វេជ្ជបណ្ឌិត "បរទេស" ធ្វើការនៅមន្ទីរពេទ្យរបស់វៀតណាម
កប.អនឡាញ - ដើម្បីជំនួសការអញ្ជើញអ្នកជំនាញបរទេសមកជួយព្យាបាលករណីជំងឺដ៏ស្មុគស្មាញនិមួយៗ ឬ អនុវត្ដបច្ចេកទេសថ្មីនោះ មន្ទីរពេទ្យមិត្តភាពវៀតណាម - គុយបា នៅទីក្រុង Dong Hoi ខេត្ដ Quang Binh ប្រទេសវៀតណាម បានសំរេចចិត្តអញ្ជើញសាស្រ្តាចារ្យ និងវេជ្ជបណ្ឌិតល្អ ៗ ពីប្រទេសគុយបា មកធ្វើការរយៈពេលវែង។ នេះគឺជាមន្ទីរពេទ្យចំណុះរដ្ឋដំបូងបង្អស់នៅទូទាំងប្រទេសដែលបានអញ្ជើញវេជ្ជបណ្ឌិតបរទេសឱ្យមកធ្វើការហើយកំពុងនាំមកនូវលទ្ធផលជាវិជ្ជមាន។
អស់រយៈពេលជាង ៥០ ឆ្នាំ ចាប់តាំងពីពេលបង្កើតមន្ទីរពេទ្យកាលពីឆ្នាំ១៩៧៣ មក បញ្ហាថែទាំសុខភាពសម្រាប់ប្រជាជននៅទីក្រុង Dong Hoi ទទួលបានការយកចិត្ដទុកដាក់យ៉ាងខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ។
    |
 |
សាស្ត្រាចារ្យ Piter Martinez Beniter នៅមន្ទីរពេទ្យមិត្តភាពវៀតណាម - គុយបា |
យោងតាមវេជ្ជបណ្ឌិត Duong Thanh Binh នាយកមន្ទីរពេទ្យមិត្តភាពវៀតណាម - គុយបា ឲ្យដឹងថា បច្ចុប្បន្ននេះសាស្រ្តាចារ្យនិងវេជ្ជបណ្ឌិតជាជនជាតិគុយបា ចំនួន ៧ នាក់-ជាអ្នកជំនាញព្យាបាលជំងឺបេះដូង ជំងឺមហារីក ជំងឺសរសៃប្រាសាទឆ្អឹងខ្នង និងរំលាយអាហារកំពុងធ្វើការនៅមន្ទីរពេទ្យ ។ វេជ្ជបណ្ឌិតគុយបា មានសមត្ថភាពនិងបទពិសោធន៍ជាច្រើនក្នុងការពិនិត្យនិងព្យាបាលជំងឺ ជាមួយគ្នានោះបានជួយបណ្តុះបណ្តាលនិងផ្ទេរបច្ចេកវិទ្យាដល់កម្មាភិបាលរបស់មន្ទីរពេទ្យ។
ធ្លាប់ធ្វើការនៅប្រទេសវេណេស៊ុយអេឡា ហ្គាតេម៉ាឡានិងប្រទេសជាច្រើនទៀត សាស្ត្រាចារ្យ Piter Martinez Beniter នៅវិទ្យាស្ថានបេះដូង និងវះកាត់បេះដូង Havana (គុយបា) មិនត្រឹមតែពិនិត្យនិងព្យាបាលជំងឺប៉ុណ្ណោះទេ ថែមទាំងគាត់បង្រៀននិងស្រាវជ្រាវវិទ្យាសាជាច្រើនទៀតផង។ ក្នុងរយៈពេលមួយឆ្នាំកន្លងមក គាត់បានវះកាត់បេះដូងជិត ៣០០ ករណី ដែលក្នុងនោះមានករណីជំងឺធ្ងន់ធ្ងរជាច្រើន។ យោងតាមសាស្រ្តាចារ្យ Piter Martinez Beniter បានឲ្យដឹងថា ក្នុងអំឡុងធ្វើការនៅប្រទេសវៀតណាម វេជ្ជបណ្ឌិតមកពីប្រទេសគុយបា បានស្រូបបទពិសោធន៍ជាច្រើនពីករណីវះកាត់ពីព្រោះជំងឺជាច្រើននៅវៀតណាមមិនដូចនៅគុយបាទេ។ លោកសង្កត់ធ្ងន់លើការធ្វើរោគវិនិច្ឆ័យលើអ្នកជំងឺ តាមរយៈនោះបង្ហាញពីបទពិសោធន៍និងទំនួលខុសត្រូវរបស់វេជ្ជបណ្ឌិតចំពោះអ្នកជំងឺដោយសន្សំសំចៃពេលវេលានិងកាត់បន្ថយថវិការព្យាបាលជូនអ្នកជំងឺ។ សាស្ត្រាចារ្យ Piter Martinez Beniter បានមានប្រសាសន៍ថា“ អ្វីដែលសំខាន់បំផុតនោះគឺត្រូវពិនិត្យសុខភាពឲ្យបានហ្មត់ចត់និងតាមជំហាន ៗ ដើម្បីផ្តល់នូវការព្យាបាលល្អបំផុតនិងបន្ថយការធ្វើតេស្តដែលមិនចាំបាច់ជាច្រើន” ។
វេជ្ជបណ្ឌិត Crescencio Aneiro Alfonso ជាអ្នកជំនាញផ្នែកសរសៃប្រសាទបានចែករំលែកថា គាត់ជាអ្នកជំនាញសុខាភិបាលម្នាក់ដែលទៅធ្វើការនៅតាមបរទេសរាប់សិបនៅលើពិភពលោក។ ប៉ុន្តែគាត់យល់ថា នៅពេលដែលគាត់មកប្រទេសវៀតណាមនិងធ្វើការនៅមន្ទីរពេទ្យមិត្តភាពវៀតណាម - គុយបា ជានិមិត្តរូបនៃសាមគ្គីភាពវៀតណាម - គុយបា គឺវាខុសឆ្ងាយពីទឹកដីដែលគាត់បានមកមុននោះ។ គាត់និងសហការីគុយបា តែងតែមានអារម្មណ៍កក់ក្តៅនិងទទួលបានការគាំទ្រនិងបង្កលក្ខណៈងាយស្រួលពីថ្នាក់ដឹកនាំ បុគ្គលិកនិងប្រជាជននៅទីនេះ។
ជារៀងរាល់ឆ្នាំ វេជ្ជបណ្ឌិតគុយបា មកលេងផ្ទះតែម្ដងប៉ុណ្ណោះ ពេលវេលាដែលនៅសល់គឺកាលវិភាគពិនិត្យសុខភាពនិងវះកាត់។ ប៉ុន្តែអ្វីដែលមានតម្លៃដែលយើងបានឃើញដោយផ្ទាល់ភ្នែកនោះគឺជាការយកចិត្ដទុកដាក់សម្រាប់អ្នកជំងឺម្នាក់ៗ ។ ទោះបីជានៅមានការលំបាកជាច្រើនក៏ដោយក៏ពួកគាត់ពិតជាមិនត្អូញត្អែរទាល់តែសោះ។ ពួកគាត់ទាំងអស់សុទ្ធតែមានបំណងចង់ជួយផ្នែកសុខាភិបាលរបស់វៀតណាម។
ដោយមានគោលនយោបាយមួយត្រឹមត្រូវនិងជំហានច្បាស់លាស់នោះ មន្ទីរពេទ្យមិត្តភាពវៀតណាម - គុយបា បានលើកកម្ពស់លទ្ធភាពនិងជំនាញរបស់ខ្លួនយ៉ាងឆាប់រហ័សដោយមិនត្រឹមតែបម្រើដល់ប្រជាជននៅមូលដ្ឋានប៉ុណ្ណោះទេ ថែមទាំងនៅតាមមូលដ្ឋានជុំវិញទៀតផង។ លោក Nguyen Duc Cuong នាយកមន្ទីរសុខាភិបាលខេត្ត Quang Binh បានមានប្រសាសន៍ថា៖“ គោលនយោបាយនេះមិនត្រឹមតែរឹតបន្ដឹងចំណងមិត្តភាពរវាងវៀតណាមនិងគុយបា ប៉ុណ្ណោះទេ ថែមទាំងជួយបណ្ដុះបណ្ដាលវិជ្ជបណ្ឌិតមានជំនាញល្អនិងជួយផ្ទេរបច្ចេកវិទ្យាទំនើបទៀតផង។ គុយបា ជាប្រទេសមួយដែលមានប្រព័ន្ធសុខាភិបាលរីកចម្រើន។ វេជ្ជបណ្ឌិតត្រូវបានបណ្តុះបណ្តាលយ៉ាងល្អ ហើយក៏ជាប្រទេសមួយបញ្ជូនវេជ្ជបណ្ឌិតទៅធ្វើការនៅប្រទេសជាច្រើននៅលើពិភពលោកផងដែរ៕
បកប្រែដោយ Pham Diep