អត្ថបទនេះបានបញ្ជាក់ថា នៅពេលដែលពិភពលោកមើលទៅលើគំរូជោគជ័យនៅអាស៊ីក្នុងការគ្រប់គ្រង Covid-19 គេភាគច្រើនបានកោតសរសើរ និងយកចិត្តទុកដាក់លើកូរ៉េខាងត្បូង តៃវ៉ាន់ និងហុងកុង។ ក៏ប៉ុន្តែមានភាពជោគជ័យមួយដែលគេរំលងនោះគឺ វៀតណាម។ ជាប្រទេសដែលមានប្រជាជន ៩៧ លាននាក់ និងមិនទាន់មានអ្នកណាមួយស្លាប់ដែលទាក់ទងនឹង Covid-19 ឡើយ ហើយរហូតមកដល់ពេលនេះមានតែ ៣២៨ ករណីឆ្លងប៉ុណ្ណោះ ទោះបីជាប្រទេសវៀតណាមជាប់ព្រំដែនជាមួយប្រទេសចិន និងទទួលភ្ញៀវទេសចរចិនរាប់លាននាក់ជារៀងរាល់ឆ្នាំក៏ដោយ។

leftcenterrightdel
រូប​ថតឧទាហរណ៍ (vov.vn)

លទ្ធផលនេះគួរអោយកត់សំគាល់ណាស់ដោយប្រទេសវៀតណាមជាប្រទេសមានប្រាក់​ចំណូល​មធ្យម​កម្រិត​ទាប និងមានប្រព័ន្ធសុខាភិបាលមិនសូវអភិវឌ្ឍបើប្រៀបធៀបទៅនឹងប្រទេសដទៃទៀតក្នុងតំបន់។ យោងតាមធនាគារពិភពលោកបានអោយដឹងថា ប្រទេសវៀតណាមមានវេជ្ជបណ្ឌិតតែ ៨ នាក់លើចំនួនប្រជាជន ១ ម៉ឺននាក់ អត្រានេះវាស្មើនឹងមួយភាគបីនៃប្រទេសកូរ៉េខាងត្បូងប៉ុណ្ណោះទេ។

បន្ទាប់ពីរក្សាគម្លាតសង្គមក្នុងរយៈពេល ៣ សប្តាហ៍វៀតណាមបានដកបំរាមគម្លាតសង្គមនៅចុងខែមេសា។ វៀតណាមមិនរកឃើញករណីឆ្លងថ្មីណាមួយនៅក្នុងសហគមន៍ក្នុងរយៈពេល ៤០ ថ្ងៃកន្លងមកនេះទេ។ ការធ្វើអាជីវកម្ម និងសាលារៀនបានបើកដំណើរការឡើងវិញ ហើយជីវភាពរស់នៅប្រចាំថ្ងៃក៏កំពុង វិលត្រឡប់មករកភាពធម្មតាឡើងវិញជាបណ្ដើរៗ។

ចំពោះមនុស្សមួយចំនួនដែលសង្ស័យតួលេខផ្លូវការរបស់ប្រទេសវៀតណាមថា វាមិនគួរឱ្យជឿសោះ។ ប៉ុន្តែ លោក Guy Thwaites ជាវេជ្ជបណ្ឌិតជំនាញខាងជំងឺឆ្លងនៅមន្ទីរពេទ្យធំមួយដែលកំណត់ដោយរដ្ឋាភិបាលវៀតណាមក្នុងការព្យាបាលអ្នកជំងឺ Covid-19 ឲ្យដឹងថា តួលេខនេះវាត្រូវនឹងស្ថានភាពជាក់ស្តែង។ លោកវេជ្ជបណ្ឌិត Thwaites បានបញ្ជាក់ថា “ខ្ញុំទៅមន្ទីរពេទ្យជារៀងរាល់ថ្ងៃ ខ្ញុំដឹងច្បាស់ពីករណីឆ្លងទាំងឡាយ ហើយខ្ញុំក៏ដឹងច្បាស់ថាមិនមានអ្នកស្លាប់ឡើយ”។

តើវៀតណាមគ្រប់គ្រងជំងឺរាតត្បាតសកលយ៉ាងដូចម្តេច? ចម្លើយសម្រាប់សំនួរនេះបើយោងទៅតាមអ្នកជំនាញសុខភាពសាធារណៈឲ្យដឹងថា៖ វាជាការរួមបញ្ចូលគ្នានៃកត្តាជាច្រើន ទាំងការឆ្លើយតបយ៉ាងឆាប់រហ័សរបស់រដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលនៃវីរុស តាមការរកអ្នកដែលសង្ស័យឆ្លង ការដាក់ឲ្យនៅដាច់ដោយឡែក រួម​ទាំង​ការជម្រុញការផ្សព្វផ្សាយអំពីជំងឺរាតត្បាតសកលនេះផងដែរ៕

បកប្រែដោយ Duy Hoan