សង្គ្រោះអ្នកជំងឺជាប្រជាពលរដ្ឋកម្ពុជា រងការគាំងបេះដូងចេញផុតពីមាត់ជ្រោះមរណៈ
កប.អនឡាញ - យោងតាមលោកវេជ្ជបណ្ឌិត Ngo Huy Bao ប្រធានផ្នែកជំងឺបេះដូង - មន្ទីរពេទ្យពហុព្យាបាល Xuyen A Tay Ninh អ្នកជំងឺត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងស្ថានភាពគាំងបេះដូង ស្ទះផ្លូវដង្ហើម ជីពចរមិនអាចរកឃើញបាន សម្ពាធឈាមមិនអាចវាស់បាន...។
ដោយទទួលករណីអ្នកជំងឺមានអាការៈធ្ងន់បែបនេះ ក្រុមការងារទទួលប្ទុកការសង្គ្រោះបន្ទាន់បានជូនដំណឹងជាបន្ទាន់ដល់មន្ទីរពេទ្យ ទន្ទឹមនឹងនោះបានធ្វើការសង្គ្រោះបេះដូង និងសួតក្នុងពេលដំណាលគ្នា និងឱ្យប្រើថ្នាំឯកទេស...
បន្ទាប់ពីការជួយសង្គ្រោះជាបន្ទាន់យ៉ាងយកចិត្តទុកដាក់ក្នុងរយៈពេលប្រហែល ១៥ នាទីនោះ បេះដូងរបស់អ្នកជំងឺបានបង្ហាញពីសញ្ញានៃការវិលត្រឡប់មកវិញ ប៉ុន្តែចង្វាក់បេះដូងមិនទាន់ប្រក្រតីនៅឡើយ។ វេជ្ជបណ្ឌិតមន្ទីរពេទ្យបានព្យាយាមរក្សាចង្វាក់បេះដូង សម្ពាធឈាម បន្តប្រើថ្នាំជួយសម្រួលសរសៃឈាមកម្រិតខ្ពស់។
លោកវេជ្ជបណ្ឌិត Bao បាននិយាយថា "តាមរយៈការពិគ្រោះយោបល់ជាបន្ទាន់ជាមួយអ្នកឯកទេស យើងបានកំណត់ថានេះគឺជាករណីនៃជំងឺគាំងបេះដូងស្រួចស្រាវ ស្ទះសរសៃឈាម ដូច្នេះយើងខ្ញុំបានឯកភាពលើការធ្វើអន្តរាគមន៍សរសៃឈាមបេះដូង" ។
    |
 |
ក្រុមវេជ្ជបណ្ឌិតធ្វើការជួយសង្គ្រោះអ្នកជំងឺជាបន្ទាន់ |
បន្ទាប់ពីការអន្តរាគមន៍សម្រួលឱ្យសរសៃឈាមបេះដូងមានសញ្ញាវិជ្ជមានឡើងវិញនោះ អ្នកជំងឺបានមានអាការៈល្អជាបណ្តោះអាសន្ន។ បន្ទាប់មកអ្នកជំងឺត្រូវបានបញ្ជូនទៅផ្នែកថែទាំសុខភាពដើម្បីបន្តការតាមដាន ព្យាបាល ថែទាំយ៉ាងយកចិត្តទុកដាក់ពីគ្រូពេទ្យ។ បន្ទាប់ពីការជួយសង្គ្រោះ ដេកព្យាបាលយ៉ាងយកចិត្តទុកដាក់រយៈពេលមួយសប្តាហ៍ អ្នកជំងឺបានដឹងខ្លួនឡើងវិញ មានសញ្ញាវិជ្ជមាន ស្ថិរភាព សុខភាពត្រូវបានងើបឡើងវិញ ហើយត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ។
លោកវេជ្ជបណ្ឌិត Huy បាននិយាយថា ករណីស្ទះសរសៃឈាមភាគច្រើនដែលមន្ទីរពេទ្យបានទទួលនោះគឺមានអាការៈជំងឺសរសៃឈាម បេះដូង ជាពិសេសជំងឺខ្សោយបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល។ ក្នុងនោះជំងឺគាំងបេះដូងគឺជាជំងឺដ៏គ្រោះថ្នាក់ដែលមានហានិភ័យស្លាប់ខ្ពស់ដោយសារការស្ទះសរសៃឈាមភ្លាមៗនាំឱ្យគាំងបេះដូង។
ពេលវេលាមាសក្នុងការព្យាបាលជំងឺគាំងបេះដូងស្រួចស្រាវគឺ ១២ ម៉ោងដំបូងនៃការចាប់ផ្តើម។ ដូច្នេះហើយ វេជ្ជបណ្ឌិតណែនាំថា អ្នកណាដែលមានសញ្ញាឈឺទ្រូង ដកដង្ហើមខ្លី ឈឺដើមទ្រូងខុសពីធម្មតា មិនត្រូវតែមើលស្រាលទេ ត្រូវប្រញាប់ទៅមន្ទីរពេទ្យដែលនៅជិតបំផុតដើម្បីពិនិត្យ វិនិច្ឆ័យ និងព្យាបាលឱ្យបានទាន់ពេលវេលា។
អ្នកជំងឺដែលមានជាតិខ្លាញ់ក្នុងឈាម លើសឈាម ជំងឺបេះដូង ទឹកនោមផ្អែម អាយុចាស់ជាដើម ត្រូវប្រកាន់ខ្ជាប់នូវរបបព្យាបាល និងត្រូវពិនិត្យសុខភាពជាប្រចាំ៕
បកប្រែដោយ Minh Trung