តាងនាមថ្នាក់ដឹកនាំក្រសួងសុខាភិបាលវៀតណាម លោក Nguyen Thanh Long បានថ្លែងអំណរគុណរដ្ឋាភិបាលនៃប្រទេសទាំងបី ដោយបានយកចិត្តទុកដាក់ដល់ការថែរក្សាសុខភាពប្រជាជនវៀតណាមនិយាយរួម និងការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 និយាយដោយឡែក។ លោករដ្ឋមន្រ្តីក៏រំពឹងថា រដ្ឋាភិបាលនៃប្រទេសទាំងបីនឹងបន្តជួយគាំទ្រវៀតណាមក្នុងវិស័យថែរក្សាសុខភាពប្រជាជន។

leftcenterrightdel
លោក Nguyen Thanh Long ថ្លែងនៅជំនួប

លោក Nguyen Thanh Long សង្កត់ធ្ងន់ថា ទោះបីផ្នែកសុខាភិបាលវៀតណាមបាននិងកំពុងខិតខំប្រឹងប្រែងក្នុងការទទួលវ៉ាក់សាំងក៏ដោយ ក៏ប៉ុន្តែ លោករដ្ឋមន្រ្តីរំពឹងថា អូស្ត្រាលី បារាំង និងស្វីស បន្តយកចិត្តទុកដាក់ ដើម្បីវៀតណាមអាចទទួលបានវ៉ាក់សាំង Covid-19 ច្រើនថែមទៀត។

ឯកអគ្គរដ្ឋទូតទាំងបីរូបបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលវៀតណាមទទួលបានក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 និងសង្កត់ធ្ងន់លើការបន្តសហប្រតិបត្តិការជាមួយវៀតណាម។

leftcenterrightdel
លោកស្រី Mobyn Mudie ឯកអគ្គរដ្ឋទូតអូស្ត្រាលី

*ក្នុងជំនួបរវាងលោក Nguyen Thanh Long ជាមួយឯកអគ្គរដ្ឋទូតអូស្ត្រាលី លោកស្រី Mobyn Mudie ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំវៀតណាម បានឲ្យដឹងថា ចំពោះវៀតណាមនិយាយដោយឡែក អូស្ត្រាលីមានកម្មវិធីផ្ដល់វ៉ាក់សាំងដោយមានតម្លៃសរុប ៤០ លានដុល្លារអូស្ត្រាលី ក្នុងរយៈពេល ៣ ឆ្នាំ ដើម្បីជួយវៀតណាមក្នុងការទិញវ៉ាក់សាំងជំងឺ Covid-19  និងផ្ដល់យោបល់អំពីជំនាញ បច្ចេកទេសតាមរយៈដៃគូ UNICEF។ លោកស្រី Mobyn Mudie បានឲ្យដឹងថា រដ្ឋាភិបាលអូស្ត្រាលី កំពុងអនុវត្តដំណោះស្រាយដើម្បីផ្ដល់វ៉ាក់សាំងជំងឺ Covid-19 ច្រើនថែមទៀតដល់វៀតណាម។ អូស្ត្រាលីរំពឹងថា បន្ទាប់ពីកន្លះឆ្នាំទៀតអាចផ្គត់ផ្គង់វ៉ាក់សាំងដោយផ្ទាល់ដល់ប្រទេសវៀតណាម។

leftcenterrightdel
លោក Ivo Siebber ឯកអគ្គរដ្ឋទូតស្វីស

*ក្នុងជំនួបរវាងលោករដ្ឋមន្រ្តីសុខាភិបាលវៀតណាមនិងឯកអគ្គរដ្ឋទូតស្វីស លោក Ivo Siebber ឯកអគ្គរដ្ឋទូតស្វីស បានឲ្យដឹងថា ក្រុមហ៊ុនឱសថស្វ៊ីសនៅវៀតណាមបានបញ្ជាក់ថាត្រៀមជាស្រេចជួយគាំទ្រវៀតណាម ជាពិសេសក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត រួមទាំងការទទួលវ៉ាក់សាំងជំងឺ Covid-19។ ក្រុមហ៊ុន Zuellig Pharma ជាក្រុមហ៊ុនដែលទទួលការផ្ទេរសិទ្ធិពីក្រុមហ៊ុន Moderna ឲ្យបញ្ជូនវ៉ាក់សាំងជំងឺ Covid-19 ចំនួន ៥ លានដូសមកវៀតណាម។

ក្នុងឱកាសនេះ លោក Nguyen Thanh Long បានថ្លែងអំណរគុណក្រុមហ៊ុន Rocher និងក្រុមហ៊ុនផ្សេងៗ របស់ស្វីសដែលបានជួយវៀតណាមក្នុងការទប់ទល់នឹងជំងឺរាតត្បាតនិយាយដោយឡែក និងការងារសុខាភិបាលនិយាយរួម ព្រមទាំង លោកបានឲ្យដឹងថា ផ្នែកសុខាភិបាលវៀតណាមបាននិងកំពុងធ្វើវិសោធនកម្មបទប្បញ្ញត្តិស្តីពីការនាំចូលថ្នាំ ក៏ដូចជាបញ្ហាពាក់ព័ន្ធ។

leftcenterrightdel
លោក Nicolas Warnery ឯកអគ្គរដ្ឋទូតបារាំង

*ក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតបារាំង Nicolas Warnery លោក Nguyen Thanh Long បានវាយតម្លៃខ្ពស់ចំពោះរដ្ឋាភិបាលបារាំងបានអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកម្មវិធីប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 និងការចាក់វ៉ាក់សាំង។ លោករំពឹងថា ភាគីទាំងពីរនឹងធ្វើសហប្រតិបត្តិការក្នុងការផ្ទេរបច្ចេកវិទ្យា ដើម្បីជួយវៀតណាមក្នុងការអភិវឌ្ឍ និងផលិតវ៉ាក់សាំង។ លោក Nicolas Warnery បានទទួលកត់សំគាល់នូវសំណើអំពីការបង្កើនការពិភាក្សា ដើម្បីឆ្ពោះទៅការផ្ទេរបច្ចេកវិទ្យាឲ្យវៀតណាម។ លោករដ្ឋមន្រ្តីសុខាភិបាលវៀតណាមបានសម្ដែងនូវបំណងចង់ទទួលថែមទៀតនូវវ៉ាក់សាំង Covid-19 ដែលបារាំងបានទិញប៉ុន្តែមិនប្រើ និងប្រភពវ៉ាក់សាំងផ្សេងទៀតដើម្បីជួយគាំទ្រប្រទេសវៀតណាម៕

បកប្រែដោយ Thuy Anh