leftcenterrightdel
លោកឧបនាយករដ្ឋមន្ត្រី Trinh Dinh Dung បានទទួលជួបតំណាងទីភ្នាក់ងារមួយចំនួននៃអង្គការសហប្រជាជាតិនិងអង្គការអន្តរជាតិ (រូបថត៖ VGP)

នៅក្នុងជំនួបនេះ លោកឧបនាយករដ្ឋមន្រ្តី Trinh Dinh Dung បានថ្លែងអំណរគុណចំពោះការជួយឧបត្ថម្ភរបស់ ADB, UNICEF, FAO និង UNDP ក្នុងការជួយជំនះការខូចខាតយ៉ាងធ្ងន់ធ្ងរទាំងអាយុជីវិត និងទ្រព្យសម្បត្តិដែលបណ្ដាលឡើងដោយជំនន់ទឹកភ្លៀង។

លោកឧបនាយករដ្ឋមន្រ្តីបានអះអាងថា រដ្ឋាភិបាលវៀតណាមនឹងដឹកនាំយ៉ាងប្ដូរផ្ដាច់ដើម្បីជួយប្រជាជនជំនះការលំបាក ព្រមទាំងបន្តអំពាវនាវឱ្យមានការរួមវិភាគទានពីអង្គការ បុគ្គលនិងអង្គការមហាជន ជាពិសេសគឺការជួយឧបត្ថម្ភពីអង្គការអន្តរជាតិ។

តំណាងអង្គការអន្តរជាតិនានាបានអះអាងថានឹងរួមដំណើរជាមួយរដ្ឋាភិបាលវៀតណាមក្នុងការអំពាវនាវសុំការជួយឧបត្ថម្ភពីអង្គការអន្តរជាតិដើម្បីចូលរួមជំនះនូវការខូចខាតដែលបណ្តាលឡើងដោយគ្រោះមហន្តរាយធម្មជាតិ។

លោកស្រី Rana Flowers ប្រធានតំណាងអង្គការ UNICEF ប្រចាំប្រទេសវៀតណាមបានមានប្រសាសន៍ថា អង្គការ UNICEF បានប្រមូលថវិកាចំនួន ១៦០.០០០ ដុល្លារដើម្បីជួយឧបត្ថម្ភជាបន្ទាន់អំពីទឹកស្អាត ការសំអាតបរិស្ថាន និងការអប់រំ។ តំណាងអង្គការនេះក៏បានសន្យាបន្តជួយឧបត្ថម្ភប្រជាជនវៀតណាមអំពីទឹកស្អាត ការធ្វើអនាម័យ អាហារូបត្ថម្ភ និងសុខភាពរបស់ស្ត្រីនិងកុមារផងដែរ៕

បកប្រែដោយ Pham Diep