ជំរុញពាណិជ្ជកម្មវៀតណាមនៅទីផ្សារឥណ្ឌានិងនេប៉ាល់
កប.អនឡាញ - នាព្រឹកថ្ងៃទី ២០ ខែឧសភា សិក្ខាសាលាតាមប្រព័ន្ធវីដេអូ ក្រោមប្រធានបទ “ការជំរុញពាណិជ្ជកម្មនៅប្រទេសឥណ្ឌា និងនេប៉ាល់តាមរយៈសហគមន៍អាណិកជនវៀតណាម” ត្រូវបានរៀបចំឡើងដោយនាយកដ្ឋានជំរុញពាណិជ្ជកម្មនៃក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម និងស្ថានតំណាងពាណិ្ជកម្មប្រចាំស្ថានទូតវៀតណាមនៅឥណ្ឌាសហការជាមួយស្ថាប័នពាក់ព័ន្ធនានា ។
    |
 |
ផលិតផលមួយចំនួនរបស់វៀតណាមត្រូវបានតាំងបង្ហាញនៅឥណ្ឌា (រូបថត៖ Vietrade) |
លោក Le Hoang Tai អនុប្រធាននាយកដ្ឋានជំរុញពាណិជ្ជកម្ម បានឱ្យដឹងថា ឥណ្ឌាជាទីផ្សារធំមួយនៅអាស៊ីខាងត្បូង និងមានប្រជាជនជិត ១,៤ ពាន់លាននាក់។ ឥណ្ឌាជាដៃគូពាណិជ្ជកម្មធំទី ១០ របស់វៀតណាម។ សម្រាប់ទីផ្សារនេប៉ាល់ ទោះបីទំហំពាណិជ្ជកម្មទ្វេភាគីនៅមានកម្រិតក៏ដោយក៏ប៉ុន្ដែការធ្វើអាជីវកម្មរបស់ភាគីទាំងពីរមានភាពស្រដៀងគ្នា។
កាលពីមុន វៀតណាមជាប្រទេសនាំចូលលើសការនាំចេញក្នុងតុល្យភាពពាណិជ្ជកម្មវៀតណាម - ឥណ្ឌា ប៉ុន្ដែតាំងពីឆ្នាំ ២០១៨ មក វៀតណាមបាននាំចេញហួសការនាំចូលក្នុងរយៈពេល ៤ ខែដើមឆ្នាំ ២០២០ វៀតណាមបាននាំចេញលើសការនាំចូលជាង ៣០០ លានដុល្លារអាមេរិក។ ទំនិញវៀតណាមជាច្រើនមានសក្តានុពលនាំចេញទៅប្រទេសឥណ្ឌាដូចជា ផ្លែស្រកានាគ ស្វាយចន្ទី ម្រេច .... ក្នុងនោះមុខទំនិញអេឡិចត្រូនិច វាយនភ័ណ្ឌ មេកានិចនៅមានឱកាសសហប្រតិបត្ដិការជាច្រើន។
នៅឯសិក្ខាសាលា វាគ្មិនទាំងឡាយបានវិភាគលើបញ្ហាជាច្រើនក្នុងទំនាក់ទំនងពាណិជ្ជកម្មវៀតណាម - ឥណ្ឌានិងនេប៉ាល់ហើយបានចែករំលែកនូវការជ្រៀតចូលនិងអភិវឌ្ឍទីផ្សារនៅឥណ្ឌានិងនេប៉ាល់សម្រាប់ផលិតផលដែលមានសក្ដានុពលរបស់វៀតណាម។ លោក Bui Trung Thuong តំណាងពាណិជ្ជកម្មវៀតណាមប្រចាំនៅឥណ្ឌាបានជូនដំណឹងអំពីស្ថានភាព និងទស្សនវិស័យនៃការនាំចេញទំនិញរបស់វៀតណាមទៅកាន់ប្រទេសឥណ្ឌានិងនេប៉ាល់។ សហគ្រាសវៀតណាមមួយចំនួនដែលកំពុងធ្វើអាជីវកម្មនៅឥណ្ឌានិងនេប៉ាល់បានផ្លាស់ប្តូរបទពិសោធន៍នៃការធ្វើអាជីវកម្មនៅទីផ្សារសំខាន់ទាំងពីរនេះ។
ទន្ទឹមនឹងនោះ សហគមន៍សហគ្រាសវៀតណាមប្រចាំនៅប្រទេសទាំងពីរនេះ រួមចំណែកយ៉ាងសំខាន់ដើម្បីទំនិញវៀតណាមចូលមកទីផ្សារឥណ្ឌានិងនេប៉ាល់។ សហគមន៍នេះក៏ជាបណ្តាញសហប្រតិបត្ដិការដ៏សំខាន់មួយសម្រាប់សហគ្រាសក្នុងស្រុកជំរុញការនាំចេញទំនិញវៀតណាមចូលទៅកាន់ទីផ្សារឥណ្ឌានិងនេប៉ាល់៕
បកប្រែដោយ Thanh Cong