ខេត្ត An Giang និងខេត្តកណ្តាលសហការដើម្បីការអភិវឌ្ឍលើគ្រប់វិស័យ
កប.អនឡាញ - នាថ្ងៃទី ៣១ ខែឧសភា នៅខេត្តកណ្តាល បានរៀបចំសន្និសីទបូកសរុប និងវាយតម្លៃលទ្ធផលនៃកម្មវិធីសហប្រតិបត្តិការរវាងខេត្តទាំងពីរគឺខេត្ត An Giang (វៀតណាម) និងខេត្តកណ្តាលក្នុងរយៈពេល ៦ ខែចុងក្រោយឆ្នាំ ២០២២ និងដាក់ទិសដៅនៃកិច្ចសហប្រតិបត្តិការក្នុងរយៈពេល ៦ ខែដើមឆ្នាំ២០២៣។
លោក Tran Anh Thu អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត An Giang និងលោក ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បានដឹកនាំសន្និសីទ។
នៅក្នុងសន្និសីទនេះ ក្នុងស្មារតីសាមគ្គីភាព និងមិត្តភាព ថ្នាក់ដឹកនាំខេត្ត An Giang និងខេត្តកណ្តាល បានឯកភាពលើទិសដៅ និងភារកិច្ចនៃកិច្ចសហប្រតិបត្តិការក្នុងរយៈពេល ៦ ខែដើមឆ្នាំ២០២៣ ដោយមានខ្លឹមសារសំខាន់ៗដូចជា៖ ការអនុវត្តសន្ធិសញ្ញា កិច្ចព្រមព្រៀង ពិធីសារ សេចក្តីថ្លែងការណ៍រួម និងច្បាប់នៃប្រទេសទាំងពីរ វៀតណាម និងកម្ពុជា។ កងកម្លាំងមានសមត្ថកិច្ចតាមខ្សែបន្ទាត់ព្រំដែន បន្តសម្របសម្រួល ធានាស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់ ទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ស្វែងរក និងជួយសង្គ្រោះជនរងគ្រោះដោយគ្រោះធម្មជាតិ និងអគ្គីភ័យនៅតំបន់ព្រំដែន ចូលរួមចំណែកពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការមិត្តភាពរវាងវៀតណាម និងកម្ពុជា និងរវាងប្រជាជននៃខេត្តទាំងពីរ។ ជំរុញការឃោសនាផ្សព្វផ្សាយ ដល់ប្រជាជននៃប្រទេសទាំងពីរយល់ និងជួយគាំទ្រការបោះបង្គោលព្រំដែន ចូលរួមការពារបង្គោលព្រំដែនដែលបានបញ្ចប់ និងច្បាប់ពាក់ព័ន្ធនឹងការផលិត ការធ្វើអាជីវកម្ម និងសកម្មភាពប្រចាំថ្ងៃនៃប្រទេសទាំងពីរ។
|
|
ថ្នាក់ដឹកនាំខេត្ត An Giang និងខេត្តកណ្តាល ជូនវត្ថុអនុស្សាវរីយ៍ដល់គ្នាទៅវិញទៅមក (រូបថត៖ baoangiang.com.vn) |
ទន្ទឹមនឹងនោះ បន្តអនុវត្តកម្មវិធីសហប្រតិបត្តិការលើវិស័យកសិកម្ម ផ្លាស់ប្តូរគណៈប្រតិភូដើម្បីចែករំលែកបទពិសោធន៍ និងជួយបច្ចេកទេសលើការដាំដុះស្រូវ និងបន្លែ ការចិញ្ចឹមសត្វ ផ្តល់ព័ត៌មានអំពីការការពារបរិស្ថាន ការគ្រប់គ្រងប្រភពទឹក។ល។
ភាគីទាំងពីរបន្តគាំទ្រគ្នាទៅវិញទៅមកក្នុងសកម្មភាពជំរុញពាណិជ្ជកម្ម រៀបចំការតាំងពិព័រណ៍ពាណិជ្ជកម្ម តភ្ជាប់ពាណិជ្ជកម្ម រៀបចំមណ្ឌលតាំងបង្ហាញ និងលក់ផលិតផលរបស់សហគ្រាសក្នុងខេត្តទាំងពីរ។ ជាពិសេស បន្តសហការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកម្មវិធីប្រមូលអដ្ឋិធាតុនៃកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាម ដែលពលីនៅកម្ពុជា។
ខេត្ត An Giang និងខេត្តកណ្តាល ក៏អនុវត្តកម្មវិធីសហប្រតិបត្តិការលើវិស័យកសិកម្ម ពាណិជ្ជកម្ម វប្បធម៌ កីឡា អប់រំ សុខាភិបាល ដឹកជញ្ជូន ដីធ្លី និងនគរូបនីយកម្ម ព្រមទាំង ពង្រឹងទំនាក់ទំនងមិត្តភាពរវាងរណសិរ្ស អង្គការមហាជននៅស្រុកជាប់ព្រំដែន៕
បកប្រែដោយ Thanh Cong