្មអេឡិចត្រូនិក និងអាជីវកម្មឌីជីថល។

ក៏យោងតាមរបាយការណ៍នេះដែរ គំនិតផ្តួចផ្តើមទាំងនេះបានបង្ហាញពីការប្តេជ្ញាចិត្តរបស់វៀតណាមចំពោះការធ្វើបរិវត្ដកម្មឌី​ជីថល និងទំនើបភាវូបនីយកម្មសេដ្ឋកិច្ច ឆ្ពោះទៅរកកំណើនប្រកបដោយនិរន្តរភាពក្នុងសេដ្ឋកិច្ចឌីជីថល និងធ្វើឱ្យប្រសើរឡើងនូវការចូលទៅកាន់ទីផ្សារពិភពលោកសម្រាប់ក្រុមហ៊ុនវៀតណាម៕

បកប្រែដោយ​ Pham Diep