ថ្លែងមតិក្នុងសិក្ខាសាលា លោក Bui The Duy អនុរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បានឲ្យដឹងថា ដោយសារយើងកំពុងស្ថិតក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្មទី៤ ក៏ដូចជាបរិវត្តកម្មឌីជីថលប្រព្រឹត្តយ៉ាងខ្លាំងឡើងៗនោះ វៀតណាមគប្បីតែមានភាពរហ័សរហួសក្នុងការឆ្លើយតបជាមិនខាន។ ដោយហេតុនោះ រដ្ឋាភិបាល ក្រសួង ស្ថាប័ននានា រួមទាំងក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បានធ្វើបច្ចុប្បន្នភាព និងផ្លាស់ប្តូរគោលនយោបាយជាបន្តបន្ទាប់ ឆ្ពោះទៅរកការលើកកម្ពស់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ក្នុងផលិតកម្មឧស្សាហកម្ម។

leftcenterrightdel
ទិដ្ឋភាពនៃសិក្ខាសាលា

លោក Bui The Duy បានបញ្ជាក់ថា ក្នុងវិស័យនវានុវត្តន៍ រដ្ឋាភិបាលវៀតណាមបានសហការជាមួយដៃគូមួយចំនួនដូចជា ធនាគារពិភពលោក ហ្វាំងឡង់ និងអូស្ត្រាលីនាពេលថ្មីៗនេះ។ កិច្ចសហប្រតិបត្តិការជាមួយអូស្ត្រាលីក្នុងវិស័យនេះបានជួយវៀតណាមសម្របខ្លួនយ៉ាងឆាប់រហ័សក្នុងដំណើរការធ្វើបរិវត្តកម្មឌីជីថលរបស់ពិភពលោក។ ទន្ទឹមនឹងនោះ ដំណើរការសហប្រតិបត្តិការជាមួយអូស្ត្រាលីក៏ជួយវៀតណាមកសាងប្រព័ន្ធគោលនយោបាយស្តីពីនវានុវត្តន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដែលទាន់សម័យជាមួយនឹងភាពជាក់ស្តែងរបស់ពិភពលោក។

នៅក្នុងសិក្ខាសាលានេះដែរ ប្រតិភូមកពីប្រទេសអូស្ត្រាលី និងវៀតណាមបានចែករំលែកមេរៀន និងបទពិសោធន៍ពីកម្មវិធីភាពជាដៃគូនវានុវត្តន៍ (Aus4Innovation) ដែលត្រូវបានរៀបចំឡើងក្នុងគោលបំណងរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព ដោយផ្អែកលើនវានុវត្តន៍របស់វៀតណាម។ មកដល់បច្ចុប្បន្ន កម្មវិធីនេះសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ក្លាយជាចំណុចភ្លឺស្វាងក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិខាងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា រួមចំណែកជាក់ស្តែងក្នុងការកំណត់ទិសដៅអភិវឌ្ឍន៍បច្ចេកវិទ្យា និងនវានុវត្តន៍របស់វៀតណាម៕

បកប្រែដោយ Huyen Trang